ភ្នំពេញៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ប្រកាស​ប្តេជ្ញា​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​និង​បុគ្គលិក​ជាង​៣៦០នាក់ ​រៀងរាល់​ថ្ងៃ ​រហូត​ករណី​វិវាទ​នេះ​ត្រូវបាន​ដោះ​ស្រាយ​បញ្ចប់​ស្រប​តាម​ច្បាប់​នានា​ជាធរមាន​ ខណៈ​កម្មករ​ប្រមាណ​ ១ ០០០ នាក់​នៅតែ​បន្ត​ការប្រមូល​ផ្តុំ​តវ៉ា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ព្រឹក​ថ្ងៃទី២២ ​ខែធ្នូ ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នៅក្រុម​ហ៊ុន ណាហ្គា​វើលដ៍ ​លីមីធីត​របស់​ក្រសួង​ការងារ ​ឱ្យដឹងថា ​ស្របតាម​ស្មារតី​កិច្ចប្រជុំ​នៅ​សាលារាជ​ធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី២១​ ខែធ្នូ​ ឆ្នាំ២០២១ ​អង្គប្រជុំ​បានឯកភាព​គ្នា​ថា ​នឹង​បន្ត​ដោះស្រាយ​ករណី​ទាមទារ​របស់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន​៣៦០នាក់ ​ដែល​មិនទាន់​ឯកភាព​ក្នុង​ការទទួលយក​ការទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ចសន្យា ​ការងារ​ទៅ​តាម​ករណី​នីមួយៗ។

ក្នុង​ន័យ​នេះ ​ដើម្បី​បន្ត​ដោះស្រាយ​ករណី​វិវាទ​នេះ​ស្របតាម​ច្បាប់ ​និង​នីតិវិធី​ជាធរមាន ​ក្រសួង​ការងារ ​និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ​បានចេញ​លិខិត​អញ្ជើញ​កម្មករ​និយោជិត​ទាំង​៣៦០នាក់ ​និង​អ្នក​តំណាង​របស់​ខ្លួន ​មក​ធ្វើការ​ដោះ​ស្រាយ​ ចាប់ពី​ម៉ោង​៩:០០នាទី​ព្រឹក ​ថ្ងៃ​ទី២២ ​ខែធ្នូ ​ឆ្នាំ២០២១ ​តទៅ​នៅ​ទីស្តីការ​ក្រសួង។

ជាមួយ​គ្នានេះ ​ក្រសួង​ការងារ ​បានឱ្យដឹង​ថា ​គិត​ត្រឹម​ម៉ោង​១រសៀល​ថ្ងៃទី២២ ​ធ្នូ ​មាន​កម្មករ​និយោជិត​ម្នាក់​បាន​មក​ចូល​រួម ​និង​បានជម្រាប​ក្រសួង​ថា ​ខ្លួន​ឯកភាព​ទទួល​យក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ​និង​ត្រៀម​ខ្លួន​ជូនដំណឹង​ទៅ​ក្រុម​ហ៊ុន​នៅ​ថ្ងៃ​ស្អែក​(ថ្ងៃ​ទី២៣)។

បន្ថែម​ពីនេះ​ក្រសួង ​ក៏បាន​ប្តេជ្ញា​បន្ត​ការពារ​ឱ្យបាន​នូវ​អ្វី​ដែល​ជាផល​ប្រយោជន៍​ស្របច្បាប់​របស់​បងប្អូន​កម្មករ​និយោជិត​ ព្រមទាំង​បន្ត​ខិតខំ​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ជូន​បងប្អូន​ជារៀង​រាល់ថ្ងៃ ​ចាប់ពី​ម៉ោង ​៩:០០ព្រឹក ​តទៅ​ ស្រប​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ​រហូត​ករណី​វិវាទ​នេះ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ស្របតាម​ច្បាប់​នានា ​ជាធរមាន។

ក្រសួង​បញ្ជាក់ថា​៖«បងប្អូន​កម្មករ​និយោជិត ​ដែល​នៅមាន​បញ្ហា ​នឹង​ចូលរួម​ដោះស្រាយ​បញ្ចប់​ករណី ​វិវាទ​របស់​ខ្លួន​តាម​ករណី​នីមួយៗ​ជាបន្ត​ទៀត។ សូម​បងប្អូន​គោរព​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​បុគ្គល​នីមួយៗ»។

