ភ្នំពេញៈ ​អភិបាល​រាជធានី-ភ្នំពេញ​ជំរុញ​ឱ្យ​កងកម្លាំង​ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ក្រោយពី​រដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ ជាពិសេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល​នាពេល​ខាងមុខនេះ​។

ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​តាម​អនឡាញ​ជាមួយ​នឹង​កងកម្លាំង មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ នៅ​សាលារាជធានី​ភ្នំពេញ ពី​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១​។

នៅក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួង ស្រេង អភិបាល​រាជធានី-ភ្នំពេញ​បានលើកឡើង​ថា ថ្មីៗ​​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើងវិញ​។

បន្ថែម​ពីនេះ​ក៏បាន​សម្រេច​បិទបញ្ចប់​ “​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​” ​ដែល​ធ្វើឱ្យ​សកម្មភាព​អាជីវកម្ម​នានា​វិល​មករក​ភាពប្រក្រតី​វិញ​។

ទន្ទឹមនេះដែរ លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​ ១៤ ​ខណ្ឌ ត្រូវ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​នាឱកាស​ពិធីបុណ្យ​ណូអែល​​ និង​បុណ្យចូលឆ្នាំ​សកល​ដែល​ខិតជិត​មកដល់​។

លោក​ថា​៖ «​ដូច្នេះ​រាល់​សកម្មភាព​នានា​វា​នឹង​កើតឡើង​វិញ​​ទាំង​បទល្មើស​ផ្សេងៗ​ទាំង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ទាំង​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​។ ដូច្នេះ កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ពង្រឹង​ឡើងវិញ ពិសេស​បង្ក្រាប​ឱ្យបាន​នូវ​បទល្មើស​ផ្សេងៗ ដូចជា បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម​​ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​​សុវត្ថិភាព​ជូន​បងប្អូន​ពលរដ្ឋរ​បស់​យើង​»​។

លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​បុណ្យ​ចូលឆ្នាំ​សកល អាជ្ញាធរ​ខណ្ឌ​ក៏ដូចជា​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ត្រូវ​រាយការណ៍​ពី​គោលដៅ​កកស្ទះ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​បើ​ដោះស្រាយ​មិន​ចេញ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​-​ភ្នំពេញ ដើម្បី​ដោះស្រាយ​។

លោក​ថា​៖ «​ពិធីបុណ្យ​ចូលឆ្នាំ​សកល​នេះ​បងប្អូន​ពលរដ្ឋ​​នឹង​សម្រុក​ចាកចេញ​ពី​លំនៅឋាន​ ដើម្បី​ឆ្លង​ឆ្នាំ​ដែល​វា​នឹងធ្វើ​​ឱ្យ​តំបន់​ប្រឈម​មួយចំនួន​កកស្ទះ​ចរាចរណ៍ ដូច្នេះ​ក្នុងនាម​យើង​ជា​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ពលរដ្ឋ​ ដើម្បី​ឱ្យ​ពួកគាត់​បាន​សប្បាយរីករាយ​»​។

ស្នងការ​នគរបាល​រាជធានី-ភ្នំពេញ​លោក ស ថេត បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះដែរ​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​ខាងមុខ​សមត្ថកិច្ច​នឹង​ប្រើ​កម្លាំង​សរុប​ចំនួន​ ១ ១៦៥ ​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នេះ លោក​ស្នងការ​បាន​សរសើរ​លោក ឃួង ស្រេង ដែល​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ដោយ​តែង​​ចុះ​ផ្ទាល់​ដល់​ទីតាំង​ត្រួតពិនិត្យ​​តាម​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ធឹម សំអាន អភិបាលខណ្ឌ​បឹងកេងកង ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា រដ្ឋបាល​ខណ្ឌ​របស់​លោក​បានដាក់​កម្លាំង​ការពារ​ ២៤ ​ម៉ោង ទាំង​ប៉ូលិស ប៉េអឹម រួមទាំង​ប្រជា​ការពារ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ និង​ការសម្រួល​ចរាចរណ៍​ជាដើម​។

លោក​ថា​៖ «​និយាយ​រួម​ក្រុមការងារ​ខ្ញុំ ប្រចាំការ​ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង បម្រើ​ការងារ​ជូន​ពលរដ្ឋ នៅពេល​មាន​ការរាយការណ៍​ទាក់ទង​នឹង​អសន្តិសុខ ឬ​ហេតុការណ៍​អី​មួយ យ៉ាង​យូរ ១៥ ​នាទី​ទៅដល់​កន្លែង​កើតហេតុ ​ព្រោះ​រាល់​ការការពារ​សន្តិសុខ​គឺជា​ភារកិច្ច​របស់ខ្ញុំ​ដែលជា​គណៈ​អភិបាល​នៅ​ខណ្ឌ​»​។

លោក​ឱ្យដឹង​ដែរ​ថា សម្រាប់​​បទល្មើស​ផ្សេងៗ​ដូចជា លួច ឆក់ ប្លន់ ឬ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ក្នុង​ខណ្ឌ​របស់លោក​​ពុំ​សូវ​មាន​ទេ តែ​ភាគច្រើន​ជា​អាជីវកម្ម​បើកហាង​ហូបចុក​​ដែល​បង្ក​ការរំខាន​ដល់​ការស្នាក់នៅ​របស់​ពលរដ្ឋ​៕