ភ្នំពេញៈ កម្ពុជា-វៀតណាម​បាន​ឯកភាព​គ្នា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​ដោយ​ឈរលើ​គោលការណ៍​ «​មិន​អនុញ្ញាត​ឱ្យកម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​រៀងៗ​ខ្លួន ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​របស់​ភាគី​ម្ខាង​ទៀត​» ខណៈ​មាន​ការបើក​ដំណើរការ​សាងសង់ អគារ​រដ្ឋបាល​រដ្ឋសភា​កម្ពុជា​ថ្មី ដែលជា​ជំនួយ​ទឹកប្រាក់​របស់​វៀតណាម​ចំនួន ២៥ ​លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​វៀតណាម​នា​ថ្ងៃទី​ ២២ ​ធ្នូ បាន​បញ្ជាក់ថា កម្ពុជា​នឹង​ចងចាំ​ជានិច្ច ចំពោះ​ជំនួយ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​ផ្តល់ជូន​ប្រជាជន​កម្ពុជា ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​នៅ​ឆ្នាំ​ ១៩៧៩​។ សេចក្តីថ្លែងការណ៍​រួម​បន្តថា ភាគី​ទាំង​ ២ គួរតែ​បន្ត​គោរព​យ៉ាង​ពេញលេញ​នូវ​គោលការណ៍​ដែលមាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា-វៀតណាម ក្នុង​ឆ្នាំ​ ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧ និង​ ២០១៩ ដើម្បី​គោរព​ឯករាជភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​រៀងខ្លួន មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​រវាង​ប្រទេស​ទាំង​ ២ ​ដោយ​សន្តិវិធី​។

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​ភាគី​ទាំង​ ២ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ដោយ​ឈរលើ​គោលការណ៍​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​អមិត្ត​ណាមួយ​ប្រើប្រាស់​ទឹកដី​រៀងៗ​ខ្លួន ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​របស់​ភាគី​ម្ខាង​ទៀត​។ ភាគី​ទាំង ២ ​បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុង​ការគោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​ស្តីពី​ការកំណត់ ការខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក និង​កិច្ចព្រមព្រៀង​»​។

ក្នុង​ជំនួប​អាហារ​ពេលព្រឹក​នា​ថ្ងៃទី​​ ២២ ​ធ្នូ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ង្វៀន សួនហ៊្វុក ប្រធានាធិបតី​វៀតណាម​ក៏បាន​ឯកភាព​ក្នុង​ការជំរុញ និង​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​យុត្តិធម៌ និង​ការតភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ ២ និង​ប្រជាជន​ទាំង​ ២ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅលើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន នា​ថ្ងៃទី​ ២២ ធ្នូ​។ ក្នុងជំនួប​អាហារ​ពេលព្រឹក​នេះ ក៏​មាន​វត្តមាន​កូនប្រុស​ទាំង​ ៣ របស់​លោក ហ៊ុន សែន ផងដែរ គឺ​លោក ហ៊ុន ម៉ាណែត ​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ​ និង​លោក ហ៊ុន ម៉ានី សមាជិក​រដ្ឋសភា​។

ជាមួយ​គ្នា​នេះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​ និង​លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ​បានប្រកាស​ឱ្យ​បើក​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​កម្ពុជា​កម្ពស់​ ១២ ​ជាន់ ដែលជា​ជំនួយ​របស់​វៀតណាម​ចំនួន​ ២៥ ​លាន​ដុល្លារ​នា​ថ្ងៃទី​ ២១ ធ្នូ​។

លោក ហ៊ុន សែន និង​កូនប្រុស​ទាំង​ ៣ ​របស់​លោក រួមទាំង​លោក ​ង្វៀន សួនហ៊្វុក (​កណ្តាល​)​។ រូបថត SPM

សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២១ ធ្នូ ថា​៖ «​សម្តេច​ប្រធានរដ្ឋសភា [​លោក ហេង សំរិន​] និង​ឯកឧត្តម​ប្រធាន​រដ្ឋ​ [​លោក ង្វៀន សួនហ៊្វុក​] បាន​អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​កម្ពុជា ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​នៅក្នុង​បរិវេណ​វិមាន​រដ្ឋសភា​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​អគារ​រដ្ឋបាល​រដ្ឋសភា​ថ្មី ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​នេះ មាន​កម្ពស់​ ១២ ​ជាន់ និង​មាន​ចំណត​រថយន្ត​ចំនួន​ ២ ​ជាន់​ទៀត ជា​សំណង់​ដែល​ប្រកប​ដោយ​សោភណភាព​នឹង​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រជាជាតិ​កម្ពុជា​ និង​ប្រជាជាតិ​វៀតណាម​ជា​រៀង​តទៅ​»​។

