ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ឯកភាព​លើ «​លទ្ធភាព​ក្នុង​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​ប្រភេទ​រថយន្ត​ដឹកទំនិញ មក​ជា​រថយន្ត​ដែលមាន​សុវត្ថិភាព​ប្រសើរ​ជាង​» និង​ជំរុញ​ឱ្យ​គ្រប់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ត្រូវ​បង្កើន​នូវ​កិច្ចសហការ​តាម​គ្រប់​រូបភាព និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​លើ​ការងារ​នេះ​។

លោក អ៊ិត សំហេង ថ្លែង​បែបនេះ នៅពេល​ធ្វើជា​អធិបតី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​លទ្ធភាព​ក្នុង​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​និយោជិត​ពី​ប្រភេទ​រថយន្ត​ដឹកទំនិញ មក​ជា​រថយន្ត​ដែលមាន​សុវត្ថិភាព​ប្រសើរ​ជាង​» ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​បង្ក​របួស​អាស៊ី សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​ការងារ និង​ដៃគូ​កាលពី​ថ្ងៃទី​ ២១ ​ធ្នូ នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី​។ សិក្ខាសាលា​នេះ​គឺជា​ការបង្កើត​វេទិកា​ដ៏មាន​សារៈសំខាន់ និង​អាច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​គ្នា ផ្លាស់ប្តូរ​មតិយោបល់ និង​ចែករំលែក​នូវ​បទពិសោធ​ល្អៗ ដែលជា​ធាតុ​ចូល​ដ៏សំខាន់​ក្នុង​ការកែលម្អ​ប្រភេទ​រថយន្ត​ដឹក​កម្មករនិយោជិត​ឱ្យបាន​សមស្រប​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​តាម​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​កម្រិត​ស្តង់ដា​មួយ ដែល​អាច​ទទួល​យក​បាន ដើម្បីឱ្យ​ការដឹកជញ្ជូន​កម្មករ និយោជិត មាន​សុវត្ថិភាព ផាសុកភាព និង​សណ្តាប់ធ្នាប់​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

លោក​ថ្លែងថា​៖ «​ជុំវិញ​ករណី​ឱ្យ​អ្នកបើកបរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ដឹក​កម្មករ​​និយោជិត​ឱ្យ​ប្ដូរ​មកប្រើប្រាស់ ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​រឿងនេះ​យើង​កំពុង​សិក្សា​ដោយ​ថា ធ្វើ​ម៉េច​ដើម្បី​អាច​ផ្ទេរ​បាន​។ ខ្ញុំ​ក៏​ឯកភាព​ដែរ តាម​ការសិក្សា តាម​ស្មារតី​ដែលថា យើង​នឹង​រៀបចំ​ឱ្យ​មាន​ជា​ផែនការ​យុទ្ធសាស្ដ្រ​មួយ សម្រាប់​ឈាន​ទៅដល់​ការផ្ទេរ​។ ប៉ុន្ដែ​របៀប​វិធី​នៃ​ការផ្ទេរ​នេះ ខ្ញុំ​គិតថា វា​ពិបាក វា​ស្ថិតនៅលើ​ខ្សែ​ឆ្មារ​មួយ ដែល​ងាយ​នឹង​ដាច់​»​។

លោក អ៊ិត សំហេង លើកឡើង​ថា តាមរយៈ​សិក្ខាសាលា​នេះ​នឹង​ជួយ​ជំរុញ​លើ​ការផ្សព្វផ្សាយ​នូវ​ដំណោះស្រាយ និង​អនុសាសន៍​ដល់​អ្នកពាក់ព័ន្ធ ជាពិសេស​អ្នកធ្វើ​សេចក្តី​សម្រេចចិត្ត​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព ចរាចរណ៍​សម្រាប់​កម្មករ​និយោជិត ព្រមទាំង​សម្របសម្រួល​ឱ្យ​មាន​ការព្រមព្រៀង​ពី​ភាគី​ពាក់ព័ន្ធ អំពី​ផែនការ​នៃ​សកម្មភាព​ក្នុង​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​ពី​ប្រភេទ​រថយន្ត​ដឹកទំនិញ មកជា​រថយន្ត​ដែលមាន​សុវត្ថិ​ភាពប្រសើរ​ជាង​នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​មកលើ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​​និយោជិត​។

