ការធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅតែ​ជា​របៀបវារៈ​សំខាន់​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា​។ ក្រសួង​យុត្តិធម៌​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដឹកនាំ និង​គ្រប់គ្រង​វិស័យ​យុត្តិធម៌ និង​មាន​អាទិភាព​ខ្ពស់ ក្នុង​ការកែលម្អ​ប្រព័ន្ធយុត្តិធម៌​មិន​ចំពោះ​ការផ្តល់​សេវាកម្ម​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ឬ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ឡើយ​។

ក្រសួង​យុត្តិធម៌​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់តាំង​ឱ្យ​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការសិក្សា​ចងក្រង និង​រៀបចំ​ឱ្យ​មាន​ឯកសារ​ទស្សនទាន​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដើម្បី​ក្លាយជា​ប្រទីប​នាំ​ផ្លូវ​ទៅ​រក​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​ «​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​សន្ធានកម្ម​សហគមន៍​» ​សម្រាប់​អ្នក​សម្រុះសម្រួល​មន្ត្រី​ប្រតិបត្តិ​អាជ្ញាធរ​មូលដ្ឋាន និង​តួអង្គ​ពាក់ព័ន្ធ​គ្រប់​កម្រិត​ទាំងអស់​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស្ដង់ដា​ជាតិ​តែមួយ​។ ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​ចង្កោម​នៃ​ដំណើរការ​រួមមាន​សន្ធានកម្ម​ (​ការសម្រុះសម្រួល​) ​ការផ្សះផ្សា​អាជ្ញាកណ្តាល (​មជ្ឈត្តកម្ម​) ​ក៏ដូចជា​យន្តការ​ក្រៅ​ប្រព័ន្ធតុលាការ​ក្រៅផ្លូវការ​ផ្សេងទៀត​ ដែល​មាន​លក្ខណៈ​បែប​ប្រពៃណី​ទំនៀមទម្លាប់​ ឬ​សាសនា​។

ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ធ្លាប់មាន​បទពិសោធ និង​ទម្រង់​ល្អ​មួយចំនួន​ផងដែរ រួមមាន​ការដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​គណៈកម្មការ​សុរិយោដី​តាមរយៈ​ការផ្សះផ្សា និង​សម្រុះសម្រួល​ការដោះស្រាយ​វិវាទ​ការងារ និង​ពាណិជ្ជកម្ម​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ការងារ និង​ពាណិជ្ជកម្ម​តាមរយៈ​មជ្ឈត្តកម្ម និង​ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ដោយ​អតីត​មណ្ឌល​សេវា​យុត្តិធម៌​ដែល​បច្ចុប្បន្ន​ប្រែជា​ការិយាល័យ​នីតិកម្ម​ និង​ការសម្រុះសម្រួល​វិវាទ​មូលដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន​តាមរយៈ​ការសម្រុះសម្រួល​។

បច្ចុប្បន្ន​សម្រាប់​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​សន្ធានកម្ម និង​ចំនួន​អ្នក​សម្រុះសម្រួល​នៅ​កម្ពុជា គឺ​នៅមាន​ចំនួន​កំណត់​ដោយ​ក្រសួង​យុត្តិធម៌​បាន​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ការិយាល័យ​នីតិកម្ម និង​ការសម្រុះសម្រួល​វិវាទ​មូលដ្ឋាន​ក្រុង-ស្រុក-ខណ្ឌ​បាន​មួយចំនួន​ប៉ុណ្ណោះ​សម្រាប់​ដោះស្រាយ​វិវាទ​ជូន​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា​ឆ្នាំ​ ២០២០ បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​ស្តីពី​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​ដោយបាន​តែងតាំង​លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​នេះ​ឡើង​។

ភ្នំពេញ​ប៉ុស្ដិ៍​កាលពីដើម​សប្ដាហ៍​នេះ​បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​ ជិន ម៉ាលីន ​ដើម្បីឱ្យ​លោក​បង្ហាញ​ពី​ដំណើរការ​បច្ចុប្បន្នភាព​គោលបំណង និង​ទិសដៅ​បន្ត​របស់​ក្រសួង​យុត្ដិធម៌​លើ​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​បច្ចុប្បន្ន​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​សម្រេច​បាន​កម្រិតណា​ហើយ?

ចំពោះ​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​បានសម្រេច​លើ​ការរៀបចំ​ឱ្យ​មាន​ឯកសារ​ទស្សនទាន ដែល​ឯកសារ​ទស្សនទាន​នេះ ជា​ឯកសារ​មាន​ការសិក្សា​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​ ដើម្បី​សិក្សា​វិភាគ​មើលថា តើ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​គួររៀបចំ​របៀប​ម៉េច​តាម​ទម្រង់​បែបណា​ហើយ​ចាប់ផ្ដើម​ពី​ណា​ទៅណា​។

ឯកសារ​ទស្សនទាន​នេះ​គឺជា​ផែនទី​បង្ហាញ​ផ្លូវ​ក្នុង​ការរៀបចំ​នូវ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

