ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​រយៈពេល​ ២ ​ថ្ងៃ នៅ​ចុងខែ​ធ្នូ​នេះ ដែល​មន្ត្រី​អះអាង​ថា សន្និបាត​នេះ​នឹង​ផ្ដោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​ធ្លាប់​ជួបប្រទះ ដើម្បី​ចៀសវាង​ការធ្វើ​បទអន្តរាគមន៍ ដោយ​ការអាន​របាយការណ៍​របស់​ខ្លួន​ទាំងស្រុង​។

កាលពី​ថ្ងៃទី​ ២០ ខែវិច្ឆិកា លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ នា​ទីស្តីការ​ក្រសួង​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ចំណុះ​ទាំងអស់​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​បញ្ជាក់​ថា​៖ «​ពិធីសន្និបាត​នេះ គ្រោង​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៦-២៧ ខែមករា ឆ្នាំ​ ២០២២ ដោយ​មាន​សមាសភាព​អញ្ជើញ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ជាមួយ​នឹង​ការប្រកាន់​ខ្ជាប់​តាម​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក​ តូច ចាន់កុសល ថ្លែង​ក្នុងឱកាស​នោះ​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង ដើម្បី​ពិភាក្សា​អំពី​តួនាទី និង​ភារកិច្ច​របស់​សមាជិក-សមាជិកា​គណៈកម្មការ​ត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ ក៏ដូចជា​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ សំដៅ​កំណត់​នូវ​ចំណុចខ្លាំង ចំណុចខ្សោយ និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដើម្បីឱ្យ​សន្និបាត​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​ការគ្រោងទុក​។

ក្នុង​ឱកាស​នោះ លោក​ក៏បាន​ជំរុញ​ឱ្យ​អនុគណៈកម្មការ​បទអន្តរាគមន៍ រៀបចំ​សេចក្តី​ព្រាង និង​ជ្រើសរើស​ប្រធានបទ​សម្រាប់ សន្និបាត​ឱ្យបាន​សមស្រប​ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ បន្ថែម​ពីនេះ លោក​ក៏បាន​ស្នើឱ្យ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដែល​ត្រូវ​ឡើង​ធ្វើបទ​អន្តរាគមន៍​ក្នុង​សន្និបាត ត្រូវ​ផ្ដោត​ជាសំខាន់​ទៅលើ​បញ្ហា​ប្រឈម និង​សំណូមពរ ដើម្បី​ចៀសវាង​ការធ្វើ​បទអន្តរាគមន៍​ដោយ​ការអាន​របាយការណ៍រ​បស់​ខ្លួន​ទាំងស្រុង​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សមាជិក-សមាជិកា​អនុគណៈកម្មការ​ទាំងអស់​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ ដើម្បី​ឱ្យ​ពិធី​សន្និបាត​របស់​ក្រសួង​មានដំណើរ​ការប្រកប​ដោយ​ជោគជ័យ​យ៉ាង​រលូន​»​។

យោងតាម​របាយការណ៍​របស់​លោក​ សឿន ប៊ុនលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ និង​គោលនយោបាយ​បាន​ឱ្យ​ដឹងថា វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​របាយការណ៍​បូកសរុប​ការងារ​សម្រាប់​សន្និបាត គិត​រហូត​មកទល់​ពេល​នេះ សម្រេច​បាន ៦៥% ​ហើយ​។ លោក សឿន ប៊ុនលី ក៏បាន​អះអាង​ដែរ​ថា ជាមួយ​នឹង​សមិទ្ធផល​ទាំងនេះ ក្រុមការងារ​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​យ៉ាង​យកចិត្ត​ទុកដាក់ និង​ការទទួល​ខុសត្រូវ​ខ្ពស់​តាមបណ្តា​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​របស់​ក្រសួង​៕