ក្រសួង​បន្តថា​៖«ហើយ​ក្រសួង​ក៏សូម​ជម្រាប​ជូន​ដល់​បងប្អូន​កម្មករ​និយោជិត​ឱ្យបាន​ជ្រាប​ថា ​បើទោះបីជា​បងប្អូន​ធ្លាប់​បាន​ប្រគល់​សិទ្ធិ​ដល់​បុគ្គល​ណាមួយ​ធ្វើ​ជា​តំណាង​របស់​ខ្លួន​ក៏ដោយ ​ក៏​បងប្អូន​នៅតែ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ករណី​របស់​ខ្លួន​ដដែល។ មិន​មាន​បុគ្គល​ណា​មួយ​អាច​ដក​សិទ្ធិ​ស្វ័យ​សម្រេច​របស់​បងប្អូន​បាន​ឡើយ»។

កាលពី​ថ្ងៃ​ទី២១ ​ធ្នូ ​សាលា​រាជធានី​ភ្នំពេញ ​កោះហៅ​ភាគី​ពាក់ព័ន្ធ ​ឱ្យចូល​រួម​កិច្ចប្រជុំ​រកដំណោះ​ស្រាយ ​បន្ទាប់ពី​កម្មករ​ជាង​១ ០០០នាក់ ​បានប្រមូល​ផ្តុំ​គ្នា​តវ៉ា ​ទាមទារ​លក្ខខណ្ឌ​ចំនួន ​៩ តាំងពី​ថ្ងៃទី១៨ ​ធ្នូ​មក។ ក្រោយ​ជួប​ពិភាក្សា ​សាលា​រាជ​ធានី​ភ្នំពេញ ​ក៏បាន​សម្រេច​ឱ្យ​តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ ​និង​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​បន្ត​ជួប​ប្រជុំ​រក​ដំណោះ​ស្រាយ ​និង​រៀបចំ​ឯកសារ ​ដើម្បីឱ្យ​ក្រសួង​ការងារ ​ធ្វើការ​សម្រប​សម្រួល​បន្ត។

សេចក្តី​ប្រកាស​របស់​សារាជ​ធានី ​បានឱ្យ​ដឹងថា ​អង្គប្រជុំ ​ក៏បាន​ស្នើ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​ក្រោយ​ពី​ទទួលបាន​បញ្ជី​ឈ្មោះ​អ្នក​ដែល​ទទួល​សំណង​ឈប់​ពី​ការងារ ​និង​អ្នក​ដែល​ស្នើសុំ​ចូល​បម្រើ​ធ្វើ​ការងារ​វិញ​ ត្រូវយក​បញ្ហា​នេះ​ទៅ​ប្រជុំជា​មួយ​ក្រុមប្រឹក្សា​ភិបាល ​របស់​ក្រុមហ៊ុន ​ដើម្បី​ពិនិត្យ​សម្រេច​លើ​ការស្នើ​សុំ​នេះ ​និង​រាយការណ៍​លទ្ធផល​ប្រជុំ​មក​សាលា​ រាជធានី​ភ្នំពេញ ​និង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​បន្ត។

បើ​តាម​សាលា​រាជធានី​ភ្នំពេញ ​ សហជីព​បានធ្វើ​បញ្ជី​ឈ្មោះ​កម្មករ​និយោជិត​ទាំង ​៣៦​៥នាក់ ​ដែល​ក្នុង​នោះ​មាន​ចំនួន​ ៤៨នាក់ ​លើ​ចំនួន​៣០០នាក់​យល់ព្រម​ទទួល​យក​ប្រាក់​សំណង ​ដើម្បី​ឈប់​ពី​ការងារ​នៅពេល​ទូទាត់​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ។ សហជីព​ត្រូវ​ទំនាក់​ទំនង​ទៅ​អ្នក​នៅសេស​សល់​ចំនួន​៦៥នាក់ ​ដើម្បី​បញ្ជាក់​ពី​ជំហរ​ថា​ព្រម​ទទួល​ ប្រាក់​សំណង​ឈប់​ពី​ការងារ ​ឬ​ចង់​បន្ត​ចូល​បម្រើ​ការងារ​វិញ ​ហើយ​រៀបចំ​បញ្ជី​ឈ្មោះ​ឱ្យបាន​ច្បាស់​លាស់។

