ឧត្តរមានជ័យៈ​ តុលា​ការ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​ឃុំ​បុរស​ជា​មេខ្យ​ល់​ម្នា​ក់នៅ​ពន្ធនា​គារ​ខេត្ត​នៅ​ថ្ងៃទី ​២១ ​ធ្នូ បន្ទាប់ពី​សមត្ថ​កិច្ច​ចាប់ខ្លួន​តាម​ដីកា​តុលាការ ពាក់​ព័ន្ធ​នឹងករណី​លួច​នាំ​ពលករ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ប្រព្រឹត្តកាល​ពី​អំឡុង​ឆ្នាំ ​២០២០​។

លោក ឡុង គឹម​សេង នាយ​ការិយា​ល័យ​នគរបាល​ប្រឆាំង​ភេរ​វកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែ​ននៃ​ស្នងកា​រដ្ឋាន​នគ​របាលខេត្តឧ​ត្ត​រ​មាន​ជ័យបានឱ្យដឹង​នៅ​ថ្ងៃទី២២​ ធ្នូ​ថាជន​ត្រូវ​ចោទ​ឈ្មោះ ​ភោគ​ ណា​រិ​ទ្ធ អាយុ ​៥៤ ឆ្នាំ​ ត្រូវបាន​តុលា​ការ​ឃុំខ្លួន​ហើយ​កាល​ពី​ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២១​។

លោក​ថ្លែង​ថា​៖«លោក​ព្រះរា​ជអាជ្ញា​រង តេង ស​ម៉ៃ ជា​អ្នក​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​។ជន​ត្រូវ​ចោទ​ម្នាក់​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​យូរ​មក​ហើយ​ ហើយ​ខ្លួន​គាត់​ផ្ទាល់​ក៏​មិន​ចាំ​ពី​ចំនួន​ពលករ​ដែល​គាត់​លួច​នាំ​ឆ្លងដែន​ទៅ​ប្រទេស​

ថៃ​ដែរ»។

លោកបាន​​បន្តថា ជន​ត្រូវ​ចោទ​ម្នាក់នេះ​រស់នៅ​ភូមិ​អូរ​ខ្លាឃ្មុំ សង្កាត់អូរ​ស្មាច់ ក្រុងសំរោង​ ខេត្តឧ​ត្ត​រ​មានជ័យ​ហើយ​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​នៅតាម​ផ្លូវ​ក្នុងភូមិ​របស់​គាត់។ប៉ុន្តែ​ក្នុង​ថ្ងៃ​ដែល​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​នោះ​ក៏​មិនមែនជា​ពេលដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​នាំ​ពលករ​ឆ្លងដែន​ដែរ​តែ​ជាការ​ចាប់​តាម​ដីកា​របស់​តុលាការ។

លោក​បញ្ជាក់​ថា ​ក្រោយ​ចាប់ខ្លួន​ ជនសង្ស័យ​បាន​និយាយប្រាប់​សមត្ថកិច្ច​លោក​ថា គាត់​ធ្លាប់​នាំ​ពលករ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ជា​យូរ​មកហើយ ​គឺ​មុន​មាន​មេរោគ​កូ​វីដ១៩ចូលមក​ប្រទេស​កម្ពុជា​ទៅទៀត​ ហើយក៏​មិន​ដែលមាន​សមត្ថកិច្ច​ណា​ចាប់គាត់​បានឡើយ។គាត់​ក៏មិន​ចាំ​ថា​ពលករ​ដែល​គាត់​ធ្លាប់​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​ដែរ​ ព្រោះ​ច្រើនដង​ពេក​គាត់​ចាំ​មិន​អស់​ទេ។ជន​ត្រូវ​ចោទ​ក៏​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ដើម្បី​ស្រាវ​ជ្រាវ​បន្តទៀត៕