ព្រះសីហនុៈ វិវាទ​ដីធ្លី​ដ៏រុំារ៉ៃ​ជាង ២០ ​ឆ្នាំ​មកហើយ​រវាង​ប្រជាពលរដ្ឋ​ជាង ១០០ ​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ​ជាមួយ​នឹង​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប​ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើការ​សម្រុះសម្រួល​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​ ២២ ខែធ្នូ​។

តាមរយៈ​ហ្វេសប៊ុក​លោក ជា សុផារ៉ា បាន​ឱ្យ​ដឹងថា លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​តំបន់​កែវផុស ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ កាលពី​ថ្ងៃ​ទី​ ២១ ​ធ្នូ ដើម្បី​ធ្វើការ​សម្រុះសម្រួល​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ម៉ុងឫទ្ធី​។ បន្ទាប់មក នៅ​ថ្ងៃទី​ ២២ ​ធ្នូ​លោក​បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ផ្ទាល់​នៅ​ទីតាំង​ដី​ដែល​ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ ហើយ​លោក​បាន​អះអាង​ថា ទំនាស់​ដីធ្លី​នោះ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​។

លោក​ ជា សុផារ៉ា ថ្លែង​តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២២ ​ធ្នូ​ថា៖ «​វិវាទ​ដីធ្លី​ដ៏រុំារ៉ៃ​ជាង​ ២០ ​ឆ្នាំ​នៅ​តំបន់​កែវផុស​ត្រូវបាន​សម្រុះសម្រួល​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ សូម​ចូលរួម​អបអរសាទរ​»​។

លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ថ្លែង​តាមរយៈ​ហ្វេសប៊ុក​ថា រូបលោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​កើតឡើង​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​។ ការឈ្លោះគ្នា​រយៈពេល​វែង​រហូតដល់​ជាង​ ២០ ​ឆ្នាំ​កន្លងផុត​ទៅនេះ អ្នកខ្លះ​ក៏បាន​លាចាក​លោក​នេះ​ទៅហើយ ចំណែក​អ្នក​នៅ​រស់រាន​មាន​ជីវិត​បាន​ចាស់​ស្ទើរ​ចាយលុយ​លែង​ចង់​កើត​។

លោក​ថា​៖ «​អ៊ំស្រី​ម្នាក់​លើកឡើង​ថា​ជម្លោះ​នេះ​តាំងពី​ប្តី​គាត់ មាន​អាយុ​មិនទាន់​ដល់​ ៦០ ​ឆ្នាំ​ផង​ពេលនេះ​ប្តី​គាត់​មាន​អាយុ​ ៨៤ ​ឆ្នាំ​បាន​ស្លាប់​កាលពី​ ៣ ​ខែ​មុន​ទៅហើយ​អ៊ីចឹង​ខ្ញុំ​សុំ​ប្រាក់ ១០ ០០០ ដុល្លារ​យក​ទៅ​ធ្វើបុណ្យ​ឱ្យ​ប្តី​ខ្ញុំ​បាន​ហើយ​។ ខ្ញុំ​ក៏បាន​ប្រគល់ជូន​ឱ្យ​គាត់​ពេលនេះ​តែម្តងទៅ​»​។

លោក ខេង មីន មេឃុំ​កែវផុស​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ធ្នូ​ថា ចំពោះ​បញ្ហា​ដីធ្លី​នេះ​លោក​គ្រាន់តែ​ដឹងថា ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​បាន​ដោះស្រាយ​គ្នា​នៅឯ​ក្រសួង​រៀបចំ​ដែនដី​រួចហើយ​។ ជាក់ស្តែង នៅ​ថ្ងៃទី​ ២២ ​ធ្នូ លោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា ពិតជា​បាន​ចុះមក​ពិនិត្យ​ទីតាំង​ផ្ទាល់ និង​ដោះស្រាយ​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ម៉ុងឫទ្ធី​ប្រាកដ​មែន ប៉ុន្តែ​ព័ត៌មាន​លម្អិត​ក្នុង​ការចែក​ដី​នោះ​យ៉ាងណា លោក​មិន​បានដឹង​ច្បាស់​ទេ​។

លោក​ ឆាយ សុគន្ធដា អភិបាលស្រុក​ស្ទឹងហាវ​ថ្លែងថា លោក​បាន​ចូលរួម​វាស់វែង​ដី​ជូន​ពលរដ្ឋ ប៉ុន្តែ​ដី​ដែល​វាស់​នោះ មិន​ស្មើគ្នា​ទេ ពោលគឺ​មាន​តិច​មាន​ច្រើន​ទៅតាម​ចំនួន​ជាក់ស្តែង​ដែល​បាន​ស្រុះស្រួល​គ្នា​។ លោក​អភិបាល​ស្រុក​ស្ទឹងហាវ បញ្ជាក់​ថា ករណី​ទំនាស់​ដីធ្លី​នេះ​បាន​កើតឡើង​ជាយូរ​មកហើយ ដែល​បង្កើតជា​បញ្ហា​តវ៉ា​ប្តឹងផ្តល់​គ្នា ជា​បន្តបន្ទាប់​រហូតដល់​ក្រសួង​ដែនដី​។

លោក​ថ្លែងថា​៖ «​ការឈ្លោះគ្នា​ហ្នឹង​វា​យូរហើយ អ្នកខ្លះ​មាន​បណ្ណ​កម្មសិទិ្ធ អ្នកខ្លះ​គាត់​ទៅ​រស់នៅ​ជាក់ស្តែង អ៊ីចឹង​វា​បង្កើតជា​បញ្ហា​ដល់​មាន​បញ្ហា​គាត់​បាន​ទៅ​ប្តឹងផ្តល់​គ្នា​រហូតដល់​ក្រសួង អ៊ីចឹង​ខាង​ក្រសួង អាជ្ញាធរ​ជាតិ គេ​ដោះស្រាយ​ឯកភាព​គ្នា​អស់ហើយ ទើប​ចុះមក​វាស់វែង​ដី​ឱ្យនៅ​ទីតាំង​ផ្ទាល់​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ធ្នូ​ថា ការសម្របសម្រួល​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​នេះ​ជា​រឿង​ល្អ ព្រោះ​ក្នុង​នាម​សង្គម​ស៊ីវិល តែងតែ​ចង់ឃើញ​មាន​ការដោះស្រាយ​បាន​ជា​លទ្ធផល​គាប់ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​អាច​ទទួលយក​​បាន​។ អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី គួរតែ​មាន​ការពិនិត្យ​មើល​ទៅ​លើ​បញ្ហាដីធ្លី​ផ្សេងៗ​ទៀតផង​ដែរ​។ លោក​ថ្លែងថា​៖ «​គួរតែ​ផ្តល់​លទ្ធភាព​យ៉ាងណា ជួយ​គិតគូរ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​គាត់ មាន​ជីវភាព​ខ្វះខាត ហើយ​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​នេះ​ទៀត គួរ​មាន​ការជួយ​ត្រួតពិនិត្យ ពីព្រោះ​ពលរដ្ឋ​ជា​ពលរដ្ឋ​របស់​រដ្ឋាភិបាល​ក៏ដូចជា​ខេត្ត​សាមី​អី​ជាដើម​ហ្នឹង គួរតែ​មាន​ការពិនិត្យ​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់​ដូច​ករណីនេះ អ៊ីចឹងទៅ​»៕