ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង អនុម័ត​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​ ២០២០ ​នៃ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៦ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ អ៊ិត សំហេង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន បើទោះបីជា​ស្ថិត​នៅក្នុង​បរិបទ​កូវីដ​ ១៩ ​ក្តី​។

នៅ​ថ្ងៃទី​ ២២ ធ្នូ គណៈកម្មការ​អន្តរក្រសួង សម្រាប់​ដឹកនាំ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​ ២០១៥-២០២៥ បាន​បើក​កិច្ចប្រជុំ​លើក​ទី​ ៦ របស់ខ្លួន តាម​ប្រព័ន្ធ​វីដេអូ (Zoom) ​ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន មន្ត្រី​រាជធានី-ខេត្ត ព្រមទាំង​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។ កិច្ចប្រជុំ​នេះ គឺមាន​គោលបំណង​ពិនិត្យ និង​វាយតម្លៃ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ ២០១៥-២០២៥ និង​បញ្ហា​ប្រឈម​នៅក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ការងារ​។

ក្នុងឱកាស​នោះ លោក អ៊ិត សំហេង ដែល​ក៏​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​គោលនយោបាយ​នេះ​បាន​លើកឡើងថា ទោះបីជា​កម្ពុជា​បាន​រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម និង​ជា​ឧបសគ្គ​រារាំង​ក្នុង​ការអនុវត្ត​សកម្មភាព​លើ​គ្រប់​វិស័យ​ក៏ដោយ ក៏​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៅតែ​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ជា​សសរស្តម្ភ​​ទាំង​ ៣ ​នៃ​គោលនយោបាយ​។

សសរស្តម្ភ​ទាំង​ ៣ ​នៃ​គោលនយោបាយ​នោះ រួមមាន​ការបង្កើន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់ ការលើកកម្ពស់​ការអភិវឌ្ឍ​ជំនាញ និង​ធនធានមនុស្ស និង​ការពង្រឹង​អភិបាលកិច្ច​ទីផ្សារការងារ​ដែល​ជាក់ស្ដែង នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៦ ​នេះ គណៈកម្មការ​អន្តរក្រសួង​បាន​ពិនិត្យ និង​អនុម័ត​របាយការណ៍​ឆ្នាំ​ ២០២០ ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ​ ២០១៥-២០២៥ ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ជា​ការកត់សម្គាល់ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន ជាពិសេស​ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ឆ្លើយតប​នឹង​វិបត្តិ​នេះ​ដោយ​ភាពស្វាហាប់ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​ស្មារតី​បុរេសកម្ម សំដៅ​កាត់បន្ថយ​ផលប៉ះពាល់ និង​គាំទ្រ​ដល់​សកម្មភាព​សង្គម-សេដ្ឋកិច្ច ដោយ​រក្សាបាន​នូវ​ការងារ​លំនឹង​ជីវភាព​ប្រជាជន និង​ធុរកិច្ច​»​។

តាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​ ២២ ធ្នូ បានឱ្យ​ដឹងថា វឌ្ឍនភាព​សំខាន់ៗ​នៃ​ការអនុវត្ត​គោលនយោបាយ​ក្នុង​ឆ្នាំ​ ២០២០ ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ស្ថាប័ន​ខិតខំ​សម្រេចបាន​រួមមាន​ការរក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការអនុម័ត​គម្រោង​វិនិយោគ មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ថ្មី​ចំនួន ១៩៥ ​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៤៣ ​គម្រោង ដែល​អាចបង្កើត​ការងារ​បាន​ប្រមាណ​ ១៥១ ០០០ ​កន្លែង​។

