ភ្នំពេញៈ មន្ដ្រី​ចំណុះ​ក្រសួង​បរិស្ថាន​ចំនួន​ ១២២ រូប ទទួល​បាន​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិស័យ​បរិស្ថាន​​រយៈពេល ១១ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី​ ៣១ ធ្នូ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​កាលពី​ថ្ងៃទី​ ២១ ធ្នូ​ថា វគ្គ​បណ្តុះបណ្តាល​នឹង​ក្លាយជា​ចលករ​ក្នុង​ការកសាង និង​អភិវឌ្ឍ​​សមត្ថភាព​មន្ត្រីរាជការ​វ័យក្មេង​ជា​ថ្នាល​បណ្ដុះ​នូវ​ធនធាន​មនុស្ស​​ សម្រាប់​អ្នក​បន្តវេន​ក្នុង​កិច្ចអភិវឌ្ឍន៍ និង​វឌ្ឍនភាព​សង្គម​នៃ​ប្រទេសជាតិ​។ តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក៏​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សិក្ខាកាម​ឱ្យបាន​យល់ដឹង​អំពី​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ រចនាសម្ព័ន្ធ និង​ការងារ​ស្នូល​របស់​ក្រសួង​មន្ទីរ​ឱ្យ​កាន់តែច្បាស់ និង​ស៊ីជម្រៅ​រួម​នឹង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ជាក់ស្តែង ពិសេស​ការកំណត់​បញ្ហា និង​ដំណោះស្រាយ ផ្អែក​ទៅតាម​​បទដ្ឋាន​គតិយុត្ត​។

លោក​បាន​ថ្លែងថា​៖ «​វគ្គបណ្តុះបណ្តាល​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន​នេះ ត្រូវបាន​ចាត់ទុកជា​ធាតុ​ចូល​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​របស់​ក្រសួង ដើម្បី​ប្រែក្លាយ​ជា​រដ្ឋបាល​ទំនើប សំដៅ​ឈានទៅ​សម្រេច​គោលបំណង​​គោលនយោបាយ​នៃ​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស ជីវចម្រុះ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរភាព ក៏ដូចជា ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​»​។

លោក ភក្ត្រា ថ្លែងថា វគ្គបណ្ដុះបណ្ដាល​នេះ ត្រូវ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ហើយ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ទទួលយក​នូវ​ចំណេះដឹង ជំនាញ​មូលដ្ឋាន​ដែល​ទទួលបាន​​ពី​វគ្គបណ្ដុះបណ្ដាល​នេះ​ទាំង​គុណភាព និង​បរិមាណ ដើម្បី​បន្ត​ឈានទៅ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឱ្យ​គ្រប់គ្រាន់ សម្រាប់​ឆ្លើយតប​នូវ​តម្រូវការ​របស់​ប្រជាជន​ធ្វើយ៉ាងណា​ ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​សេវាសាធារណៈ សំដៅ​បម្រើ​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​នាម​ជា​មន្ត្រីរាជការ​មួយរូប​...​ត្រូវបំពេញ​កាតព្វកិច្ច​ដោយ​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​រួមចំណែក​ជួយ​ដល់​អង្គភាព និង​ថ្នាក់ដឹកនាំ​សម្រេចបាន​នូវ​គោលបំណង គោលនយោបាយ​របស់​ក្រសួងបរិស្ថាន​ឱ្យ​ទទួល​បាន​ជោគជ័យ​»​។

លោក សុខ គាង អនុរដ្ឋលេខាធិការ បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ចែកជា ៤ ​វគ្គ ទៅតាម​ជំនាញ​បច្ចេកទេស​ផ្សេងគ្នា​។ គ្រូឧទ្ទេស​ជំនាញ​បច្ចេកទេស​វិស័យ​បរិស្ថាន​ទាំង​ ៤ ​វគ្គ​នេះ បាន​ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​ការងារ​ជាក់ស្ដែង​ក៏ដូចជា​ពិសោធ​ដែលមាន​៕