នៅក្នុង​គម្រោង​អនុវត្ត​ «​ដ៏ធំ​» ក្នុង​ការសាងសង់​អគារ​រដ្ឋបាល​ថ្មី​នេះ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា​បាន​ចាត់ចែង​អនុវត្ត​ទៅតាម​ផែនការ​ដែលមាន​ ៤ ​ដំណាក់កាល គឺ​ទី​ ១- ​ការដេញ​ថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ទី​ ២- ​ការជ្រើសរើស​ក្រុមហ៊ុន Archetype ដែល​បាន​ផ្តើមកសាង​ប្លង់ និង​ដាក់​ពាក្យសុំ​ការអនុញ្ញាត​សាងសង់​ទៅ​ក្រសួង​រៀបចំ​ដែនដី​ទី​ ៣- ​ការដេញ​ថ្លៃ​សាងសង់​អគារ​ និង​ការផ្គត់ផ្គង់​បរិក្ខារ​ដែល​បាន​កំពុង​អនុវត្ត និង​ទី​ ៤- ​គឺ​ត្រូវ​ធ្វើ​ការសាងសង់​អគារ​ និង​បំពាក់​គ្រឿង​បរិក្ខារ​ឱ្យ​រួចរាល់​ក្នុងពេល​ដ៏ឆាប់​ជា​ការល្អ​។

លោក ង្វៀន សួនហ៊្វុក មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២១-២២ ធ្នូ​។ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួនហ៊្វុក នា​ថ្ងៃទី​ ២១ ធ្នូ លោក ហេង សំរិន ​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់លោក ង្វៀន សួនហ៊្វុក ថា នឹង​រួមចំណែក​ទ្វេដង​ក្នុង​ការបន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គីភាព​​ជា​ប្រពៃណី និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ ២ ដែលមាន​ជា​យូរមក​ហើយ​នោះ​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។

ប្រភព​ដដែល​បាន​ដកស្រង់​សម្ដី​លោក ហេង សំរិន ថា​៖ «​ទោះបី​ជា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-វៀតណាម នៅតែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អប្រសើរ​លើ​គ្រប់​វិស័យ ជាពិសេស​បាន​ចែករំលែក​ព័ត៌មាន និង​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​ថវិកា និង​សម្ភារ​បរិក្ខារ​ពេទ្យ​។ សម្តេច​ [​លោក ហេង សំរិន​] បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ជា​ថវិកា​ចំនួន ២៥ ​លាន​ដុល្លារ​អាមេរិក ដែល​បក្ស​រដ្ឋ និង​ប្រជាជន​វៀតណាម​បាន​ផ្តល់ជូន​សម្រាប់​កសាង​អគារ​រដ្ឋបាល​រដ្ឋសភា ដែល​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​នាពេលនេះ​»​។

លោក ង្វៀន សួនហ៊្វុក បាន​សាទរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ និង​សំខាន់ៗ​ដែល​កម្ពុជា និង​វៀតណាម​សម្រេច​បាន​នាពេល​កន្លងមក ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញតិ្ត និង​នីតិប្រតិបត្តិ និង​បាន​លើក​សរសើរ ការចូលរួម​ចំណែក​របស់​លោក ហេង សំរិន នៅក្នុង​ការជំរុញ​ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ ២ ឱ្យ​មាន​ការរីកចម្រើន​ជា​លំដាប់​។

លោក ហេង សំរិន បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ភាពរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ​នៃ​ប្រទេស​ទាំង​ ២ និង​សង្ឃឹមថា ក្រោម​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី និង​ «​បងប្អូន​» នេះ​ប្រទេស​កម្ពុជា និង​វៀតណាម​នឹង​សម្រេច​បាន​សមិទ្ធផល​ធំៗ​បន្តបន្ទាប់​ទៀត​។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២១ ធ្នូ​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​របស់​លោក ង្វៀន សួនហ៊្វុក មក​កាន់​កម្ពុជា ក្នុង​តួនាទី​ថ្មី​របស់​លោក ហើយ​ទស្សនកិច្ច​នេះ​គឺជា​ការបង្ហាញ​ពី​សារៈសំខាន់ របស់​វៀតណាម​ក្នុង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​។

លោក រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២២ ធ្នូ ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​រូបនេះ គឺជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ផង និង​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ផង​។ សម្រាប់​ទំនាក់ទំនង​ទ្វេភាគី និង​ជំនួយ​របស់​វៀតណាម គឺជា​ការពង្រឹង​ និង​ពង្រីក​ចំណងមិត្តភាព ក៏ដូចជា​ការចង់​រក្សា​ឥទ្ធិពល​របស់​វៀតណាម​ក្នុង​ទំនាក់ទំនង​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​សម្រាប់​បញ្ហា​អាស៊ាន​វៀតណាម​ប្រហែល​ជា​ព្យាយាម​បញ្ចុះបញ្ចូល​កម្ពុជា​ឱ្យ​រក្សា​សមានចិត្ត​របស់ខ្លួន​ចំពោះ​វៀតណាម​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឬក៏​យ៉ាង​ហោចណាស់​មិន​ចង់ឱ្យ​កម្ពុជា​លម្អៀង​ទៅ​រក​ចិន តាម​ការចោទប្រកាន់​របស់​ប្រទេស​មួយចំនួន​»៕