The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ការងារ​កំពុង​សិក្សា​លម្អិត​ ដើម្បី​ឈានទៅ​ធ្វើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឡើងវិញ

ក្រុម​ការងារ​កំពុង​សិក្សា​លម្អិត​ ដើម្បី​ឈានទៅ​ធ្វើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឡើងវិញ

Content image - Phnom Penh Post
លោក ស ខេង បំពាក់​មួកសុវត្ថិភាព​នៅក្នុង​ពិធី​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិលមិញ​។ រូប MIC

ក្រុម​ការងារ​កំពុង​សិក្សា​លម្អិត​ ដើម្បី​ឈានទៅ​ធ្វើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឡើងវិញ

ភ្នំពេញៈ ក្រោយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន​ដែល​ត្រូវធ្វើ​វិសោធនកម្ម​មាន​ចំណុច​កែប្រែ​ច្រើនពេក បច្ចុប្បន្ន​ក្រុម​ការងារ​រៀបចំ​ច្បាប់​នេះ​កំពុង​សិក្សា​លម្អិត ដើម្បី​ឈានទៅ​ធ្វើ​ច្បាប់​នេះ​ជាថ្មី​ឡើងវិញ​តែម្ដង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការអនុវត្ដ​។

នេះ​បើតាម​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ក្នុង​ពេល​ធ្វើជា​អធិបតី​នៃ​ពិធី​ទិវា​អន្តរជាតិ រំឭក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​ ១៦ ​នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​នេះ នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​ថា ឥឡូវនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាននិង​កំពុង​សិក្សា​យ៉ាង​ហ្មត់ចត់​ ដើម្បី​ឈានទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។ ប៉ុន្ដែ​ប្រហែលជា​មិនមែន​ធ្វើ​វិសោធនកម្ម​ទេ ដោយសារ​ថា ចំណុច​ដែល​ត្រូវ​កែប្រែ​នោះ វា​ច្រើនពេក អ៊ីចឹង​អាច​មាន​លទ្ធភាព​ធ្វើ​ច្បាប់​ថ្មី​»​។

លោក​ តូច ច័ន្ទកុសល រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុងតែ​ដឹកនាំ​ធ្វើការងារ​នេះ​ដែល​គាត់​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែរ​។ លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​ហើយ យើង​កំពុងតែ​ជំរុញ​ព្រោះថា​ច្បាប់​ហ្នឹង​យើង​ធ្វើ​ប៉ុន្មាន​ដង​ហើយ ប៉ុន្ដែ​ការអនុវត្ដ​វា​មិនសូវ​បាន​សកម្ម​ដល់​ពេល​អនុវត្ត​យើង​ឃើញ​មាន​បញ្ហា​ខុសឆ្គង ក៏បាន​ធ្វើ​ច្បាប់​មួយ​។ បន្ទាប់មក​យើង​ក៏បាន​ធ្វើ​ច្បាប់​ថ្មី ដល់ពេល​ធ្វើ​ច្បាប់​ថ្មី ឥឡូវ​ច្បាប់​ថ្មី​ហ្នឹង ក្នុងពេល​អនុវត្ដ​ប៉ុន្មាន ៤-៥ ​ឆ្នាំនេះ វា​ឃើញ​មាន​បញ្ហា​ទៀត​។ ដល់​ឃើញ​មាន​បញ្ហា​ទៀត ហើយ​បើ​កែ​ច្រើន​ពិបាក​ណាស់ អ្នកអនុវត្ដ​ច្បាប់​គ្នា​ពិបាក អ៊ីចឹង​ធ្វើ​ច្បាប់​ថ្មី​មួយទៀត វា​អត់​មាន​ខុស​ទាស់​អី​ទេ​»​។

