សៀមរាបៈ របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរបរិស្ថាន​ខេត្ត​សៀមរាប​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​បង្ហាញថា ចំពោះ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ឆ្នាំ​ ២០២១ មន្ត្រី​បរិស្ថាន​បាន​ចុះល្បាត​ចំនួន​ ១ ៥៣២ ​លើក កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន​ ៨៦០ ​ករណី សំណុំរឿង​ជាក់ស្តែង​បាន​ចំនួន​ ៤២៣ ករណី​សំណុំរឿង​អញ្ញាតជន​បាន​ចំនួន​ ៤៣៧ ​ករណី ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បាន​ចំនួន​ ១២ ​ករណី​។ ក្នុង​របាយការណ៍​នោះ​បង្ហាញថា បាន​ទប់ស្កាត់​ការកាប់​រុករាន​ដីព្រៃ​បំផ្លាញ​ធនធាន​ធម្មជាតិ​បាន​ទំហំ​ប្រមាណ​ ៥៧៩ ​ហិកតា ទប់ស្កាត់​ការបោះបង្គោល​ហ៊ុមព័ទ្ធ​យក​ដី​ធ្វើជា​កម្មសិទ្ធិ បាន​ទំហំ​ប្រមាណ ១៥,៦ ​ហិកតា ទប់ស្កាត់​ករណី​ភ្លើង​ឆេះ​ព្រៃ​បាន​ទំហំ​ប្រមាណ​ ៩៤ ហិកតា និង​ទប់ស្កាត់​ការលួច កាប់ រុករាន ឆ្ការ ដុត និង​ឈូសឆាយ​ដី​ព្រៃ​ (​ព្រៃ​លិច​ទឹក​) ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ បាន​ទំហំ​ប្រមាណ ២៦៧ ​ហិកតា​ផងដែរ​។ ជាមួយ​គ្នា​នោះ​មន្ត្រី​បរិស្ថាន​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​បាន​ចំនួន​ ៨៨ ​ករណី ធ្វើការ​អប់រំ និង​កិច្ចសន្យា​បាន​ចំនួន​ ១១៦ ​នាក់ បិទ​ខិត្តប័ណ្ណ​អប់រំ​ផ្សព្វផ្សាយ​បាន​ចំនួន ៦៨៣០ ​សន្លឹក និង​សរសេរ​ពាក្យ «​កុំ​» បាន​ចំនួន ៣១៨៥ ​ពាក្យ បោះបង្គោល​សម្គាល់​ព្រំប្រទល់​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព បាន​ចំនួន ១៥០ ​បង្គោល ដាក់​ស្លាកសញ្ញា​សម្គាល់​ព្រំប្រទល់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ភ្នំពក បាន​ចំនួន ៨៤ ​ស្លាក​។ ក្រៅពីនោះ​មន្ត្រី​បរិស្ថាន​ក៏បាន​ដកហូត​វត្ថុតាង​ជា​ឈើ​ប្រណីត រណារយន្ត កាំភ្លើង​កែច្នៃ និង​អន្ទាក់​សត្វ​ជាច្រើន​ទៀត​។

ក្នុង​របាយការណ៍​ដដែល​នេះ​ក៏បាន​បង្ហាញ​ពី​ការដកហូត​វត្ថុតាង​ (​មធ្យោបាយ ឧបករណ៍ សម្ភារ​) ឈើ​គ្រញូង បាន​ចំនួន​ ០,៤៦៦ ​ម៉ែត្រគុប​ឈើ​គ្រឿង​ចម្រុះ បាន​ចំនួន ៤៣,៧៨៩ ​ម៉ែត្រគុប បង្គោលក្រាក់​បាន​ចំនួន ៤០៥ ​ដើម រណារយន្ត​បាន​ចំនួន ៤២៣ ​គ្រឿង កាំភ្លើង​កែច្នៃ​បាន​ចំនួន​ ៤៥ ​ដើម រណារដៃ​បាន​ចំនួន​ ១២ ​ម៉ូតូ​បាន​ចំនួន​ ១ ​គ្រឿង រ៉ឺម៉ក​ម៉ូតូ បាន​ចំនួន​ ៤ ​គ្រឿង អន្ទាក់​សត្វ​បាន​ចំនួន​ ១០៥ មង​ដាក់​សត្វ​បាន​ចំនួន​ ១៤៤ ​ម៉ែត្រ ខ្សែកាប បាន​ចំនួន​ ១ ​ដុំ និង​ឧបករណ៍​ឆក់ត្រី​បាន​ចំនួន​ ២០ ​គ្រឿង​។

បន្ថែម​លើ​នោះ មន្ត្រី​បរិស្ថាន​ក៏បាន​ធ្វើការ​បំផ្លាញចោល​ឧបករណ៍​នេសាទ ឧបករណ៍​អ៊ុយស្បៃម៉ុង​ចំនួន ៤១៨ ​ឡុក ឧបករណ៍​ណរ៉ាវ​ចំនួន ២០១ ​ឡុក សាច់​របាំង​រត់​បណ្តូលអ៊ុយ​ប្រវែង ១២ ៩៨៥ ​ម៉ែត្រ សាច់​មងរបាំង​រត់​បណ្តូល​ណរ៉ាវ​ប្រវែង ១៥ ៨០០ ​ម៉ែត្រ​បង្គោល​ចម្រឹង​ចំនួន ១១ ០៨២ ​ដើម លែង​ត្រី​ចម្រុះ​ប្រមាណ​ ១,២០ ​តោន​។

