ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​ក្រសួង​កសិកម្ម​វៀតណាម​បាន​ឯកភាព​រួមគ្នា​គ្រោង​រៀបចំ​កិច្ចព្រមព្រៀង ដែល​នឹងត្រូវ​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរ​ឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់ រវាង​ប្រទេស​ទាំង​ ២​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Le Quoc Doanh អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃទី​ ២១ ​ធ្នូ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការងារ​បច្ចេកទេស រវាង​ក្រសួង​ទាំង​ ២ ​លើ​ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរ​ឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់​ក្នុង​អនុវិស័យ​ព្រៃឈើ​។ នេះ​បើតាម​ហ្វេសប៊ុក​លោក វេង សាខុន នៅ​ថ្ងៃទី​ ២១ ធ្នូ​។

តាមរយៈ​ហ្វេសប៊ុក​លោក​ វេង សាខុន បានឱ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ឯកជន​វៀតណាម​ជាច្រើន​បាន និង​កំពុង​បោះទុន​វិនិយោគ​ទាំង​ការងារ​ដាំដុះ កែច្នៃ និង​វេចខ្ចប់​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ប្រកប​ដោយ​គុណភាព និង​ស្តង់ដា ហើយ​ប្រទេស​វៀតណាម​ក៏​ជា​ទីផ្សារ​ដ៏ធំ​មួយ សម្រាប់​កម្ពុជា​នាំចេញ​កសិផល​ដូចជា​ស្រូវ ដំឡូងមី​ស្រស់ និង​ក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែ​ចេក និង​កៅស៊ូ​ជាដើម​។

ទាំងអស់​នេះ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ដល់​ការអភិវឌ្ឍ​វិស័យនេះ​ប្រកបដោយ​ចីរភាព និង​ជាពិសេស​បាន​ចូលរួម​បង្កើត​ការងារ​យ៉ាងច្រើន​ជូន​ដល់​ប្រជាជន​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​មាន​ជំនឿ​ជឿជាក់​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​វៀតណាម​នាពេលនេះ កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​នេះ​នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែម​មួយកម្រិត​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

តាម​ហ្វេសប៊ុក​លោក វេង សាខុន បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នោះ ក្រសួង​ទាំង​ ២ បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ទៀត​ដូចជា​ឯកសារ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ទាក់ទង​នឹង​អនាម័យ និង​ភូតគាម​អនាម័យ (SPS) លើ​ផលិតផល​កសិកម្ម ដើម្បី​សម្រួល​ដល់​ការនាំចេញ និង​នាំចូល​កសិផល​រវាង​ប្រទេស​ទាំង ២ និង​ការការពារ និង​ទប់ស្កាត់​ជំងឺ​ឆ្លង​សត្វ​រវាង​ប្រទេស​ទាំង​ ២ និង​ការអនុវត្ត​ចត្តាឡីស័ក​សត្វ​តាម​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​ផងដែរ​។

លោក​ ជា ចំរើន ប្រធាន​អង្គការ​ថែរក្សា​បរិស្ថាន និង​កសិកម្ម ថ្លែង​នៅ​ថ្ងៃទី​ ២២ ធ្នូ​ថា ការរួម​គ្នា​រៀបចំ​កិច្ចព្រមព្រៀង ដើម្បី​ពង្រឹង​ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរ​ឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់​រវាង​ប្រទេស​ទាំង​ ២ ​នេះ ជា​រឿង​ល្អ​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់​គ្រប់គ្នា​គួរតែ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​។ ប្រជាជន​កម្ពុជា​ប្រមាណ ១៦ ​លាន​នាក់ ក្នុង​ម្នាក់​ដាំ​ ១ ​ដើម នឹង​បង្កើតឱ្យមាន​ដើមឈើ​ចំនួន ១៦ ​លាន​ដើម ចូលរួម​ក្នុង​ការថែរក្សា​បរិស្ថាន​ឱ្យបាន​កាន់តែ​យូរអង្វែង​។

លោក ជា ចំរើន លើកឡើង​ថា តាម​ការសង្កេត​របស់​លោក​នាពេល​កន្លងមក រដ្ឋាភិបាល​ក៏មាន​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បិទ​មិន​ឱ្យ​មាន​ការជួញដូរ​ឈើ និង​ទំនិញ​ផ្សេងៗ​ឆ្លងដែន​ខុសច្បាប់​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅតែមាន​ការលួច​ដឹក​ចេញចូល​បាន​ដោយសារ​ឈ្មួញ​ងងឹត​លួច​នាំ​ទំនិញ​ឆ្លងដែន​តាមផ្លូវ​កាត់​ (​ច្រករបៀង​) ហេតុនេះ បើ​រដ្ឋាភិបាល​បង្កើត​កិច្ចព្រមព្រៀង​រឹតបន្តឹង ការទប់ស្កាត់​បទល្មើស​តាមផ្លូវ​ងងឹត​នឹង​អាច​ទប់ស្កាត់បាន​ល្អប្រសើរ​ជាង​មុន​។

លោក​បញ្ជាក់ថា​៖ «​ឈ្មួញ​ងងឹត​រកស៊ី​តាមផ្លូវ​កាត់ បានន័យថា ផ្លូវ​ច្រក​បិទ​ចេញចូល​អត់​បាន ប៉ុន្តែ​ផ្លូវ​ដែល​មិន​បិទ​គឺ​ចេញចូល​បាន អ៊ីចឹង​បើ​មាន​ការរឹតបន្តឹង​ពី​ប្រទេស​ជិតខាង​បាន​ទៅរួច ជាពិសេស​គឺ​ប្រទេស​វៀតណាម​តែម្តង ព្រោះ​យើង​មាន​ព្រំដែន​ជាប់​គាត់ ទាល់តែ​មានការ​ជួយ​គ្នា​រឹតបន្តឹង​»៕