ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ជំនាញ​នៅ​ថ្ងៃទី​ ២២ ធ្នូ បាន​តម្រូវ​ឱ្យ​ជនសង្ស័យ​ប្រុស-ស្រី​ ២ ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ប្លន់​ប្រដាប់​អាវុធ ក្នុង​ផ្ទះ​ឧកញ៉ា​ អ៊ាន សៀវម៉ី កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ នាំ​សមត្ថកិច្ច​ទៅ​បង្ហាញ​ទីតាំង​ប្រមូល​ទិញ​គ្រឿងអលង្ការ​ពី​ពួកគេ​ក្នុង​ផ្សារកណ្ដាល និង​ផ្សារ​ចាស់​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​ សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនសង្ស័យ​ប្រុស-ស្រី​ ២ ​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោងជាង​ ១០ ​យប់ ថ្ងៃទី​ ២០ ​ធ្នូ និង​ម៉ោង​ ៣ ​ទៀបភ្លឺ​ចូល​ថ្ងៃទី​ ២១ ធ្នូ ឆ្នាំ​ ២០២១ បាន​សារភាពថា ក្រោយពី​បាន​ចូលរួម​ក្នុង​សកម្មភាព​ប្លន់​ប្រដាប់អាវុធ នៅផ្ទះ​ឧកញ៉ា អ៊ាន សៀវម៉ី រួចហើយនោះ ១ ​ថ្ងៃ​ក្រោយមក ពួកគេ​ត្រូវបាន​បញ្ជា​ឱ្យ​នាំយក​គ្រឿងអលង្ការ​ទៅ​លក់​នៅ​ផ្សារ​ចាស់ និង​ផ្សារកណ្ដាល ដើម្បី​យក​លុយ​មក​ចែកគ្នា​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ គ្រឿងអលង្ការ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង​ប្រមូលបាន​ត្រឡប់មកវិញ​អស់ហើយ ក្រោយពី​ពួកគេ​បាន​សហការ​នាំ​សមត្ថកិច្ច​យើង​ទៅ​ចង្អុលបង្ហាញ​ទីតាំង ដែល​បាន​ប្រមូល​ទិញ​គ្រឿងអលង្ការ​ពី​ពួកគេ​កាលពី​ព្រឹក​មិញ​នេះ​ [​ព្រឹក​ថ្ងៃ​ ២២ ធ្នូ ២០២១]»​។

ទោះយ៉ាងណា លោក​ សុខសីហា មិនបាន​ប្រាប់ឱ្យដឹង​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ប្រុស-ស្រី​ទាំង​ ២ និង​ម្ចាស់​ទីតាំង​លក់​គ្រឿងអលង្ការ ដែល​បាន​ប្រមូល​ទិញ​គ្រឿងអលង្ការ​ពី​ក្រុម​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះឡើយ​។

លោក​អះអាងថា នៅពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ ហើយ​ថា ជនសង្ស័យ​ទាំង​ ២ កំពុងស្ថិត​ក្នុង​ការឃុំ​ខ្លួន​នៅក្នុង​បន្ទប់​មួយ នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​។ ​ដោយឡែក​ក្រុម​ជនសង្ស័យ​ ១២ ​នាក់ រួមបញ្ចូល​ទាំង​មេគណបក្ស​ខ្មែរ​ក្រោក ដែល​គេ​ស្គាល់​ជាទូទៅ​ថា William Guang និង​ដែល​កម្លាំង​កងរាជ​អាវុធហត្ថ​អះអាង​ថា ជា​មេខ្លោង​ធំ​រៀបចំ​ផែនការ និង​ដឹកនាំ​សកម្មភាព​ប្លន់​ដោយផ្ទាល់​នោះ នៅពេលនេះ​គេ​នៅ​មិនទាន់​ដឹងថា តើ​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​មាន​ចំណាត់ការ​នីតិវិធី បែបណា​នោះទេ​។

អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ល្ងាច​ថ្ងៃទី​ ២២ ខែធ្នូ ក្នុង​ភាពស្រពេច​ស្រពិល​ថា លោក​មិនដឹងថា ពួកគេ​ [​ក្រុម​ជនសង្ស័យ​] ត្រូវ​បាន​បញ្ជូន​ឡើងទៅ​តុលាការ ឬ​នៅ​នោះទេ នៅពេល​នេះ ខណៈ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានី-ភ្នំពេញ​បាន​បដិសេធ​ក្នុង​ការផ្ដល់​អត្ថាធិប្បាយ​៕

វីដេអូ៖