ភ្នំពេញៈ ម្ចាស់​រថយន្ត​ព្រុស​ដែល​មាន​ទំនាស់​ជាមួយ​ VJ ​តាប៊ុយ​ ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៤ ធ្នូ ឆ្នាំ ២០២១ ​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក​ ខណៈ​លោក​ ឃី ហុង ហៅ VJ ​តាប៊ុយ ជំរុញ​ឱ្យ​ប្តឹង​បន្ថែម​។

បុរស​ម្នាក់​ដែល​អះអាងថា​ជា​ម្ចាស់​រថយន្ត​ព្រុស​រងគ្រោះ​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ធ្នូ ថា លោក​បាន​ពឹងពាក់​មេធាវី ១ ​រូប និង​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ​ក្នុង​សប្តាហ៍​នេះ​។ ការណ៍​ដែល​លោក​ដាក់ពាក្យ​បណ្តឹង​នេះ​ ដោយសារតែ​លោក​ VJ ​តាប៊ុយ​មិនមាន​ចេតនា​ក្នុង​ការទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក​។

លោក​បន្តថា VJ ​តាប៊ុយ មិន​ទទួលស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​ប្រើប្រាស់​សម្តី​ក៏​ដូចជា​មាន​ការញុះញង់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្នុង​គោលបំណង​ដែល​ធ្វើឱ្យ​សាធារណជន​ស្អប់ខ្ពើម​រើសអើង​ដល់​លោក​ជា​ជនរងគ្រោះ និង​ជា​ម្ចាស់​រថយន្ត​ព្រុស​ «​តាមពិត​ទៅ​គាត់​ជា​មនុស្ស​ម្នាក់​មិន​ទទួលកំហុស ហើយ​គាត់​ថែមទាំង​មើលងាយ​ខ្ញុំ​ទៀត​។ គាត់​មិន​ស័ក្តិសម​ជា​បុគ្គល​ដែល​មហាជន​គាំទ្រ មិនមែន​ជា​បុគ្គល​ដែល​ឱ្យ​យុវជន​ជំនាន់​ក្រោយ​យក​គំរូ​បាន​ខ្ញុំ​មិន​ទទួលយក​បានទេ​»​។

លោក​បន្តថា​៖ «​អ្នកធំ​ស្រុក​ខ្មែរ​ស្គាល់​ច្រើនណាស់ ប្រយ័ត្ន​អស់ទាំង​ឡាន ហើយ​រក​កន្លែង​ជ្រក​គ្មាន​ទៀត​។ ​ភាសា​ដែល​គាត់​និយាយ​មក​ខ្ញុំ​នេះ​មិន​ដឹងថា​ខ្ញុំ​អាច​អស់ទាំង​ឡាន​ហើយ​ជាប់គុក​ទៀត​ក៏​មិនដឹង ឬក៏​យ៉ាងម៉េច​ខ្ញុំ​មិនដឹង​ដែរ​»​។

ម្ចាស់​រថយន្ត​ព្រុស​បញ្ជាក់ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​លោក​ទទួល​យក​មិនបាន​ទៀត​នោះ​គឺ​ការដែល​មាន​បញ្ហា​រថយន្ត​បុក​គ្នា​ភ្លាមៗ​គឺ​លោក VJ ​តាប៊ុយ​បាន​និយាយ​នៅ​ចំពោះមុខ​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​នៅពេល​នោះ​ថា គាត់​នឹង​ទទួល​ខុសត្រូវ​ដោយ​គ្មាន​លក្ខខណ្ឌ និង​សន្យា​ជួបគ្នា​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្រះចក​នៅវេលា​ម៉ោង​ ៨ ​ព្រឹក ថ្ងៃទី​ ១៤ ​ធ្នូ ឆ្នាំ​ ២០២១​។ ប៉ុន្តែ​ដល់​ពេលវេលា​ណាត់ជួប​គ្នា​បែរជា​លោក​ទាក់ទង​តាម​ទូរស័ព្ទ​មិន​ចូលទៅ​វិញ​។

ម្ចាស់​រថយន្ត​ព្រុស​បន្ថែមថា លោក​បាន​យក​រថយន្ត​ទៅ​ជួសជុល ហើយ​ម្ចាស់​ហ្គារ៉ាស​ជួសជុល​រថយន្ត​បាន​សរសេរ​វិក្កយបត្រ​ដែល​ថ្លៃ​ជួសជុល​សរុប​មានតម្លៃ​ចំនួន​ ២ ២៥០ ​ដុល្លារ​អាមេរិក​។ លោក​បាន​ផ្ញើ​វិក្កយបត្រ​នោះ​ទៅឱ្យ​ VJ ​តាប៊ុយ​តាមរយៈ​តេឡេក្រាម ប៉ុន្តែ​គាត់​ប្រកែក​មិន​ព្រម​ទទួល​យក​តម្លៃ​ជួសជុល​រថយន្ត​ ហើយ​ប្រាប់​ឱ្យ​លោក​យក​រថយន្ត​ព្រុស​ទៅ​ជួសជុល​នៅ​កន្លែង​ដែល​លោក តាប៊ុយ រក​ឱ្យ​វិញ​។

ម្ចាស់​រថយន្ត​ព្រុស​បញ្ជាក់ទៀត​ថា​៖ «​ឱ្យ​ខ្ញុំ​យក​ឡាន​ទៅ​ហ្គារ៉ាស​ជួសជុល​ផ្សេង​ម៉េច​កើត​បើ​ខាង​ជាង គេ​ទិញ​គ្រឿងបន្លាស់​អស់ហើយ​ហ្នឹង​។ ម្យ៉ាង​ខ្ញុំ​ទាក់ទង​លោក តាប៊ុយ ​មិនបាន ព្រោះ​គាត់​ឱ្យ​លេខ​ទូរស័ព្ទ​អ្នកផ្សេង​មក​ខ្ញុំ​។ ​ពេលដែល​ខ្ញុំ​ទាក់ទង​បាន បែរ​ជា​គាត់​មិន​ព្រម​ទទួលយក​តម្លៃ​ជួសជុល​វិញ​»​។ ជុំវិញ​បញ្ហា​នេះ ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែធ្នូ បាន​ទូរស័ព្ទ​ទាក់ទង​លោក​ VJ ​តាប៊ុយ ដើម្បី​សុំ​ការបកស្រាយ​រឿងនេះ​ដែរ​តែ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។ ​ប៉ុន្តែ​បើតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់លោក​ VJ ​តាប៊ុយ បាន​និយាយថា ម្ចាស់​ឡាន​ព្រុស​បង្ហាញ​វិក្កយបត្រ​សរសេរ​ដៃ​តម្លៃ​ជួសជុល​ដល់​ទៅ​ ២ ២៥០ ​ដុល្លារ​។ លោក​ថា​៖ «​ខ្ញុំ​និយាយ​ឱ្យ​ត្រង់​ទៅ​ខ្ញុំ​ពិតជា​ខុស​។ ឡាន​ខ្ញុំ Range Rover ជួសជុល​យ៉ាងច្រើន​អស់​ជាង​ ១ ​ពាន់​ដុល្លារ ឯង​អាព្រុស​ជួសជុល​ដល់​ទៅ​ ២ ២៥០ ​ដុល្លារ​»៕