ភ្នំពេញៈ កម្ពុជា និង​ថៃ ប្រកាស​ប្តេជ្ញា​ធ្វើការ​ជាមួយគ្នា​ឱ្យ​បាន​ជិតស្និទ្ធ​បន្ថែមទៀត​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ក៏ដូចជា​ជំរុញ​ការតភ្ជាប់ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅតាម​ព្រំដែន​។

ការប្រកាស​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៨ ធ្នូ នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ ៣ ​ថ្ងៃ ពីថ្ងៃ​ទី​ ១៦ ​ដល់​ថ្ងៃទី​ ១៨ ធ្នូ​។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅលើ​វិស័យ​ជាច្រើន ដូចជា ពាណិជ្ជកម្ម និង​ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។ រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​តំបន់​ដែលជា​ចំណាប់​អារម្មណ៍​រួម​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២១ ធ្នូ បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ ​បាន​រីករាយ​ចំពោះ​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ ដែល​បាន​ផ្ដល់​ឱ្យ​គ្នា​ទៅវិញទៅមក ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ រួម​ទាំង​ការផ្ដល់​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បាន​នូវ​វ៉ាក់សាំង​កូវីដ-១៩ និង​ការថែទាំ​សុខភាព​។ ភាគី​ទាំង​ ២ ក៏បាន​ឯកភាព​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ក៏ដូចជា​ជំរុញ​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​នៅតាម​ព្រំដែន​»​។

លោក ប្រាក់ សុខុន បាន​ថ្លែង​កោតសរសើរ រដ្ឋាភិបាល​ថៃ​ដែល​បាន​អនុញ្ញាត​ដល់​ពលករ-កម្ពុជា​ដែលមាន​បណ្ណ​ពលករ-កម្ពុជា​នៅ​បរទេស និង​ឯកសារ​ធ្វើ​ដំណើរ​ដែល​អស់​សុពល​ភាព​អាច​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។

ប្រភព​ដដែល​បន្តថា​៖ «​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការឆ្លើយតប​ទាន់ពេលវេលា និង​សម្រួល​ដល់​ការធ្វើ​មាតុភូមិ​និវត្តន៍ ការសម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​ការធ្វើ​ចត្តាឡីស័ក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​អំឡុងពេល​ការផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​កូវីដ​ ១៩»​។

លើសពីនេះ​ភាគី​ទាំង​ ២ បាន​ឯកភាព​ជំរុញ​បន្ថែមទៀត​នូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ ២ ក៏ដូចជា​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការតភ្ជាប់ និង​ព្រំដែន​នៃ​មិត្តភាព​។

ភាគី​ទាំង​ ២ ក៏បាន​ជំរុញ​ការបណ្តុះបណ្តាល និង​ការចែករំលែក​ព័ត៌មាន​ក្នុង​វិស័យ​សន្តិសុខ ការកាប់​ឈើ​ខុសច្បាប់ គ្រឿងញៀន ការជួញដូរ​អាវុធ និង​ការជួញដូរ​មនុស្ស​នៅតាម​ព្រំដែន​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​ក្រោម​ក្របខ័ណ្ឌ​តំបន់ និង​ពហុភាគី​។ ឯកឧត្តម ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ដល់​ប្រទេស​ថៃ ចំពោះ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ASEM13 និង​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ ខាងមុខ​»​។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក ដន ប្រាម៉ាត់វិណៃ កាលពី​ថ្ងៃទី​ ១៧ ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​លើកសរសើរ​យ៉ាងខ្លាំង ចំពោះ​ទំនាក់ទំនង​មិត្តភាព​​ជា​ប្រពៃណី​ និង​កិច្ចសហប្រតិបត្តិការ​កាន់តែ​រីកចម្រើន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២១ ធ្នូ ថា ការប្រកាស​ប្តេជ្ញា​រវាង​ភាគី​ទាំង​ ២ ​នេះ​គឺជា​រឿង​ល្អ​ប្រសិនបើ​ភាគី​ទាំង​ ២ មាន​សុច្ឆន្ទៈ​ពិតប្រាកដ ហើយ​ធ្វើ​សកម្មភាព​ជាក់ស្តែង ពីព្រោះ​បញ្ហា​តំបន់ បញ្ហា​ពិភពលោក ក៏ដូចជា​បញ្ហា​រវាង​ប្រទេស​កម្ពុជា និង​ថៃ គឺ​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​បាន​ល្អ​ ពីព្រោះ​បញ្ហា​មិនមាន​ព្រំដែន​នោះទេ​។

លោក​ថ្លែងថា​៖ «​ការសហការ​គ្នា​រវាង​ប្រទេស​ជិតខាង ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ហ្នឹង គឺជា​រឿង​មួយ​សំខាន់​។ តាមរយៈ​ការប្តេជ្ញា​ចិត្ត​នេះ យើង​សង្ឃឹមថា កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២ ​ហ្នឹង​កាន់តែ​ប្រសើរឡើង ពីព្រោះ​ទាំង​ថៃ​ទាំង​កម្ពុជា យើង​អ្នកជិតខាង​តែងតែ​ត្រូវការ​ការគាំទ្រ ការសហការ​គ្នា​ល្អ​ទើប​មាន​ការរីកចម្រើន​ទាំងអស់​គ្នា​»៕