បន្ទាយមានជ័យៈ ​យោងតាម​មន្ត្រី​សាខា កាំកុងត្រូល ខេត្ត បន្ទាយមានជ័យ​បានឱ្យដឹងថា សមត្ថកិច្ច​ជំនាញ​បាន​បំផ្លាញ​ទំនិញ​ខូចគុណភាព​ចម្រុះ ជា​បន្តបន្ទាប់ ប្រមាណ​ជាង​៨​តោន ក្រោយពី​ការបង្ក្រាប​និង​រឹបអូស​បាន​ពី ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន ខេត្តបន្ទាយមានជ័យ​ និង​ពី​តំបន់​ផ្សេងៗ​ក្នុង​ឆ្នាំ​២០២១​។​

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត បន្ទាយមានជ័យ ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ធ្នូ ថា ទំនិញ​ដែល​ត្រូវ​ដុត​បំផ្លាញចោល​ទាំងនោះ​មានដូចជា កាកសំណល់​កម្ទេច​មី ស្រា​បៀរ​សឹង្ហ​និង​ស្រា​បៀរ​ប៊ូ​ឌូ​ស័​រ ភេសជ្ជៈ​អាដេ អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ភេសជ្ជៈ​ទឹកក្រូច​ចម្រុះ​។​

លោក​បន្តថា ទំនិញ​ខូចគុណភាព​ទាំងនោះ ឈ្មួញ​បាន​លួច​នាំចូល​ពី​ប្រទេស​ថៃ នៅ​ចំណុច​ច្រករបៀង​បឹង​ត្រកួន និង​តាម​ច្រក​អូរ​បី​ជាន់​។​

លោក វិជ្ជា​សា​រ៉ាវុធ ថ្លែងថា​៖ «​ទំនិញ​ខូចគុណភាព​នៅ​ឆ្នាំ​២០២១​នេះ​គឺមាន​ការកើនឡើង​ជាង​ឆ្នាំមុន​ជាង​ពាក់កណ្តាល​មូលហេតុ​អំឡុងពេល​កូ​វីដ​ផ្ទុះ​ខ្លាំង​នោះ​គឺ​មន្ត្រី​ជំនាញ​របស់​យើង​មិនសូវមាន​សកម្មភាព អ៊ីចឹងទៅ​ឈ្មួញ​ចេះតែ​លួច​នាំចូល​។ ម្យ៉ាងទៀត​ឈ្មួញ​យល់ឃើញថា​ពួក​ខ្ញុំ​អត់​មាន​តួនាទី​អី​នៅ​ព្រំដែន អ៊ីចឹង​គាត់​គិតថា​ពួក​ខ្ញុំ​អត់​មាន​សមត្ថកិច្ច​អី​ចាប់គាត់​ទេ រឿងនេះ​គាត់​អត់​យល់​ដល់ពេល​យើង​ឆ្មក់​យើង​ដាក់​បណ្តាញ​នៅតាម​គោលដៅ​ក៏​ចាប់បាន​ច្រើន យើង​ខកខាន​សកម្មភាព​ខ្លះៗ​ដោយសារ​កូ​វីដ​ផ្ទុះ​ខ្លាំងពេក​»​។​

បើតាម​លោកវិជ្ជា​សា​រ៉ាវុធ ថ្លែង​ថា នៅពេលដែល​សមត្ថកិច្ច​របស់លោក​ចាប់​ឃាត់​ទំនិញ​ណាមួយ​គឺ​មន្ត្រី​ជំនាញ​លោក​តែងតែ​ធ្វើការ​អប់រំ និង​លើក​ពី​មូលដ្ឋាន​ច្បាប់​ពន្យល់​ដល់​ឈ្មួញ​ហើយ​បើ​គាត់​មិន​ព្រម​ចូលរួម​សហការ​ គឺ​ចាត់ទុកថា​ជា​ការបំពានច្បាប់​។​បើ​ដូចនេះ​ត្រូវតែមាន​កំហុស​ហើយ​ឈានដល់​ការធ្វើ​សំណុំរឿង​បញ្ជូនទៅ​តុលា​ការដែល​បែបនេះ​មាន​៣​ទៅ​៤​ករណី​ហើយ​ដែល​លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

លោក​ថ្លែងថា​៖«​យើង​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​នៅតាម​ទីតាំង​លក់ទំនិញ និង​ដល់​ពលរដ្ឋ​គឺ​អ្វីដែល​យើង​ចង់បាន​នោះ​គឺ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​។​ពិសេស​អាជីវក និង​ពាណិជ្ជក បើ​ពួកគាត់​លក់ទំនិញ​ត្រូវ​យល់ដឹង​អំពី​ច្បាប់​គឺ​ត្រូវ​លក់ទំនិញ​ណា​ដែល​ល្អៗ និង​បំរើ​ដល់​សុខភាព​រាងកាយ​។ ពិសេស​ទំនិញ​ផ្តល់​អាហារ​រូប​ត្ថ​ម​»៕