ភ្នំពេញៈ «​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​» ​ត្រូវ​បាន​លើក​មក​ពិភាក្សា​គ្នា​រវាង​ក្រសួងយុត្តិធម៌​កម្ពុជា​ និង​ក្រសួងយុត្តិធម៌​កូរ៉េ ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ UNCITRAL ​ដើម្បី​ចែករំលែក​បទពិសោធ​អំពី​ការអនុវត្ត​ល្អៗ និង​ការរៀបចំ​បទដ្ឋាន​គតិយុត្ត ស្តីពី​យន្តការ​នេះ​នៅ​កម្ពុជា ខណៈ​កម្ពុជា​កំពុង​រៀបចំ​ឱ្យ​ទៅ​ជា​គោលនយោបាយ​ជាតិ​។

ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងយុត្តិធម៌​កម្ពុជា និង​កូរ៉េ​ដោយ​មាន​ការគាំទ្រ​ពី​ UNCITRAL លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំនេះ​បាន​ដឹកនាំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​​អនឡាញ​រួមគ្នា ជាមួយ​ក្រសួង​យុត្តិធម៌-កូរ៉េ ស្តីអំពី​វឌ្ឍនភាព​នៃ​ការតាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត ស្តីពី​សន្ធានកម្ម​ (​ការសម្រុះសម្រួល​) ​លើ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​។

លោក​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២១ ធ្នូ​ថា សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នៃ​កិច្ចសហប្រតិបត្តិការ​វាង​ក្រសួងយុត្តិធម៌​កម្ពុជា និង​ក្រសួង​យុត្តិធម៌​កូរ៉េ​ដែល​​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ UNCITRAL ដើម្បី​ចែករំលែក​បទពិសោធ និង​រៀនសូត្រ​ពីគ្នា​អំពី​ការអនុវត្ត​ល្អៗ និង​ការរៀបចំ​បទដ្ឋាន​គតិយុត្ត​ស្តីពី​សន្ធានកម្ម នៅ​ប្រទេស​កម្ពុជា កូរ៉េ និង​ប្រទេស​វៀតណាម រួមទាំង​ការអនុវត្ត​ជា​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​បានរៀបចំ​សិក្ខាសាលា​រួមគ្នា​ជាច្រើន ទាំង​នៅ​កូរ៉េ​ផង ទាំង​នៅ​កម្ពុជា​ផង ក៏ប៉ុន្ដែ​ដោយសារ​ស្ថានភាព​កូវីដ​ ១៩ យើង​ជួបគ្នា​ផ្ទាល់​អត់​កើត យើង​ក៏​ជួប​​ប្រជុំគ្នា​តាម​អនឡាញ​»​។

លោក​ថា​៖ «​លើក​នេះ​គឺ​យើង​ផ្ដោត​​លើ​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​បទពិសោធ​រវាង​ប្រទេស​កូរ៉េ ហើយ​និង​កម្ពុជា និង​ប្រទេស​វៀតណាម រួមទាំង​ការអនុវត្ដ​ជា​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​»​។

បើតាម លោក ម៉ាលីន សិក្ខាសាលា​នេះ​មាន​វាគ្មិន​ជំនាញ​មកពី​អង្គការ​​សហប្រជាជាតិ ប្រទេស​វៀតណាម ប្រទេស​កូរ៉េ ដោយ​បាន​ធ្វើ​បទបង្ហាញ​​ចែករំលែក​បទពិសោធ​ពីគ្នា​ទៅវិញ​ទៅមក និង​ពិភាក្សា​គ្នា​លើ​មេរៀន​នៃ​ការអនុវត្ត​យន្តការ​នេះ​។

លោក​បន្តថា​៖ «​សម្រាប់​កម្ពុជា​យើង​​ដែល​យើង​កំពុង​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​យើង​អាច​រៀនសូត្រ​ពី​​គេ​បាន ហើយ​យើង​អាច​យក​មក​កែច្នៃ​យ៉ាងម៉េច​ឱ្យស្រប​តាម​បរិបទ​របស់​កម្ពុជា និង​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​»​។

