ភ្នំពេញៈ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្លាក់ចុះ​ប្រមាណ ១៦២ នាក់​ក្នុង​រយៈពេល​ ១១ ខែ​ចុងក្រោយ​នេះ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​សុវតិ្ថភាព​ចរាចរណ៍​ផ្លូវគោក នៅតែ​ជំរុញ​ឱ្យ​មាន​ការអប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត និង​បន្ត​អនុវត្ត​ផែនការ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ទាំងនេះ​។

ការថ្លែង​បែបនេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​អប់រំ​រឿង​ខ្លី​ស្តីពី​សុវតិ្ថភាព​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ៣ ​រឿង នា​ល្ងាច​ថ្ងៃទី​ ២០ ធ្នូ នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ រឿង​ទី​ ១ ព្រោះតែ​អូន រឿង​ទី​ ២ ខកបំណង និង​រឿង​ទី​ ៣ មហាវិថី​គ្រោះថ្នាក់ ដែល​សហការ​ផលិត​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​សមាគម​សហភាព​យន្ត​នៃ​កម្ពុជា​។

លោក ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​អនុគណៈកម្មការ​ទី​ ២ នៃ​គណៈកម្មាធិការ​ជាតិ​សុវតិ្ថភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា ក្រោយពី​មាន​ការរឹតបន្តឹង​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​បាន​នូវ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​អ្នករបួស និង​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ មាន​ការថយចុះ​។ ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​ ៥៣៣ ​លើក ដែល​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ ១៦២ ​នាក់ និង​អ្នករបួស​ថយចុះ ១ ១២០ ​នាក់ បើ​ធៀប​នឹង ១១ ខែ ឆ្នាំ​ ២០២០​។

យ៉ាងណាក្តី លោក ហ៊ឹម យ៉ាន ​នៅតែ​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​យូរអង្វែង ហើយ​វា​អាច​នឹង​កើន​ខ្ពស់​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ បាន​ធូរស្បើយ បើសិនជា​មិនមាន​ផែនការ​ច្បាស់លាស់​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​នេះ​។ លោក​បញ្ជាក់ថា​៖ «​អំពាវនាវ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ សូម​ចូលរួម​ផ្សព្វផ្សាយ ការអប់រំ​អំពី​សុវតិ្ថភាព​ចរាចរណ៍​ឱ្យបាន​ទូលំទូលាយ គ្រប់​រូបភាព​តាមរយៈ​សិល្បៈ ខ្សែភាពយន្ត​អប់រំ សិល្បៈ​ចំរៀង ការជជែក​ពិភាក្សា​តាម​វេទិកា​នានា ទាំង​ក្នុង​ស្ថានីយទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​សង្គម (​អនឡាញ​) ​ដើម្បី​ជំរុញ​ធ្វើឱ្យ​មាន​ភាពប្រសើរឡើង​នូវ​សុវតិ្ថភាព​បើកបរ និង​ការគោរព​ច្បាប់​សី្ត​ពី​ចរាចរណ៍​ផ្លូវគោក ពី​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​»​។

ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២១ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ២ ៣៨៧ ​ករណី ធៀប​នឹង​ឆ្នាំ​ ២០២០ ​មាន​ចំនួន​ ២ ៩២០ ​ករណី ដែល​បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​ចំនួន​ ១ ៣៤៥ ​នាក់ ធៀប​នឹង​ឆ្នាំ​ ២០២០ មាន​ចំនួន​ ១ ៥០៧ ​នាក់ និង​របួស​ចំនួន​ ៣ ២៣១ ​នាក់ ធៀប​នឹង​ឆ្នាំ​ ២០២០ ​ចំនួន​ ៤ ៣៥១ ​នាក់​។ នេះ​បើតាម​លោក ហ៊ឹម យ៉ាន​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​លើកឡើងថា ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស ដែលជា​ហេតុនាំឱ្យ​ការបិទខ្ទប់ និង​ការរឹតត្បិត​ការធ្វើដំណើរ​ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ កន្លងមក​គួបផ្សំ​នឹង​ការពង្រឹង​ច្បាប់​ចរាចរណ៍ បាន​ធ្វើឱ្យ​គ្រោះថ្នាក់​នេះ មាន​ការថយចុះ​។ ប៉ុន្តែ​បើ​ក្នុង​ករណី​ការបើក​ចរាចរណ៍​ត្រូវបាន​ធ្វើឡើង​ពេញលេញ​វិញ នោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០២២ ខាងមុខ​ក៏​អាច​នឹង​ប្រឈម​នូវ​ការកើនឡើង​វិញ​ផងដែរ បើ​មិនមាន​វិធានការ​ច្បាប់​ឱ្យបាន​គ្រប់គ្រាន់​។

លោក​បាន​រៀបរាប់​ថា​៖ «​បទពិសោធ​ដែល​យើង​ធ្លាប់​ឃើញ​កន្លងមក ដូចជា​ឆ្នាំ​ ២០១៦ មាន​ការធ្លាក់ចុះ​ចំនួន​អ្នកស្លាប់​ច្រើនណាស់​ពី ២ ២៣១ ​នាក់​ក្នុង​ឆ្នាំ​ ២០១៥ មក​នៅសល់ ១ ៨៥២ នាក់ ក្នុង​ឆ្នាំ​ ២០១៦​។ ប៉ុន្តែ​ដល់ពេល​យើង​មើលឃើញ​ជោគជ័យ ដែល​យើង​ខិតខំ​ធ្វើ​តែ​មិនបាន​តឹងរ៉ឹង​ដូច​មុន​យើង​ឃើញ​ចំនួន​នោះ ហក់​ឡើងមក​ខ្ពស់​វិញ នៅ​ឆ្នាំ​ ២០១៩ មាន​ចំនួន​អ្នកស្លាប់​រហូតដល់ ២១ ៥២ ​នាក់ ដែល​កើនឡើង​ច្រើន​វិញ​»​។

បើតាម​លោក គឹម បញ្ញា ការវិវឌ្ឍ​ប្រែប្រួល​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បង្កឡើង ដោយ​កត្តា​មនុស្ស ដោយ​ការមិន​ពាក់មួក​សុវត្ថិភាព ស្រវឹង មិន​គោរព​ច្បាប់​។​ល​។ ហើយ​កំណើន​យានយន្ត​ក៏​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង​ផងដែរ​។ លោក​ចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ថ្មីៗ​ស្រប​ទៅ​តាម​បរិបទ​នានា ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ឱ្យ​បាន​ចំ​គោលដៅ​។

លោក​បញ្ជាក់ថា​៖ «​ក្រៅពី​ការអប់រំ ការផ្សព្វផ្សាយ ដែល​យើង​ត្រូវធ្វើ​ឱ្យបាន​ខ្លាំង ផ្តោតលើ​ក្រុម​គោលដៅ​ដែល​ងាយ​រងគ្រោះ មាន​កសិករ មាន​កម្មករ មាន​សិស្សានុសិស្ស គឺ​ការអនុវត្ត​ច្បាប់ ដែល​ជា​រឿង​ចាំបាច់ និង​សំខាន់​បំផុត ព្រោះ​យើង​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​កន្លងមក​បាន ក៏​ព្រោះតែ​យើង​មាន​ការអនុវត្ត​ច្បាប់​។ សូមឱ្យ​ធ្វើការ​អនុវត្ត​ច្បាប់​ទាំងយប់ ទាំង​ថ្ងៃ​ឱ្យ​ស្មើភាព​មាន​តម្លាភាព និង​ទូលំទូលាយ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានាថា ប្រជាពលរដ្ឋ​របស់​យើង មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​»៕