តទៅ​មុខ​ទៀត​ចេញពី​ឯកសារ​ទស្សនទាន​នេះ​យើង​នឹង​រៀបចំ​ទៅជា​គោលនយោបាយ​ថ្នាក់ជាតិ​ពាក់ព័ន្ធ​ដល់​ការសម្រុះសម្រួល​វិវាទ​តាមរយៈ​សន្ធានកម្ម​។ បន្ទាប់ពី​ចេញពី​គោលនយោបាយ​ថ្នាក់ជាតិ​នេះ​ទៅ យើង​នឹង​រៀបចំ​ទៅជា​ច្បាប់​តែម្ដង​។ ច្បាប់​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទាំងមូល​តែម្ដង​។ ​នេះ​ជា​ទិសដៅ​ដែល​ក្រសួង​នឹង​រៀបចំ​បន្តបន្ទាប់​ទៅមុខទៀត​។

តើ​មូលហេតុ​អ្វីខ្លះ​ទើប​មាន​ការផ្តួចផ្ដើម​រៀបចំ​ឱ្យ​មាន​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​ឡើង​?

ក្រសួង​យុត្ដិធម៌​ចាត់ទុក​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ជា​កម្មវិធី​អាទិភាព ពីព្រោះ​ទី​ ១ ​វា​ចូលរួម​ក្នុង​ការធ្វើឱ្យ​មាន​សុខដុមនីយកម្ម​នៅ​មូលដ្ឋាន​។ បានន័យថា ពេលដែល​ពលរដ្ឋ​មាន​វិវាទ​អ្វី​កើតឡើង ពលរដ្ឋ​អាច​ស្វែងរក​យន្តការ​នេះហើយ​អាច​ស្រុះស្រួល​គ្នា​បាន​។ តាមរយៈ​យន្តការ​នេះ​ពលរដ្ឋ​អាច​ដោះស្រាយ​វិវាទ​នៅ​ទល់មុខ​គ្នា និង​អាច​រាប់អាន​គ្នា​បាន​ខុសពី​យន្តការ​តាមផ្លូវ​តុលាការ​។ បើ​វិវាទ​ត្រូវ​ដោះស្រាយ​ដល់​តុលាការ គឺ​នឹងមាន ១ ​ចាញ់ ១ ​ឈ្នះ ពលរដ្ឋ​នឹង​អាច​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា​មិនអាច​រាប់រក​គ្នា​បានទេ​។ យន្តការ​នេះ​ក៏​កាត់បន្ថយ​បាន​នូវ​បាតុភាព​អំពើហិង្សា​មួយចំនួន​នៅ​មូលដ្ឋាន​ផងដែរ​។ ពីព្រោះ​បើ​នៅ​មូលដ្ឋាន​មាន​យន្តការ​នេះ គឺអាច​សម្រុះសម្រួល​វិវាទ​ដល់​ពលរដ្ឋ​បាន​ហើយ​ពលរដ្ឋ​មាន​កន្លែង​ដែល​ត្រូវ​ទៅ​ដោះស្រាយ​បញ្ហា​រួមទាំង​វិវាទ​ក្នុង​គ្រួសារ អំពើហិង្សា​ក្នុង​គ្រួសារ​ផងដែរ​។ ​ចំណុច​នេះ​គឺ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ដោយបាន​កាត់បន្ថយ​នូវ​បាតុភាព​អំពើហិង្សា និង​បទល្មើស​ផ្សេងៗ​ដែល​កើត​មាននៅ​មូលដ្ឋាន​ដោយសារ​ពលរដ្ឋ​មាន​កន្លែង​ដែល​អាច​ពឹងពាក់​ដោះស្រាយ​វិវាទ​របស់​ពួកគាត់​បាន​។

តាមរយៈ​គោលនយោបាយ​នេះ​តើ​នឹង​អាចជួយ​ដោះស្រាយ ឬក៏​រួមចំណែក​អ្វីខ្លះ ដល់​វិស័យ​យុត្តិធម៌​?

យន្តការ​នេះ​ក៏បាន​ចូលរួម​ក្នុង​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ​រាជធានី-ខេត្ដ​ពីព្រោះ​នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​រយៈពេល​ ១ ​ឆ្នាំ​ (​កាលពី​ឆ្នាំ​ ២០២០) ​យើង​ឃើញថា ធនធាន​របស់​តុលាការ​យើង​វា​អត់​ស្រប​ទៅ​នឹង​កំណើន​ជា​គំហុក​នៃ​សំណុំរឿង​ដែលមាន​នោះទេ​ដោយសារ​តែ​សំណុំរឿង​ទាំងអស់​ទោះ​តូច​ក៏ដោយ​ក៏​រុញ​មក​តុលាការ​ដែរ​ដែល​បណ្ដាល​ឱ្យមាន​ការកកស្ទះ​សំណុំរឿង​។

ដូច្នេះ​នៅពេល​យន្តការ​នេះ​ដំណើរការ​សំណុំរឿង​តូចតាច​មួយចំនួន​ប្រហែលជា​មិន​បញ្ជូនមក​តុលាការ​ទេ ហើយ​តុលាការ​អាចមាន​ពេល​ដោះស្រាយ​សំណុំរឿង​ធំៗ​។ តាមរយៈ​យន្តការ​នេះ​នឹងចូលរួម​មិន​ឱ្យ​មាន​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​ដូច​បច្ចុប្បន្ននេះ​ទៀត​ទេ​។

ក្រោយពេល​យន្តការ​នេះ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ តើ​នឹង​ដើរតួនាទី​យ៉ាងណា​ក្នុង​ការដោះស្រាយ​វិវាទ​?

