បាត់ដំបងៈ រដ្ឋបាល​សាលាស្រុក​បាណន់​នៃ​ខេត្ដ​បាត់ដំបង​បាន​ចេញ​លិខិត​សម្រេច​ឱ្យ​លោក​​ ជឹម ភើយ ជា​អតីតមន្ត្រី​យោធា​ដែល​ចូលនិវត្តន៍​ផ្អាក​ចាក់ដី និង​សាងសង់​ជា​បណ្ដោះអាសន្ន​នៅក្នុង​ភូមិ​សំរោង ឃុំ​ស្ទឹង ក្រោយពី​អាជ្ញាធរ​បាន​រកឃើញ​ទីតាំង​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​ និង​មាន​ពាក់ព័ន្ធ​នឹង​ការយក​ដីរដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​។

យោងតាម​លិខិត​របស់​រដ្ឋបាល​ស្រុក​បាណន់ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស្រេង សុខា អភិបាលស្រុក​បាណន់​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ ឱ្យដឹងថា រដ្ឋបាល​ស្រុក​សម្រេច​ឱ្យ ឈ្មោះ ជឹម ភើយ ជា​ម្ចាស់​ការដ្ឋាន​សំណង់​ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​បឹងត្រាវ ភូមិ​សំរោង ឃុំ​ស្ទឹង ស្រុក​បាណន់ ត្រូវ​បញ្ឈប់​ការចាក់ដី​បំពេញ និង​ត្រូវ​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន​ចាប់ពី​ពេល​បាន​ទទួល​លិខិត​នេះ​។

លិខិត​ដដែល​បាន​បញ្ជាក់ថា​ «​បុគ្គល​ខាងលើ​ត្រូវ​បញ្ឈប់​ការចាក់​ដី​បំពេញ​នៅជាប់​មាត់បឹង​​ និង​បណ្ដោយ​ផ្លូវ​លេខ​ ៥៧ និង​ត្រូវ​ផ្អាក​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន រហូត​លុះត្រា​តែមាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទើប​អាច​បន្ត​ការសាងសង់​នេះ​ឡើងវិញ​»​។

រដ្ឋបាល​ស្រុក​បាន​បញ្ជាក់​ទៀត​​ថា បើ​បុគ្គល​ម្ចាស់​ការដ្ឋាន​មិន​អនុវត្ដ​តាម​ខ្លឹមសារ​លិខិត​ទេ នឹង​មានទោស​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

លោក មីត ស៊ុននី ប្រធាន​រដ្ឋបាល​ស្រុក​បាណន់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៣ ​ធ្នូ​ថា ដោយ​មើលឃើញ​ពី​ការចាក់​បំពេញ​ដី​ជាប់​មាត់បឹង និង​សាងសង់​សំណង់​រឹង ដោយ​ខុសច្បាប់ ទើប​រដ្ឋបាល​ស្រុក​សម្រេច​ឱ្យ​បុគ្គល ជឹម ភើយ បញ្ឈប់​សកម្មភាព​របស់ខ្លួន​ជាបន្ទាន់​។

លោក​បាន​បន្តថា លោក ជឹម ភើយ មាន​ដី​នៅជាប់​បឹង​នោះ​​បាន​កំណត់​ព្រំប្រទល់​រួចហើយ និង​មាន​អាជ្ញាធរ​ភូមិ ឃុំ ទទួល​ស្គាល់ និង​ភូមិបាល​ក៏បាន​ចុះ​​ទៅ​វាស់វែង​រួចហើយ​ដែរ​។ ​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​លោក ជឹម ភើយ ​នេះ​បាន​ចាក់ដី និង​សាងសង់​សំណង់​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​ដី​បឹង​នៅតែ​ដី​បឹង​ធម្មតា​ទេ ។ នៅពេលដែល​ខ្ញុំ​ចុះទៅ អត់​មាន​ឃើញ​ប៉ះពាល់​​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​តែ​ផ្លូវ​ទេ គឺ​ចាក់​ខ្ពស់​ជាង​ផ្លូវ​។ ​គាត់​ឥឡូវ​ហ្នឹង​កំពុង​រត់​ច្បាប់​​ពី​ក្រោម​ឡើងទៅ​លើ​ហើយ​។ តែ​សម្រេច​យ៉ាងណា​ទៀត ខ្ញុំ​អត់​ដឹង​ទេ សម្រេច​លើ​លោក​អភិបាល​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ជឹម ភើយ សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ២៣ ខែធ្នូ ឆ្នាំ​ ២០២១​។

យោងតាម​ការផ្សព្វផ្សាយ​របស់​រដ្ឋបាល​ស្រុក​បាណន់​ពី​​ថ្ងៃទី​ ២២ ​ធ្នូ​បានឱ្យ​ដឹងថា ដី​ដែល លោក ជឹម ភើយ ចាក់ដី​បំពេញ​នេះ​ជា​ដី​របស់​រដ្ឋ និង​នៅ​​ជាប់​មាត់បឹង​ត្រាវ​។ កាលពី​សម័យ​រដ្ឋ​កម្ពុជា​ធ្លាប់ជា​បន្ទាយ​ទាហាន​របស់ គ.១៣២ ដែល​គ្រប់គ្រង​ដោយ​លោក ជឹម ភើយ ដែល​បច្ចុប្បន្ន​បាន​ចូលនិវត្តន៍​។

ប្រភព​ដដែល​បន្តថា លុះ​ក្រោយ​​មក​ក៏មាន​ការផ្លាស់ប្តូរ​បន្ទាយ​ទៅកាន់​ទីតាំង​ផ្សេង ក៏ដី​នេះ​បន្ត​គ្រប់គ្រង​ដោយ លោក ជឹម ភើយ រហូតមក​។

ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ដើម​ខែធ្នូ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ព្រមាន​ដល់​អ្នក​ដែល​​រំលោភបំពាន​ដល់​ដីព្រៃ​ ឬ​ដី​ដែល​​ជា​សម្បត្តិ​រដ្ឋ ដោយ​អះអាង​ថា​រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ដោយ​មិនមាន​ការលើកលែង​ឡើយ​៕