លោក​បញ្ជាក់ថា ក្រសួង​ការងារ​បាន​យកចិត្ត​ទុកដាក់​ទៅដល់​សុវត្ថិភាព​របស់​កម្មករ និយោជិត ដោយបាន​គិតគូរ​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង ទៅលើ​កម្មករនិយោជិត​អំឡុងពេល​ធ្វើដំណើរ និង​ធ្វើការ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​មធ្យោយបាយ​ដឹកជញ្ជូន​កម្មករនិយោជិត ដោយ​ការប្រើប្រាស់​រថយន្ត​ជា​ប្រភេទ​ដឹក​អ្នកដំណើរ ការរៀបចំ​ឱ្យ​មាន​កៅអីអង្គុយ​ឱ្យបាន​សមស្រប និង​ការសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​តាមដាន​ត្រួតពិនិត្យ​លក្ខណៈ រថយន្ត​ដឹក​កម្មករនិយោជិត​ជាប្រចាំ​។

បើតាម​លោក សំហេង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​គឺជា​ឃាតករ​លាក់​មុខ​ដែល​ធ្វើឱ្យ​មនុស្ស ស្លាប់​ពិការ បន្សល់​ទុក​នូវ​សោកនាដកម្ម​យ៉ាង​ធំធេង និង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ខណៈ​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០២១ ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ ដោយ​ក្នុង ១ ​ថ្ងៃ បណ្ដាលឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ ៦ ​នាក់​ស្លាប់ និង​របួស​ពី ៨ ​ទៅ​ ៩ ​នាក់ ក្នុងនោះ​អ្នកស្លាប់ និង​អ្នករបួស​ក៏មាន​កម្មករនិយោជិត​ផងដែរ​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ក​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ដោយ​មាន​ការចូលរួម និង​ការខិតខំ​ពី​អ្នកពាក់ព័ន្ធ លោក​កត់សម្គាល់​ឃើញថា ចំនួន​រថយន្ត​ផ្តល់​សេវា​ដឹក​កម្មករនិយោជិត ដែល​គេ​ប្រើ​រថយន្ត​ប្រភេទ​ដឹកទំនិញ​មាន​ការថយចុះ​គួរឱ្យ​កត់សម្គាល់​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក្តី ចំនួន​រថយន្ត​ប្រភេទ​នេះ គឺ​នៅតែមាន​ច្រើន​នៅឡើយ​។ លោក​ឱ្យដឹង​តាមរយៈ​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​នៅក្នុង​ចំណោម​រថយន្ត​ដែល​កំពុង​ផ្តល់​សេវា​ដឹកជញ្ជូន កម្មករនិយោជិត​ទៅមក​បំពេញ​ការងារ​ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​ជិត ៤ ០០០ ​គ្រឿង​មាន​ប្រមាណ ៦០% គឺជា​រថយន្ត​ប្រភេទ​ដឹកទំនិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញ​ថា​ទោះបីជា​ការប្តូរ​បង្កើន​សុវត្ថិភាព​រថយន្ត​ដឹក​កម្មករនិយោជិត ជា​រឿង​មិន​ងាយស្រួល​មាន​បញ្ហា​ប្រឈម​/​ឧបសគ្គ និង​ភាពស្មុគស្មាញ​ច្រើន ប៉ុន្តែ​បើ​យើង​អាច​ជំរុញ​ឱ្យ​មាន​ការប្តេជ្ញាចិត្ត និង​ការចូលរួម​ដោយ​ដាក់​បញ្ហា​នេះ​ជា​អាទិភាព​កម្រិត​ខ្ពស់​សម្រាប់​ការចាត់​ជា​វិធានការ​ឆ្លើយតប​ឱ្យបាន​សកម្ម ព័ត៌មាន និង​ស្ថិតិ​ច្បាស់លាស់ ព្រមទាំង​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាក់លាក់​រួម យើង​ប្រាកដជា​អាចឆ្លើយតប ឬ​រក​ដំណោះស្រាយ​បាន​សមស្រប​ក្នុង​ពេល​ដ៏ឆាប់រហ័ស​ចំពោះ​បញ្ហា​នេះ​ជាក់​ជាមិនខាន​»​។

បើតាម​លោក បញ្ញា បើ​គិត​ជា​មធ្យម​ក្នុង ១ ​ខែៗ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​ដឹក​កម្មករ​រួម​បែបនេះ​យ៉ាងតិចណាស់​ក៏​ ១ ​ករណី​ដែរ និង​បណ្តាលឱ្យ​កម្មករនិយោជិតរង​​របួសធ្ងន់​ស្រាល​ជាច្រើន​សិប​នាក់​នៅក្នុង​ករណី​នីមួយៗ និង​ករណីខ្លះ​រហូតដល់​ស្លាប់ ឬ​ពិការ​ជាច្រើន​នាក់​៕