ក្រៅពីនេះ​រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ស្តីពី​ការទាក់ទាញ​វិនិយោគ​ចំ​គោលដៅ ដោយ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត​ពន្ធ និង​អនុគ្រោះ​ពន្ធ ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​អាទិភាព​ដែល​រងគ្រោះ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការធ្វើ​កំណែទម្រង់​ទំនើបកម្ម​ពី​ការចុះបញ្ជី​អាជីវកម្ម ការទូទាត់​សេវាសាធារណៈ ព្រមទាំង​ការទទួល​វិញ្ញាបនបត្រ​ចុះបញ្ជី តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទាំងស្រុង​តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (CamDx) ​ផងដែរ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​បង្ហាញ​នូវ​ការមើលឃើញ​របស់​លោក​ថា ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១ ​នេះ បញ្ហា​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ និង​ក្រីក្រ​ដូចជា​កម្ពុជា​។ លោក​បាន​រៀបរាប់​ថា​៖ «​ស្ថានភាព​មុខរបរ និង​ការងារ​អី​ផ្សេងៗ ខ្ញុំ​មើលឃើញថា យើង​លំបាក ព្រោះ​បើ​ថា ឱ្យ​យើង​លើកស្ទួយ​មុខរបរ​សមរម្យ​អីហ្នឹង ខ្ញុំ​មើលមិនឃើញ​ទេ ដោយសារ​តែ​យើង​ជួប​វិបត្តិ​នេះ​។ យើង​ប្រឹង​ទប់​ធ្វើ​យ៉ាងម៉េច កុំឱ្យ​ប្រជាពលរដ្ឋ​យើង​ធ្លាក់ខ្លួន​ជាប់ផុង​នឹង​វិបត្តិ​សុខភាព​សាធារណៈ​នេះ​។ រឿង​មួយ​ដែល​ខ្ញុំ​មើលឃើញ និង​ទទួលបាន គឺ​កម្ពុជា​យើង​ជា​ប្រទេសមួយ ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ឈានមុខ​គេ​ក្នុង​ការជំរុញឱ្យ​ពលរដ្ឋ​ទទួល​បាន​វ៉ាក់សាំង​»​។ ជាមួយនឹង​ការលើកឡើង​ដូច្នេះ លោក មឿន តុលា និយាយ​ថា ដើម្បីឱ្យ​កម្ពុជា​ធ្វើការ​ផ្លាស់ប្តូរ និង​លើកស្ទួយ​រចនាសម្ព័ន​ឧស្សាកម្ម ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ពលកម្ម​ផ្អែកលើ​ជំនាញ​នៅ​ឆ្នាំ​ ២០២៥ រដ្ឋាភិបាល​ត្រូវតែ​ផ្តោត​ទៅលើ​វិស័យនេះ និង​ដាក់ចេញ​នូវ​គោលនយោបាយ​សំខាន់​ឱ្យបាន​ត្រឹមត្រូវ ពាក់ព័ន្ធ​នឹង​ការពង្រីង​វិស័យ​កសិកម្ម ពង្រីក​ទីផ្សារ​កែច្នៃ ដើម្បី​បង្កើត​កម្លាំង​ពលកម្ម​ក្នុងស្រុក និង​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការទទួល​យក​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ​។

បើតាម​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​ ២០២០ ​នៃ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិស្ស និស្សិត​ក្នុង​ប្រព័ន្ធ​សរុប​ចំនួន ១៨ ៤៩៤ ​នាក់ (​ស្រី ៦ ៧០៨ ​នាក់​) និង​ក្រៅ​ប្រព័ន្ធ​ចំនួន ១៩ ៧២៧ ​នាក់ (​ស្រី ៩ ៣២០ ​នាក់​) និង​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ស្ពាន​ចម្លង​បន្ត​ជំនាញ​ដែលមាន​សិស្ស​សរុប​ចំនួន ៣ ៤០០ ​នាក់ (​ស្រី ១ ៥៥០ ​នាក់​) ខណៈ​បាន​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការជ្រើសរើស​កម្លាំង​ពលកម្ម​ពី​គ្រប់​ប្រភព​ចំនួន​ ១៨៤ ៨០៨ ​កន្លែង​។ របាយការណ៍​ដដែល​បន្តថា ក្រៅពី​នោះ រដ្ឋាភិបាល​ក៏​បាន​រៀបចំ​របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​ទីផ្សារការងារ​បាន​ផ្តល់​សេវា​ប្រឹក្សា​យោបល់​អំពី​អាជីព​ការងារ និង​វិជ្ជាជីវៈ​ដល់​អ្នកស្វែងរក​ការងារ​ចំនួន​ ៦ ២៣៨ ​នាក់ បាន​ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ​ចំនួន ១៧ ២០២ ​នាក់ និង​អ្នកស្វែងរក​ការងារ​ធ្វើបាន​ទទួល​ការងារ​ធ្វើ​ចំនួន ៤៧៥៣ ​នាក់ រួមជាមួយ​នឹង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អធិការ​កិច្ចការងារ ព្រមទាំង​បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​រួម​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ជាដើម​។

ជាមួយ​នឹង​សមិទ្ធផល​ទាំងនេះ លោក អ៊ិត សំហេង នៅតែ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​រដ្ឋបាល​រាជធានី-ខេត្ត វិស័យ​ឯកជន និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​​បន្ថែមទៀត ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​នេះ​ ដើម្បី​ធ្វើការផ្លាស់ប្តូរ និង​លើកស្ទួយ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ពលកម្ម​ផ្អែកលើ​ជំនាញ​នៅ​ឆ្នាំ​ ២០២៥៕