ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុង​បន្ត​ដោះស្រាយ​វិវាទ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ ដោយ​ការពិនិត្យ​ទៅលើ​ការ​គណនា​សំណង​ របស់​កម្មករ​និយោជក​កន្លងមក ខណៈ​កម្មករនិយោជក​​ប្រមាណ​១ ០០០ នាក់ នៅតែ​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅ​ថ្ងៃទី ២៣ ធ្នូ ដើម្បី​ទាមទារ​ចូលធ្វើការ​វិញ។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​លដ៍​ជាង ១ ០០០ នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ ចាប់តាំងពី​ថ្ងៃ១៨ ធ្នូ ឆ្នាំ ២០២១មក ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​​ចូលធ្វើការ ក្រោយ​ពី​ក្រុមហ៊ុន បានប្រកាស​បញ្ឈប់​បុគ្គលិក​ជាង ៣៦០ នាក់ ដោយ​សំអាងថា ដោយ​សារ​តែ​​វិបត្តិ​ជំងឺ​កូ​វី ១៩កាលពី​ឆ្នាំ ២០២០។

ក្រសួង​ការងារ បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​​ថ្ងៃទី ២២ ធ្នូ​ថា ក្រោយពី​មាន​កិច្ចសម្របសម្រួល​ជា​បន្តបន្ទាប់ ក្រសួង​ការងារ បានទទួល​ជួប​កម្មករម្នាក់​​ ដោយបាន​ឯកភាព​ទទួលយក​​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ហើយ​ក្រសួង​ ក៏បាន​ប្រជុំ​ជាមួយ​តំណាង​កម្មករ និយោជិត ដើម្បី​ពិនិត្យ​ទៅលើ​ការ​គណនា​សំណង​របស់​និយោ​ជក​កន្លងមក​ផងដែរ។

ជាមួយ​កិច្ចសម្របសម្រួល​នេះ ក្រសួង​ការងារ ក៏បាន​អះអាងថា ក្រសួង​នឹង​បន្ត​ទទួល​បុគ្គលិក​និយោជិត ដែល​យល់ព្រម​ទទួល​លក្ខខណ្ឌ​ដែល​បាន​ឯកភាព​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​កន្លងមក និង​បន្ត​ជួប​ជាមួយ​តំណាង​កម្មករ​ ដើម្បី​ពិភាក្សា​លើ​ការងារផ្សេងៗបន្តទៀត។

ក្រសួង​បាន​បញ្ជាក់ថា៖«សូម​បងប្អូន និង​អង្គការ​សហជីព ក៏ដូចជា​និយោជក​ ចូលរួម​សហការ​ជាមួយ​ក្រសួង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​បញ្ជ​ប់​ករណី​វិវាទ​នេះ ជាជាង​ការធ្វើ​កូដកម្ម​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​គ្រប់ភាគី​ពាក់ព័ន្ធ»។

កាលពី​ថ្ងៃទី ២១ ធ្នូ សហជីព​បានធ្វើ​បញ្ជី​ឈ្មោះ​បុគ្គលិក​និយោជិត​ទាំង ៣៦៥នាក់ ដែល​ក្នុងនោះ​មាន​ចំនួន ៤៨​នាក់ លើ​ចំនួន៣០០នាក់​យល់ព្រម​ទទួលយក​ប្រាក់​សំណង ដើម្បី​ឈប់​ពី​ការងារ ​នៅពេល​ទូទាត់​ត្រឹមត្រូវ​ស្រប​តាម​​ច្បាប់​ស្តីពី​ការងារ ខណៈ​បុគ្គលិក​ដទៃ នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការតវ៉ា ដើម្បី​ឲ្យ​ក្រុមហ៊ុន ទទួលយក​ពួកគេ ចូលធ្វើការ​វិញ។

លោក មឿ​ន តុលា នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​លើកឡើងថា បើ​ផ្អែកលើ​ការប្រកាស​របស់​ក្រសួង​ការងារ គឺ​បង្ហាញថា បុគ្គលិក​ដែលមាន​បំណង​ចង់​ចូលធ្វើការ​វិញ គឺ​នៅតែមាន​ចំនួន​ច្រើន ដែល​ទាម​​ទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​ពិនិត្យ​ទៅលើ​ការទាមទារ​នេះ ជាជាង​ផ្តល់នូវ​មធ្យោបាយ​ផ្សេងៗ ដែល​កម្មករ​មិនអាច​ទទួលយកបាន។

លោក បន្តថា៖«លទ្ធផល​នៃ​ការសម្របសម្រួល​នេះ គឺ​មិនទាន់​ឃើញ​មាន​ជា​ដុំ​កំភួន​អី​ទេ ដែល​ខាង​ភាគី​អាជ្ញាធរ នៅតែ​ចោទថា ការធ្វើ​កូដកម្ម​នេះ ខុសច្បាប់ អីហ្នឹង។ ចំពោះ​លទ្ធផល​ម្នាក់ ដែល​គាត់​សុខចិត្ត​ទៅ​ទទួល​សំណង ដើម្បី​ឱ្យក្រុមហ៊ុន​ជំ​រុះ​អីហ្នឹង នេះ គឺជា​រឿង​មួយ។ ប៉ុន្តែ​បើ​មើល​បុគ្គលិក​​សរុប​ជាង ៣០០ នាក់ គឺ​ហាក់ដូចជា​ចេតនា​ ចង់​ចូលធ្វើការ​ច្រើនជាង»។

លោក មឿ​ន តុលា ក៏​សង្ឃឹមថា ស្ថាប័ន​ពាក់ព័ន្ធ នឹង​ព​ន្លឿ​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​ក្រុមហ៊ុន​នេះ ទាម​​ទារ​បាន​ឆាប់រហ័ស ចៀសវាង​មានការ​បន្ត​ការតវ៉ា​បន្តទៀត ខណៈ​បុគ្គលិក​ប្រមូលផ្តុំ​គ្នា​តវ៉ា គឺ​ដើម្បី​តែ​ក្រពះ តែ​ប៉ុណ្ណោះ៕