បន្ទាយមានជ័យៈ តុលាការខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​ ២២ ធ្នូ បានសម្រេច​ឃុំខ្លួន មេឃុំ​ម្នាក់​ក្នុងស្រុក​ព្រះនេត្រព្រះ និង​អ្នកកាសែត​ម្នាក់​នៃ​អង្គភាព​សារព័ត៌មាន​និស្សិត​ខ្មែរ ដោយ​ចោទប្រកាន់​ពី​បទ​កាប់​រានទន្ទ្រាន​កាន់កាប់​ និង​លក់​ដី​រដ្ឋ​នៅក្នុង​តំបន់​ព្រៃ​លិចទឹក​ក្នុង​បឹង​ទន្លេសាប​ដោយ​ខុសច្បាប់​។

លោក សំរិទ្ធ សុខុន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ២២ ​ធ្នូ​ថា លោក អែម ណុយ អាយុ​ ៦០ ​ឆ្នាំ មាន​តួនាទី​ជា​មេឃុំ​ភ្នំ​លៀប​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តបន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១៨ ធ្នូ​បន្ទាប់ពី​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋបាលខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​ និង​រកឃើញថា គាត់​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់​ ៣ ​នៃ​បឹង​ទន្លេសាប​ដោយ​ខុសច្បាប់​ក្នុង​ទំហំ​សរុប​ ១១០ ​ហិកតា​។ នៅក្នុង​ឆ្នាំ​ ២០១៨ និង ឆ្នាំ​ ២០១៩ គាត់​បាន​លក់​ដី​នោះ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៦ ​គ្រួសារ​ក្នុង​តម្លៃ​សរុប ៣៩ ៧០០ ​ដុល្លារ និង​ ១១ ​ម៉ឺន​បាត​។

ចំណែក​លោក ឈួម ធូ អាយុ​ ៥៧ ​ឆ្នាំ មាន​តួនាទី​ជា​អ្នកយក​ព័ត៌មាន​ឱ្យ​កាសែត​និស្សិត​ខ្មែរ មាន​លំនៅ​ក្នុងភូមិ​ពាមកំពង់​ក្រសាំង ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២១ ​ផងដែរ ក្រោយ​ស្រាវជ្រាវ​រកឃើញថា គាត់​ពាក់ព័ន្ធ​ករណី​ឈូសឆាយ​កាប់ឆ្ការ​​គាស់​រាន​ និង​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ ​ខុសច្បាប់​នៅ​ចំណុច​អាង​លីសំអាន​ និង​នៅ​ភូមិ​ក្របៅ ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ សរុប​ ២០០ ​ហិកតា ក្នុង​ឆ្នាំ​ ២០១៨ ​និង ​២០១៩​។

លោក សុខុន បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​សម្រេច​ឱ្យ​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ដោយ​ចោទប្រកាន់​ពី​បទ​កាប់រានទន្ទ្រាន​កាន់កាប់ និង​លក់ដូរ​ដីព្រៃលិច​ទឹក​របស់​រដ្ឋ​ដោយ​ខុសច្បាប់​តាម​មាត្រា​ ៩៨ នៃ​ច្បាប់​ស្ដីពី​ជលផល​»​។

លោក ងោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមការងារ​ថ្នាក់​ខេត្ត នៅតែ​បន្ត​សហការ​ចូលរួម​ជាមួយ​ក្រុម​គណៈកម្មការ​ថ្នាក់ជាតិ​នៅក្នុង​ការស្រាវជ្រាវ និង​បង្ក្រាប​ចាប់​រឹបអូស​មកវិញ​នូវ​ដីព្រៃ​លិច​ទឹក​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង​នឹងមិន​លើកលែង​ឡើយ យើង​នឹង​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ក្នុង​ករណី​រកឃើញថា ជនណាម្នាក់​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កាប់​រានទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ យក​មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់ខ្លួន ឬ​លក់ដូរ​ដោយ​ខុសច្បាប់​»​។

ដោយឡែក​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​ទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​មន្ទីរ​អង្គភាព និង រដ្ឋបាល​ក្រុង-ស្រុក​ក្រោម​ឱវាទ​ឱ្យ​ពង្រឹង​យន្តការ​តាមដាន ត្រួតពិនិត្យ លើ​កិច្ចការ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ដូចជា​ការត្រួតពិនិត្យ​ការសាងសង់​អគារ សំណង់​លំនៅឋាន ការដឹកជញ្ជូន ការចាក់​បំពេញ​អាចម៍ដី ការពុះដីឡូត៍ ការគ្រប់គ្រង​ទប់ស្កាត់ បង្ក្រាប​ការទន្ទ្រាន​ដី​ព្រៃ​លិចទឹក និង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​សេចក្ដី​ណែនាំ​នោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​គូសបញ្ជាក់​ថា ដើម្បី​ពង្រឹង​យន្តការ​លើកកម្ពស់​ប្រសិទ្ធភាព និង​បង្កើន​ការទទួល​ខុសត្រូវ​លើ​កិច្ចការងារ​មួយចំនួន​បន្ថែមទៀត ឱ្យ​ស្រប​តាមច្បាប់​អនុក្រឹត្យ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពេញលេញ រដ្ឋបាល​ខេត្ត​សូម​ធ្វើការ​ណែនាំ​ក្រើនរំឭក ដល់​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង-ស្រុក ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា ទៅតាម​មុខជំនាញ និង​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ទាំង​ការងារ​ផ្ដល់​សេវាសាធារណៈ និង​ការងារ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ក្នុង​នោះ​រួមទាំង​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​លិចទឹក និង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នានា​៕