ភ្នំពេញៈ នគរបាល​បាន​បញ្ជូន​ចាងហ្វាង​កាសែត​អនឡាញ​ ២ ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២២ ធ្នូ ពាក់ព័ន្ធ​រឿង​ជំរិត​ទារប្រាក់​ពី​ហាង​កាហ្វេ​មួយកន្លែង​ចំនួន​ ៦០០ ​ដុល្លារ​អាមេរិក នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

លោក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ២២ ធ្នូ​ថា ជនសង្ស័យ​ឈ្មោះ ឆុំ ដានី ភេទ​ប្រុស ជា​ចាងហ្វាង​គេហទំព័រ កងមាស និង​ម្នាក់ទៀត​ឈ្មោះ អ៊ុន ចាន់ថា ភេទ​ប្រុស ជា​ចាងហ្វាង​គេហទំព័រ រស្មី​ក្រុង​តាខ្មៅញូវ​។

លោក​ថ្លែងថា​៖ «​ជន​ទាំង​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់ខ្ញុំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​។ ខ្ញុំ​បញ្ជូន​ពួកគេ​នៅ​ថ្ងៃទី​ ២២ ធ្នូ​»​។

យោងតាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​បង្ហាញថា ជនទាំង​ ២ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ស្តាម៉ាត​មួយកន្លែង​ស្ថិតនៅ​ភ្លើងស្តុប​ស្ពានដែក​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ ៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​ ៤ ​រសៀល​ថ្ងៃទី​ ២០ ធ្នូ ឆ្នាំ ២០២១ ​ពាក់ព័ន្ធ​ជំរិត​ទារប្រាក់​ចំនួន​ ៦០០ ​ដុល្លារ​អាមេរិក​ ពី​អ្នកគ្រប់គ្រង​ហាង​កាហ្វេ​មួយ​យីហោ​ឈ្មោះ​ «V88» ក្នុង​ខណ្ឌដូនពេញ​។ ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ដោយសារ​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​ទារប្រាក់​ជា​ថ្នូរ​ទៅនឹង​មិន​ចុះផ្សាយ​ព័ត៌មាន​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទាក់ទង​លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ការបញ្ជាក់​ព័ត៌មាន​នេះដែរ តែ​លោក​មិន​ឆ្លើយតប​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ២២ ធ្នូ ថា ចាងហ្វាង​គេហទំព័រ​ទាំង​ ២ ​នាក់​នោះ មាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ព័ត៌មាន​។

លោក​ថ្លែង​ប្រាប់ថា​៖ «​យើង​បាន​ណែនាំ​ច្រើនណាស់​ទាំង​ផ្ទាល់ និង​ប្រយោល ទាក់ទង​វិជ្ជាជីវៈ និង​ច្បាប់​ផងដែរ​ដល់​អ្នកសារព័ត៌មាន តែ​អ្នក​សារព័ត៌​នៅតែ​ល្មើស​»៕