ក្រោយពេល​យន្តការ​នេះ​ត្រូវបាន​រៀបចំ​ឡើង និង​ប្រកាស​ឱ្យប្រើ​នឹងត្រូវ​បានដាក់​ឱ្យ​អនុវត្ដ​នោះ​នឹង​រៀបចំ​ទៅជា​យន្តការ​ស្ថាប័ន​មួយចំនួន​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​រួមមាន​ស្ថាប័ន​ថ្នាក់ជាតិ និង​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​។ ក្រោយពេល​យន្តការ​នេះ​ត្រូវបាន​រៀបចំឡើង​ក៏​នឹងមាន​ការរៀបចំ​នូវ​ធនធាន​មនុស្ស​សម្រាប់​ផ្ដល់​សេវា​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ និង​រៀបចំ​នូវ​វិធាន​បែបបទ​នីតិវិធី​នៃ​ការអនុវត្ដ​ព្រមទាំង​យន្តការ​នៃ​ការតាមដាន​ត្រួតពិនិត្យ​ពាក់ព័ន្ធ​ទៅនឹង​គុណភាព​ប្រសិទ្ធភាព​នៃ​ការផ្ដល់​សេវា​នេះ​ជូន​ដល់​ពលរដ្ឋ​។

នៅពេល​យន្តការ​នេះ​ត្រូវដាក់​ចេញ​ឱ្យ​អនុវត្ដ​ជា​ផ្លូវការ តើ​ស្ថាប័ន​ណាខ្លះ​ជា​អ្នក​អនុវត្ដន៍​?

គោលនយោបាយ​នៃ​យន្តការ​នេះ​មាន​លក្ខណៈ​ជា​អន្តរ​វិស័យ​ក្រសួង​យុត្ដិធម៌​ជា​អ្នកគ្រប់គ្រង​រួម​ជា​អ្នករៀបចំ​ជា​គោលនយោបាយ​រៀបចំ​ច្បាប់ និង​ផ្ដល់​នូវ​ការបណ្ដុះបណ្ដាល​ការពង្រឹង​សមត្ថភាព​ធនធាន​ជំនាញ​រួមទាំង​រៀបចំ​នូវ​យន្តការ​វិធាន​ប្រតិបត្ដិ​ផ្សេងៗ​គ្រប់យ៉ាង​។ ក៏ប៉ុន្ដែ​អ្នក​អនុវត្ដ​ផ្ទាល់​រួមមាន​មន្ដ្រី​របស់​ក្រសួង​យុត្តិធម៌​ផង មន្ដ្រី​ក្រសួងមហាផ្ទៃ​ដែលមាន​នៅតាម​មូលដ្ឋាន រួម​នឹង​មន្ដ្រី​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ដែលជា​អ្នកផ្ដល់​សេវា​សម្រុះសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅក្នុង​វិស័យ​របស់​ស្ថាប័ន​នោះ​។ នៅពេលដែល​គោលនយោបាយ​នេះ​ចេញ​គឺ​មិនអាច​ដូច​សព្វថ្ងៃនេះ​ទៀត​ទេ​ដែល​អ្នកណា​ក៏​អាច​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​នោះ​។

នៅពេល​គោលនយោបាយ​នេះ​ចេញ គឺ​នឹង​រៀបចំ​ឱ្យមាន​ការសម្រុះសម្រួល​វិវាទ​ទៅជា​វិជ្ជាជីវៈ​មួយ ដូច្នេះ​កាលណា​ជា​វិជ្ជាជីវៈ គឺ​ទាមទារ​ការបណ្ដុះបណ្ដាល ការទទួល​ស្គាល់​ការវាយតម្លៃ​ត្រឹមត្រូវ មិនមែន​អ្នកណា​ក៏​អាច​ធ្វើ​ការងារ​នេះ​បាន​នោះទេ​។ លើសពីនេះ​នឹងមាន​ការត្រួតពិនិត្យ និង​វាយតម្លៃ​ពី​គុណភាព​ច្បាស់លាស់​។

ជា​ទិសដៅ​បន្តបន្ទាប់​ពី​ការផ្សព្វផ្សាយ​ឯកសារ​ទស្សនទាន​ស្តីអំពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​សន្ធានកម្ម​នៅ​ថ្នាក់មូលដ្ឋាន​នេះ​ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ជា​គោលនយោបាយ​ថ្នាក់ជាតិ​មួយ​អំពី​យន្តការ​នេះ និង​បន្ទាប់មក​នឹង​រៀបចំ​ឱ្យ​ទៅ​ជា​ច្បាប់​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជារួម​តែម្តង​៕