សាលា​រាជធានី​ភ្នំពេញ ​ក៏បាន​អំពាវនាវ​ដល់​កម្មករ ​យោជិត ​ដែល​មាន​វិវាទ​ការងារ ​ឱ្យ​បន្ត​ភាពអត់ធ្មត់ ​ដោយ​បញ្ឈប់​ការសម្តែង​មតិ​ដោយ​ខុសច្បាប់ ​ដើម្បី​ទុកពេល​ឱ្យ​ក្រសួង ​ស្ថាប័ន​មាន​សមត្ថកិច្ច​បន្ត​ធ្វើការ​សម្រប​សម្រួល​ដោះស្រាយ​ រីវាទ​ការងារ​នេះ​ជួយ​ភាគី​ទាំង២​ដោយ​ឈរ​លើ​ស្មារតី​យោគយល់ ​អធ្យាស្រ័យ​គ្នា។ សាលា​រាជធានី ​ក៏បាន​ព្រមាន​ថា​ ក្នុង​ករណី​កម្មករ​និយោជិត ​និង​សហជីព​នៅតែ​បន្ត​សកម្មភាព​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​នៅ​តាមទី​តាំង​សាធារណៈ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់​ធ្នាប់ ​និង​របៀប​រៀបរយ​សាធារណៈ ​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ប៉ុន្តែ​អ្នកស្រី​សុន ស្រីពេជ្យ ​តំណាង​កម្មករ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ថា ​នៅ​ថ្ងៃទី២២ ​ធ្នូ ​នេះ ​កម្មករ​ទាំងអស់​នៅតែ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ​បើទោះជា​មាន​សេចក្តី​សម្រេច​និង​ការកោះហៅ​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះ​ស្រាយ​ជា​បន្តបន្ទាប់​ក៏​ដោយ។ អ្នកស្រី​ អះអាងថា ​ការបន្ត​ការប្រមូល​ផ្តុំ​នេះ ​ក៏​ព្រោះតែ​កម្មករ​មិនទាន់​មើល​ឃើញ​ពី​ដំណោះស្រាយ​ដែល​កម្មករ​បាន​ទាម​ទារ។ រីឯ ​ការចរចា ​គឺ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បញ្ឈប់​សកម្មភាព​នៃ​ការតវ៉ា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ អ្នកស្រី​បញ្ជាក់ថា ​កម្មករ​នឹង​បញ្ឈប់​ការតវ៉ា​ភ្លាម ​បើ​ផ្តល់​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន។

អ្នកស្រី​ប្រាប់ថា​៖«យើង​នៅតែ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដដែល ​ព្រោះ​ការចរចា​នេះ ​មិនទាន់​មាន​ដំណោះស្រាយ​អ្វី​ផង។ យើង​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកយើង​ចូល​ធ្វើការ​វិញ ​និង​ទាមទារ​លក្ខខណ្ខ​ការងារ​មួយចំនួន​ផង​ដែរ។ ប៉ុន្តែ​មិន​ទាន់​បាន​សូម្បី​តែ​មួយ​ចំណុច។ អ៊ីចឹង ​កម្មករ​នៅតែ​បន្ត​ទាមទារ​ដដែល»។

សូម​ជម្រាប​ថា ​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គាវើលដ៍​ ធ្វើឡើង​បន្ទាប់​ពី​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​នេះ ​បាន​កើត​ឡើង​អស់​រយៈ​ពេល​៨ខែ​មក​ហើយ ​ក្រោយពី​ក្រុមហ៊ុន​បាន​ប្រកាស​បញ្ឈប់​បុគ្គលិក ​១ ៣២៩​នាក់ ​ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​៨ ០០០នាក់ ​ដោយ​លើក​ហេតុផល​ថា ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​សារតែ​វិបត្តិ​ជំងឺ​កូវីដ១៩៕

វីដេអូ៖