ស្រដៀង​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់​បាន​លើកឡើង​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ពិធី​សម្ពោធ​អគារ​មណ្ឌល​ទទួល​ពលករ​កំរៀង នៅ​ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ ដោយ​លោក​ចង់ឃើញ រាជធានី-ខេត្ត​ទាំងអស់​បន្ត​អនុវត្ត​ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រពន្ធ័​តុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែងថា​៖ «​តុលាការ​យើង​ចៀស​មិន​ផុត​ទេ កាលណា​មានរឿង​អី​ទំនាស់​គ្នា​ចៀស​មិន​ផុត​ទេ ប៉ុន្ដែ​បើ​ចេះ​ដោះស្រាយ​គ្នា សម្របសម្រួល​គ្នា ក្រៅ​ប្រព័ន្ធតុលាការ ប្រហែល​ជា​ឆាប់​ជាង ហើយ​អស់​លុយ​អស់​កាក់​តិចជាង​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ចង់​និយាយថា ទៅ​តុលាការ​សូកប៉ាន់ សូកអី​ទេ ចង់​និយាយថា ធ្វើដំណើ​ចុះឡើង ហើយ​បើ​ថា ឥឡូវ​សាលាឧទ្ធរណ៍​គេ​បង្កើត​ទៅតាម​ភូមិភាគ​។ ​ពីមុនមក​សាលាឧទ្ធរណ៍​នៅ​ភ្នំពេញ​ឯនោះ អ៊ីចឹង​បើ​ចង់​ប្ដឹង​ឧទ្ធរណ៍ ត្រូវ​ទៅ​ភ្នំពេញ ទៅ​ភ្នំពេញ​ត្រូវ​រក​កន្លែងដេក​ផង កន្លែង​បាយទឹក​ផង មធ្យោបាយ​ធ្វើដំណើ​ផង ចុះឡើង​ម្ដង​ជា​ ២ ​ដង ទម្រាំ​ដឹង​ចាញ់-ឈ្នះ​។ ​បើ​ឈ្នះ​មិនសូវ​អី​ទេ តែបើ​ចាញ់​អស់​បណ្តោយ​។ អ៊ីចឹង​បាន​ថា អា​ដោះ​នៅនឹង​កន្លែង​នេះ បើ​ដោះ​បាន​ដោះ​ទៅ​ប៉ុន្ដែ​ដោះ​ឱ្យ​ស្រុះស្រួល​គ្នា​»​។

បើតាម​ក្រសួង​យុត្ដិធម៌​បច្ចុប្បន្ននេះ​​នៅ​កម្ពុជា​មិនទាន់​មាន​ក្របខ័ណ្ឌ​ច្បាប់​ដែល​បង្កើតឡើង​សម្រាប់​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅឡើយ​។

ម្យ៉ាងទៀត​ក៏​មិនទាន់​មាន​ស្ថាប័ន​ជាតិ​ណាមួយ​ដែល​បង្កើតឡើង​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សន្ធានកម្ម​ឱ្យបាន​ទូលំទូលាយ​ទៅតាម​វិស័យ​ជំនាញ​នីមួយៗ​ដែរ​។

ក្រសួង​បញ្ជាក់ថា ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្រសួង​យុត្តិធម៌​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​សេចក្តី​សម្រេច​លេខ​ ១៣ ចុះ​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២០ ដែលមាន​បេសកកម្ម តួនាទី និង​ភារកិច្ច សម្របសម្រួល​រាល់​សកម្មភាព​នានា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។

ក្រសួង​បញ្ជាក់ទៀតថា ក្រុមការងារ​បច្ចេកទេស​ក្រសួងយុត្តិធម៌ ក្រោម​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​អង្គការ​អុកស្វាម​កម្ពុជា បាន​សិក្សា​រៀបចំ​នូវ​ឯកសារ​ទស្សនា​ទាន​ស្តីពី​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ ​គិត​មកទល់​បច្ចុប្បន្ន​នេះ ក្រុមការងារ​បច្ចេកទេស​ក្រសួងយុត្តិធម៌​សម្រេច​បាន​នូវ​ការរៀបចំ​សេចក្ដី​ព្រាង​ឯកសារ​ទស្សនាទាន​នេះ ដែល​កើតចេញពី​ការសិក្សា​ស្រាវជ្រាវ​លើ​អត្ថបទ​ច្បាប់​ជាតិ-អន្តរជាតិ ៕