ដោយឡែក​លទ្ធផល​ការងារ​គាំពារ​បរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្ត​នេះ​បង្ហាញថា ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​មាន​បរិមាណ​សំរាម ៤៨៨ ​តោន​ក្នុង​ ១ ​ថ្ងៃ បរិមាណ​សំរាម​យកទៅ​កែច្នៃ ៣២,២៦ ​តោន​ក្នុង​ ១ ​ថ្ងៃ បរិមាណ​សំរាម​ដាក់​ទីលាន និង​ឡដុត​សំរាម ១៨០,៧៧ តោន​ក្នុង​ ១ ​ថ្ងៃ បរិមាណ​សំរាម​ចោល​ដោយ​ខុសច្បាប់ ២៧៥ ​តោន​ក្នុង​ ១ ​ថ្ងៃ​។ ចំពោះ ការគ្រប់គ្រង​សំណល់​រាវ និង​សំណល់​ទឹកកខ្វក់ មន្ត្រី​បរិស្ថាន​បាន​ពិនិត្យ និង​ផ្តល់យោបល់​លើ​ការស្នើសុំ​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់​រាវ​ចេញ​ពី​ប្រភព​បំពុល​ចំនួន ៣០ ​ទីតាំង (​សិប្បកម្ម ទីផ្សារ ទីសត្តឃាដ្ឋាន រោងចក្រ​ធុន​តូច​ផលិត​ទឹកកក​...) ​យក​សំណាក​ទឹក​ក្រោម​ដី​ (​ទឹក​អណ្តូង​នៅ​ជិត​ទីលាន​ចាក់សំរាម​) ចំនួន ០៣ ​ទីតាំង និង​ទឹក​លើដី​ (​ស្ទឹង​សៀមរាប​) ​ចំនួន​ ២ ​ទីតាំង​ពិសោធន៍ នៅ​មន្ទីរពិសោធន៍​នៃ​ក្រសួងបរិស្ថាន​។ ចំណែក​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប បាន​រៀបចំ​ប្រព័ន្ធ​លូទឹក​កខ្វក់ និង​ប្រព័ន្ធ​ទឹកភ្លៀង​ដាក់​ដោយឡែក​ពីគ្នា​។

លោក ចាន់ ចំរើន អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​សៀមរាប​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ធ្នូ​ថា តាម​ការសង្កេតឃើញ​របស់​លោក​ បទល្មើស​ធនធាន​ធម្មជាតិ និង​ការទន្ទ្រាន​ដី​រដ្ឋ​នៅតែ​បន្ត​កើតមាន​ក្នុង​ទឹកដី​ខេត្តសៀមរាប ប៉ុន្តែ​ក្នុង​​នោះ​លោក​ក៏​សង្កេតឃើញ​ថា មាន​ចំណាត់ការ​ជា​បន្តបន្ទាប់​ផងដែរ​ពី​សំណាក់​មន្ត្រី​ជំនាញ​។

លោក​ ចាន់ ចំរើន បញ្ជាក់ថា បើតាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​គឺ​ពួកគាត់​ចង់ឱ្យ​មាន​ចំណាត់ការ​ឱ្យបាន​ខ្លាំងក្លា និង​មិន​លើកលែង​។ ជាមួយ​គ្នា​នោះ ក្នុងនាម​សង្គម​ស៊ីវិល លោក ចាន់ ចំរើន បាន​សំណូមពរ​ឱ្យមាន​ការអនុវត្ត​ច្បាប់​ដោយ​យក​ច្បាប់​ជាធំ មានន័យថា ទាំង​អ្នកធំ ទាំង​អ្នកតូច ទោះ​អ្នកណា​ក៏ដោយ ឱ្យតែ​ធ្វើ​ខុសច្បាប់​ត្រូវតែ​កសាង​សំណុំរឿង​ទៅ​តុលាការ ដោយ​គ្មាន​ការលើកលែង​ឡើយ​។

លោក​ថ្លែងថា​៖ «​នៅពេល​ដែល​មាន​បទល្មើស​កើតឡើង​ប្រជាពលរដ្ឋ​រាយការណ៍​ក្តី សមត្ថកិច្ច​ក្ដី អ្នកណា​ក្តី​យើង​ត្រូវ​យកចិត្ត​ទុកដាក់ ទាំង​បទល្មើស​ព្រៃឈើ​ទាំង​អ្វី​ទាំងអស់​ហ្នឹង សូម​ធ្វើការ​ដោយ​ឈរលើ​គោលការណ៍​ស្មើមុខ​គ្នា​ចំពោះមុខ​ច្បាប់ មាន​ន័យថា​អ្នកធំ​ក៏ដោយ អ្នក​មាន​អំណាច​ក៏ដោយ អ្នកមាន​ក៏ដោយ គឺ​ត្រូវ​ទទួល​ទោស​ដូចគ្នា​»៕