លោក ស ខេង ថ្លែង​ទៀតថា នា​ចុងឆ្នាំ​ ២០២១ ដោយ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល រាជរដ្ឋាភិបាល​បាន​សម្រេច​បើក​ប្រទេស​ឡើងវិញ​ក្នុង​បរិបទ​នៃ​គន្លង​ប្រក្រតីភាព​ថ្មី​ជា​ជំហានៗ ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ស្រប​តាម​ទស្សនទាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ឱ្យទៅជា​ឱកាស​ ដើម្បី​ស្ដារ និង​លើកស្ទួយ​គ្រប់​វិស័យ ក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុងឱកាស​នេះ ការធ្វើ​ចរាចរណ៍​មាន​ចលនា​មមាញឹក​ឡើងវិញ ដែល​កត្ដា​នេះ​បាន​បណ្ដាល​ឱ្យ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ ​នេះ​មាន​ការកើន​ឡើងវិញ​ផងដែរ​។ លោក​លើកឡើង​ថា ប្រការ​ដែល​គួរឱ្យ​សោកស្ដាយ​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្រុម ក៏មាន​កំណើន​គួរឱ្យ​ព្រួយបារម្ភ ដូចជា​ការបាត់បង់​ជីវិត​ទាំង​គ្រួសារ​ចំនួន​ ៧ ​នាក់​នៅ​ផ្លូវជាតិ​លេខ​ ៤១ ក្នុងស្រុក​ជុំ​គិរី និង​ការបាត់បង់​ជីវិត​ចំនួន ៥ ​នាក់​នៅ​ផ្លូវជាតិ​លេខ​ ៣ ក្រុង​បូកគោ ខេត្ដ​កំពត​ និង​ការបាត់បង់​ជីវិត​ចំនួន ៥ ​នាក់​លើ​ផ្លូវ​ជាតិ​លេខ​ ៥ ស្ថិតនៅ​ស្រុក​ម៉ោង​ឫស្សី ខេត្ដ​បាត់ដំបង​។ ក្រៅពីនេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្ដ​ស្វាយរៀង កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ បណ្ដាល​ឱ្យ​កម្មករ​រងរបួស​រាប់រយ​នាក់​។

លោក ស ខេង បាន​ពិនិត្យឃើញ​បញ្ហា​មួយចំនួន​ដែល​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​នោះ​មាន​ការបើកបរ​លើស​ល្បឿន ការមិន​គោរព​សិទ្ធិ​អាទិភាព ការមិន​ប្រកាន់​ស្ដាំ​។ ជាមួយគ្នានេះ ករណី​ល្មើស​ដែលមាន​អត្រា​ខ្ពស់ គឺ​បើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ៩០ ​ភាគរយ និង​ការមិន​ពាក់​ខ្សែក្រវាត់​ចំនួន​ ៥២ ​ភាគរយ និង​ការប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​ ១០ ​ភាគរយ ហើយ​ភាគច្រើន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន ៧៨ ​ភាគរយ​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ក​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ការណ៍​ដែល​រាជរដ្ឋាភិបាល​ចង់​ធ្វើ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ជាថ្មី​ឡើងវិញ គឺ​បានផ្ដល់​ភាពងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការអនុវត្ដ​ច្បាប់ ព្រោះ​មានច្បាប់​តែមួយ​តែម្ដង និង​មិនចាំបាច់​ប្រើប្រាស់​ឯកសារ​វិសោធនកម្ម​ថ្មី ដែល​ភ្ជាប់​ច្រើន​នាំ​មាន​ការលំបាក​ក្នុង​ពេល​អនុវត្ដ​ច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ចំពោះ​ស្ថាប័ន​រាជរដ្ឋាភិបាល​ដែល​ចង់​ធ្វើ​វិសោធនកម្ម​ ឬ​កែ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ជាថ្មី ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ងាយស្រួល​ដល់​មន្ដ្រី​យក​ទៅ​អនុវត្ដ​ ដើម្បី​កុំឱ្យ​ម្ដង​បើក​ឯកសារ​នេះ​ម្ដង​បើក​ឯកសារ​នោះ​»​។

ក្នុងពេល​ដែល​ស្ថាប័ន​រាជរដ្ឋាភិបាល​ធ្វើ​ច្បាប់​ថ្មី​គឺ​សមត្ថកិច្ច​គួរ​ខិតខំ​បន្ត​ពង្រឹង​ការអនុវត្ដ​ច្បាប់ ដែល​កំពុង​មាន​ឱ្យបាន​តឹងរ៉ឹង ម៉ឺងម៉ាត់​ឱ្យ​ការអនុវត្ដ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​អាច​មើលឃើញ​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឱ្យបាន​កាន់តែច្រើន​៕

អត្ថបទគួរចាប់អារម្មណ៍