កំពង់ឆ្នាំង/ត្បូងឃ្មុំៈ ក្រសួងយុត្តិធម៌​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ឆ្នាំង ដើម្បី​បំពាក់បំប៉ន​ជំនាញ​ក្នុង​ការដោះស្រាយ​វិវាទ​ក្នុង​គ្រួសារ ដែល​ជា​ផ្នែក​មួយ​នៃ​ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំងសងខាង និង​ចំណេញ​ពេលវេលា​។

ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការសម្រុះសម្រួល​ករណី​វិវាទ​គ្រួសារ​ប្រកប​ដោយ​ការឆ្លើយតប​នឹង​យេនឌ័រ​» កាលពី​ថ្ងៃទី​ ២០ ​ធ្នូ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ សម្រាប់​ក្រុម​គោលដៅ​ជា​មន្ត្រី​ផ្តល់​សេវា​សម្រុះសម្រួល​វិវាទ​នៅ​ថ្នាក់មូលដ្ឋាន​មកពី​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ឆ្នាំង​។

វគ្គបណ្តុះបណ្តាល​នេះ គឺជា​សកម្មភាព​នៃ​ការបន្ត​បំពាក់បំប៉ន់​ជំនាញ​សន្ធានកម្ម (​សម្រុះសម្រួល​) ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដល់​មន្ត្រី​អនុវត្ត​ផ្ទាល់​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​គោលដៅ​ ដើម្បី​ពង្រឹង​សមត្ថភាព និង​ជំនាញ​នៃ​ការសម្រុះសម្រួល​វិវាទ​មូលដ្ឋាន និង​ធ្វើឱ្យ​ការទទួល​បាន​យុត្តិធម៌​ក្នុង​សហគមន៍​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក​ថា​៖ «​ការដោះស្រាយ​វិវាទ​គ្រួសារ​នេះ​មាន​សារៈសំខាន់​ជាពិសេស​នៅក្នុង​ថ្នាក់មូលដ្ឋាន បង្កើត​នូវ​ភាពសុខដុមរមនា​នៅ​ថ្នាក់មូលដ្ឋាន មិន​ឱ្យ​មាន​ការបែកបាក់​ប្រេះឆា​ក្នុង​ក្រុមគ្រួសារ នាំឱ្យ​មាន​វិបត្តិ​គ្រួសារ ដែល​អាច​បញ្ចៀស​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ ព្រោះ​ពេលខ្លះ​មាន​បញ្ហា ហើយ​មិនមាន​ដំណោះស្រាយ​សមរម្យ​នាំឱ្យមាន​បញ្ហា​ក្នុង​គ្រួសារ អាច​ឈាន​ទៅរក​បាតុភាព​អសន្តិសុខ នៅក្នុង​សង្គម និង​សហគមន៍​ក្នុង​មូលដ្ឋាន​»​។

ការដោះស្រាយ​វិវាទ​គ្រួសារ​ជា​ផ្នែក​មួយ​នៃ​ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​ការសម្របសម្រួល​ និង​វិធីសាស្ត្រ​ក្នុង​ការដោះស្រាយ​។ លោក​ថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​មាន​ច្រើន​វិធី​ និង​យន្តការ មាន​ការសម្រុះសម្រួល​វិវាទ​មាន​ការផ្សះផ្សា អាជ្ញាកណ្តាល និង​មជ្ឈតកម្ម​។ លោក​បញ្ជាក់ថា​៖ «​ក៏ប៉ុន្តែ​អ្វីដែល​យើង​បណ្តុះបណ្តាល​នេះ​គឺ​សម្រុះសម្រួល មិនមែន​ជា​អ្នកសម្រេច​សេចក្តី​ជំនួស​គូភាគី​ទេ បានន័យថា សម្រុះសម្រួល​ធ្វើ​ម៉េច ធ្វើឱ្យ​បញ្ហា​ធំ​មកជា​បញ្ហា​តូច​ហើយ​បញ្ហា​តូច​ទៅជា​គ្មាន​បញ្ហា​។ ប៉ុន្តែ​ការសម្រេច អាស្រ័យ​ទៅ​លើ​គូភាគី​វិវាទ​ទាំង​សងខាង​អ្នកសម្រេច​ដោយ​ខ្លួនឯង​»​។

