ភ្នំពេញៈ ប្រធាន​គណបក្ស​នយោបាយ​ម្នាក់​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និង​មនុស្ស​ ១៤ ​នាក់​ត្រូវបាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​តាម​គោលដៅ​ដោយឡែក​ពីគ្នា ទាក់ទង​ជាមួយ​នឹង​​អំពើ​ប្លន់​ប្រដាប់អាវុធ​ ១ ​ករណី កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ​ ២០២១ ​ចំណុច​ផ្ទះ​វីឡា​លេខ​ V01 ស្ថិតក្នុង​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែល​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកលក់​ផលិតផល តាម Online និង​មាន​ងារ​ជា​ឧកញ៉ា ឈ្មោះ អ៊ាន សៀវម៉ី​។

ករណី​ប្លន់​នោះ​ត្រូវបាន​​ឧកញ៉ា​ដែល​ជា​ស្ត្រី​រងគ្រោះ អះអាង​ថា​បាន​បាត់បង់​នូវ​គ្រឿងអលង្ការ​មួយ​ចំនួន​រួមទាំង​ទូរស័ព្ទ​ដៃ I-phone ចំនួន​ ២ ​គ្រឿង​គិត​ជា​ទឹកប្រាក់ សរុប​ជិត​ ២ ​លាន​ដុល្លារ​អាមេរិក​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​ ២១ ខែធ្នូ ថា ក្រោយពី​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ស្រាវជ្រាវ​ភ្លាមៗ ដើម្បី​ស្វែងរក​មុខ​សញ្ញា​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនោះ​។

លោក​បាន​អះអាង​ថា លុះ​មកដល់​វេលា​ម៉ោង​ ១០ ​យប់​ថ្ងៃទី​ ២០ ​ខែធ្នូ ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រទះឃើញ​រថយន្ត​ទំនើប​មួយគ្រឿង ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុងពេល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ជនរងគ្រោះ​ក៏​បាន​នាំគ្នា​ដេញតាម​ចាប់ ប៉ុន្តែ​ដោយ​យប់​ងងឹត ក្រុម​ជនសង្ស័យ​បាន​បើក​គេចខ្លួន​ដល់​ចំណុច​មាន​គម្ពោត​ព្រៃ​មួយកន្លែង ក៏​នាំគ្នា​ឈប់​រត់​ចូល​ទៅ​ពួន​ក្នុងព្រៃ ដោយ​ទុក​ឡាន​ចោល​នៅលើ​ដងផ្លូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​មួយសន្ទុះ​ក្រោយមក គឺ​វេលា​ម៉ោង​ ១០:៣០ ​នាទី​យប់ ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​រុករក​ជនសង្ស័យ​នៅក្នុង​ព្រៃ​នោះ​ដោយ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​។ បន្ទាប់មក​នៅវេលា​ម៉ោង​ ៣ ​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី​ ២១ ខែធ្នូ សមត្ថកិច្ច​យើង​ក៏​ចាប់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ទៀត​»​។

សកម្មភាព​សមត្ថកិច្ច​ព័ទ្ធ​ឆែក​ផ្ទះ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង​។ រូបថត នគរបាល

លោក សុខសីហា ថ្លែងថា ជនសង្ស័យ​ទាំង​ ២ គឺជា​អ្នកធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ឧកញ៉ា អ៊ាន សៀវម៉ី ដោយផ្ទាល់​នៅក្នុង​ថ្ងៃកើតហេតុ​នោះ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ ២ រួមទាំង​វត្ថុតាង​រថយន្ត​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ត្រូវបាន​បញ្ជូន​មក​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​ជា​ប្រយោជន៍​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​នេះ ដើម្បី​ចាប់ខ្លួន​បញ្ជូន​ឱ្យ​តុលាការ​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​។

