កំពង់ធំៈ សាច់​ជ្រូក​ព្រៃ​ចំនួន​១៦៦​គីឡូ​ក្រាម​និង​សត្វព្រៃ​មួយចំនួន​ធំ​ទៀត​ត្រូវបាន​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ខេត្ត​កំព​ង់ធំ​ដុត​កម្ទេច​ចោល​នៅ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ដកហូត​បាន​នៅ​ភូមិ​បឹង ឃុំ មាន​រិ​ទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២២ ធ្នូ ឆ្នាំ ២០២១ ​និង​បាន​ផាក​ពិន័យ​អន្តរ​ការណ៍​ដល់​ស្រី​៣​នាក់។

លោក​សៅ វណ្ណ​នី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ប្រាប់​នៅ​រសៀល​ថ្ងៃទី២៣ ធ្នូ​ថា ក្រុមការងារ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​របស់​លោក​ កាលពី​ថ្ងៃទី២២ ធ្នូ បាន​ដុត​កម្ទេច​សាច់​ជ្រូក​ព្រៃនិង​សាច់​សត្វព្រៃ​មួយ​ចំនួន​ទៀត​ចោល។ការ​ចុះ​បង្ក្រាប​អ្នកលក់​សាច់សត្វ​ព្រៃ​នេះ​មាន​កិច្ច​សហ​ការ​ជាមួយ​ក្រុម​អន្តរា​គមន៍​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ចល័ត​និង​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ​រួមជាមួយ​កម្លាំង​ប្រតិបត្តិ​ការ​សឹក​វរៈ១កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក​បន្ត​ថា៖«សត្វ​សាច់​ទាំង​នោះ​យើង​បានធ្វើការ​ដុត​ចោល​នៅ​ស្នាក់​ការ​តែម្តង​រីឯ​អ្នក​លក់​សត្វព្រៃ​គឺ​ត្រូវ​ផាក​ពិន័យ​ជា​អន្តរ​ការណ៍​តែ​ការងារ​នេះ​ថ្នាក់​លើ​ជា​អ្នកអ​នុវត្ត​ទេ»​។

លោក​បញ្ជាក់​ថា ការបង្ក្រាប​ទីតាំង​លក់​សាច់​សត្វ​ព្រៃ​នេះ​ធ្វើឡើង​នៅ​ភូមិ​បឹង ឃុំ មាន​រិ​ទ្ធ ស្រុក ​សណ្តាន់ ខេត្ត កំពង់ធំ។ទន្ទឹម​នឹង​នេះ​សមត្ថ​កិច្ច​ឃាត់​បាន​មនុស្ស​ចំនួន​៣នាក់​។ជន​ទី១-ឈ្មោះ​ ឡា​ច យី​ម ភេទ​ស្រី រស់នៅ​ភូមិ​បឹង ឃុំមាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេ​ត្តកំពង់​ធំ និង​ដកហូត​បាន​សត្វ​អណ្តើករ​ស់​បាន​១​ក្បាល ក្តាន់​ញ៉ែង​ងាប់​១​ក្បាល សាច់​ប្រ​មាស្រស់​ទម្ងន់​១៣​គីឡូ​ក្រាម សាច់​ជ្រូក​ព្រៃ​ស្រស់​ទម្ងន់​៧៦​គី​ឡូ​ក្រាម រញី​ប្រផេះ​ក្រៀម​ចំនួន​៧​ក្បាល ក្រពះ​ប្រមា​ក្រៀម​ចំនួន​១៥​។

លោក​​បាន​បន្ត​ទៀត​ថា​ចំពោះ​ជន​ទី២-ឈ្មោះ ប៊ុន ថន ភេទស្រី ដក​ហូត​បាន​សាច់​ជ្រូក​ព្រៃ​ស្រស់​ទម្ងន់​៤២​គីឡូ​ក្រាម និងជន​ទី៣-ឈ្មោះ រស់ ឡុង ភេទស្រី ​ដកហូត​បាន​សាច់​ជ្រូកព្រៃ​ស្រស់​ទម្ងន់​៤៨​គីឡូក្រាម​ក្តាន់​ញ៉ែង​ងា​ប់​ចំនួន​២ក្បាល រ​ញី​ប្រផេះ​ក្រៀម​ចំនួន​៤​ក្បាល និងក្រ​ពះ​ប្រមា​ក្រៀម១រួមទាំង​ម៉ូតូ​ម៉ាកវ៉េវ ​ពណ៌​ខ្មៅ១គ្រឿ​ង​ផងដែ​រ៕