នាយិកា​នៃ​អង្គការ​យ៉ែនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​លោកស្រី អេង ចាន់ឌី ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​យុត្តិធម៌ ដែល​បើក​វគ្គបណ្តុះបណ្តាល​នេះ ព្រោះ​វា​ជា​ផែនការ យុទ្ធសាស្ត្រ​មួយ​នៅក្នុង​ផែនការ​ស្តីពី​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី ដែល​ជា​ផែនការ​ថ្នាក់ជាតិ​។ លោកស្រី​ថា​៖ «​បញ្ហា​ក្នុង​គ្រួសារ​គឺជា​រឿង​ដែល​ស្មុគស្មាញ​បំផុត​នៃ​ប្រភេទ​បញ្ហា​ក្នុងប្រទេស​។ អ៊ីចឹង​ការដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​នៅ​ជំហាន​ដំបូង ដែល​ជា​ការចរចា ឬ​ដោះស្រាយ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការកាត់បន្ថយ​ភាពកកកុញ​នៃ​បទល្មើស​ផ្សេងៗ​ទៀត ដែល​កើតមាន​នៅក្នុង​ប្រព័ន្ធតុលាការ​»​។ យ៉ាងនេះ​ក្តី​លោកស្រី​មើលឃើញ​ថា ភាពចន្លោះ​ប្រហោង​នៃ​ការដោះស្រាយ​បញ្ហា​អំពើហិង្សា​នាបច្ចុប្បន្ន ក្នុង​រូបភាព​នៃ​អំពើហិង្សា​មួយចំនួន ដែល​ឈានដល់​បទឧក្រិដ្ឋ ឬ​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​នៅតែ​ចរចា​បាន​ក្រៅ​ប្រព័ន្ធ​តុលាការ​។

លោកស្រី​បាន​បន្តថា សម្រាប់​អង្គការ យ៉ែនឌ័រ និង​អភិវឌ្ឍន៍ ដែលជា​អង្គការ​ក្នុងស្រុក ក៏​ធ្លាប់បាន​សហការ​ជាមួយ​អាជ្ញាធរ ចុះ​បណ្តុះបណ្តាល​បន្ថែម​ដល់​មន្ត្រីនគរបាល​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​គោលដៅ រួមមាន​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តព្រៃវែង ផងដែរ​។

លោកស្រី ចាន់ឌី សង្ឃឹមថា មេរៀន​ដែល​មន្ត្រី​ក្រសួង​យុត្តិធម៌​ចុះ​បង្រៀន​ដល់​មន្ត្រី​មូលដ្ឋាន​នឹង​ឆ្លើយតប​ទៅនឹង​នីតិវិធី និង​ច្បាប់​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ជិន ម៉ាលីន បានឱ្យដឹងថា សម្រាប់​ទិសដៅ​បន្ត​ពាក់ព័ន្ធ​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ថ្នាក់មូលដ្ឋាន ជាពិសេស​នៅ​ដើមឆ្នាំ​ ២០២២ ខាងមុខ ក្រសួង​យុត្តិធម៌​មាន​ផែនការ​មួយចំនួន ដោយ​នឹង​ធ្វើ​ការផ្សព្វផ្សាយ​រួមគ្នា​ជាមួយ​ក្រសួង​កិច្ចការនារី​នូវ​ឯកសារ​ស្តីពី​គោលការណ៍​ណែនាំ​អំពី​វិធីសាស្ត្រ​សម្រុះសម្រួល​វិវាទ​គ្រួសារ​ ដើម្បី​ឆ្លើយតប​ទៅនឹង​យែនឌ័រ សម្រាប់​មន្ត្រី​អនុវត្ត​ការសម្រុះសម្រួល​វិវាទ​នេះ​នៅ​ថ្នាក់​មូលដ្ឋាន​។ ក្រសួងយុត្តិធម៌​សហការ​​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​នានា ដោយ​បន្ត​បេសកកម្ម​នៃ​ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និង​ជំនាញ​នៃ​ការសម្រុះសម្រួល​វិវាទ​ដល់​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់​នៅ​ថ្នាក់​មូលដ្ឋាន​៕