ដោយឡែក ដោយ​យោងតាម​របាយការណ៍​ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ Facebook ផ្លូវការ​របស់​កងរាជអាវុធហត្ថ​រាជធានី-ភ្នំពេញ​បាន​ឱ្យ​ដឹង​ផងដែរ​ថា​ក្រុម​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​ដែរ រហូត​ឈាន​ដល់​ការកំណត់​បាន​ទីតាំង​សម្បុក​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​ទាំងនោះ ហើយ​បាន​សម្រុកចូល​បង្ក្រាប​ចាប់បាន​មនុស្ស​ ១២ ​នាក់​ថែមទៀត រួមទាំង​មេខ្លោង​កាលពី​យប់​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១​។

របាយការណ៍​ព័ត៌មាន​នេះ​បាន​បង្ហាញថា នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចោរប្លន់​ប្រដាប់​អាវុធ​នេះ កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​រាជធានី-ភ្នំពេញ​ដឹកនាំ​ផ្ទាល់​ដោយ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ដឹកនាំ​កងកម្លាំង​ក្នុង​ការស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​ទីតាំង​សម្បុក​ចោរ​ប្រដាប់អាវុធ​ដែលជា​ភូមិគ្រឹះ​ដ៏ធំ​មួយ​ស្ថិតក្នុង​បុរី​ប៉េងហួត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ក្បែរផ្លូវ​ ៦០ ​ម៉ែត្រ ហើយ​បាន​ចូលទៅ​បង្ក្រាប​ចាប់​ជនសង្ស័យ​ជា​មេខ្លោង​រៀបចំ​ផែនការ​ប្លន់​ម្នាក់​ឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរក្រោក និង​បក្ខពួក​ ១២ ​នាក់​ផ្សេងទៀត ក្នុងនោះ​មាន​ស្រី​ ៣ ​នាក់ ព្រមទាំង​រឹបអូស វត្ថុតាង​គ្រឿងអលង្ការ​មួយចំនួន និង​រឹបអូស​អាវុធ​ខ្លី​ ៤ ​ដើម និង វែង​ ១ ​ដើម​។

សមត្ថកិច្ច​នាំខ្លួន​ជនសង្ស័យ​ចេញពី​ផ្ទះ​ពីថ្ងៃ​ទី​ ២០ ធ្នូ​។ រូបថត នគរបាល

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ព្រឹក​ថ្ងៃទី​ ២១ ខែធ្នូ​ថា​៖ «​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​នេះ សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​យើង ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​មួយចំនួនទៀត​មែន​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​រូបនេះ​ជា​មេខ្លោង ឬ ជា​អ្នកផ្ដើម​គំនិត​យ៉ាងណា​នោះ ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ទេ ព្រោះ​សមត្ថកិច្ច​យើង​កំពុង​អនុវត្ត​នីតិវិធី​ស៊ើបសួរ​នៅឡើយ​»​។

លោក រ័ត្ន ស្រ៊ាង បាន​អះអាង​នៅ​រសៀល​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២១ ថា​នៅ​ចំពោះមុខ​សមត្ថកិច្ច លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរក្រោក​បាន​សារភាពថា គាត់​ពិតជា​អ្នក​រៀបចំ​គម្រោង និង​បាន​ដឹកនាំ​ការបញ្ជា​ឱ្យធ្វើ​សកម្មភាព​ប្លន់ ឧកញ៉ា អ៊ាន សៀវម៉ី នា​ថ្ងៃនោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ជា​មេខ្លោង​ក្រុមចោរប្លន់​ឈ្មោះ William Guang ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ដឹកនាំ​បក្ខពួក​ធ្វើ​សកម្មភាព​ប្លន់​អ្នកលក់​ឡេ ឈ្មោះ អ៊ាន សៀវម៉ី ពិតមែន ដោយ​ខ្លួន​ជា​អ្នករៀបចំ​ផែនការ​នេះ​»​។

លោក​ថា នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី ស៊ើបសួរ​អ្នកពាក់ព័ន្ធ​មួយចំនួន​បន្ថែមទៀត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