កំពង់ឆ្នាំងៈ រាជរដ្ឋាភិបាល​បាន​សម្រេច​តែងតាំង​អភិបាលស្រុក​ចំនួន​ ៣ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​រួមមាន​ស្រុក​បរិបូណ៌ ស្រុក​ជលគិរី និង​ស្រុក​កំពង់លែង ដើម្បី​ជំនួស​កន្លែង​អភិបាល ស្រុក​ចំនួន​ ២ ​រូប​ដែល​ផុត​អាណត្តិ​ និង​ ១ ​រូប​ទៀត​ត្រូវ​ចូលនិវត្តន៍ ក៏ប៉ុន្តែ​អភិបាលខេត្ត​អះអាង​ថា ការផ្លាស់ប្ដូរ​​ភារកិច្ច​មន្ត្រី​ទាំងនេះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់​ទន្លេសាប​ទេ​។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ២២ ធ្នូ បានឱ្យ​ដឹងថា រដ្ឋាភិបាល​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន​ ២ ​រូប​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក យឹម សារិន ជា​អភិបាលស្រុក​បរិបូណ៌ និង​លោក ហៃ មនោរម្យ ជា​អភិបាលស្រុក​ជលគិរី​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​វិញ​។

អនុក្រឹត្យ​ដដែល​នេះ​ក៏​បាន​ប្រកាស​តែងតាំង​មន្ត្រី​ចំនួន​ ៣ ​រូប​ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលស្រុក​ទាំង​ ៣ នោះ ដែលជា​ស្រុក​នៅជាប់​តំបន់​បឹង​ទន្លេសាប​ជំនួស​វិញ​ផងដែរ ក៏ប៉ុន្តែ​អនុក្រឹត្យ​នេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការផ្លាស់ប្តូរ​មន្ត្រី​ទាំងនេះ​ទេ​។

អនុក្រឹត្យ​បានបញ្ជាក់​ថា​ «​តែងតាំង លោក ចេង ចាន់ជូណា ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​ ៣ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈអភិបាល​ស្រុក​បរិបូណ៌​។ លោក យ៉ែម លក្ខិណា ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​ ៣ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់លែង និង​លោក ជូវ គឹមស៊ីន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់​លេខ​ ២ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈអភិបាល​ស្រុក​ជលគិរី​»​។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ធ្នូ​ថា ការផ្ទេរ​ភារកិច្ច​មន្ត្រី​ទាំង​ ២ ​នេះ​គឺ​ធ្វើឡើង​តាម​បែបបទ​រដ្ឋបាល ដោយសារ​តែ​ពួកគេ​ចប់​អាណត្តិ ខណៈ​អភិបាលស្រុក​កំពង់លែង​ដល់​វ័យ​ត្រូវ​ចូលនិវត្តន៍​។

លោក​បាន​អះអាង​ថា​៖ «​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ការគ្រប់គ្រង​បឹងទន្លេសាប​នោះទេ ព្រោះនេះ​ដោយសារ​កម្មវិធី​មាន​អ្នកខ្លះ​ត្រូវ​ចូលនិវត្តន៍ ហើយ​អ្នកខ្លះ​ត្រូវ​ដល់​អាណត្តិ​គឺ​ត្រូវតែ​ផ្ទេរ​ទៅ​ផ្ទេរ​មកជា​កិច្ចការ​រដ្ឋបាល​ធម្មតា​។ ​តាមរយៈ​នេះ យើង​មាន​ការផ្លាស់ប្តូរ​នេះ ៣ ​រូប​ហ្នឹងឯង​»​។

បើតាម​លោក ស៊ុន សុវណ្ណារិទ្ធិ គិត​ត្រឹម​ថ្ងៃទី​ ២៣ ធ្នូ ខេត្ត​កំពង់ឆ្នាំង​បាន​ដកហូត​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ ៣ បាន​ជាង ៣ ​ម៉ឺន​ហិកតា ដោយ​ក្នុងនោះ​មាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​​ដី​ទាំងនោះ​ប្រមាណ​ជាង​​ ៧ ០០០ ​គ្រួសារ ដែល​រដ្ឋបាលខេត្ត នឹង​បន្ត​ដាំដុះ​ព្រៃលិច​ទឹក​ឡើងវិញ ខណៈ​កន្លងមក​ព្រៃ​លិច​ទឹក​ជាង​ ២ ​ម៉ឺន​ដើម​បាន​ដាំដុះ​រួច​។

លោក​ គង់ ចាន់មុនី មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំខេត្ត​កំពង់ឆ្នាំង មិនអាច​ធ្វើការ​សន្និដ្ឋាន​បានទេ​ថា ការផ្លាស់ប្តូរ​មន្ត្រី​ដែលមាន​តំណែង​ជា​អភិបាលស្រុក​ទាំង​ ៣ ស្ថិតក្នុង​តំបន់​បឹងទន្លេសាប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​​រឿង​អ្វី ប៉ុន្តែ​លោក​មើលឃើញ​ចំណាត់ការ​កន្លងមក​ក្នុង​ការដកហូត​ដីព្រៃលិច​ទឹក​ក្នុង​បឹង​ទន្លេសាប​របស់​រដ្ឋបាល​ខេត្ត​នេះ គឺ​បាន​ធ្វើឡើង​យ៉ាង​មាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំណាត់ការ​របស់​អាជ្ញាធរ​ឥឡូវនេះ គឺ​បាន​ចាត់​វិធានការ​ការពារ​នេះ គឺ​ឃើញ​មាន​លក្ខណៈ​ល្អប្រសើរ​ដែរ​ហើយ ដែល​បាន​ដកហូត​យក​ដី សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​។ ការរក្សា​ព្រៃ​លិចទឹក គឺ​មាន​ផលប្រយោជន៍​ច្រើនជាង ដែល​នឹង​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​ច្រើន​លើសលប់ ជាពិសេស​គឺ​ការផ្គត់ផ្គង់​ស្បៀង​»៕