ភ្នំពេញៈ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឱ្យ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ នៅតាម​បណ្តា​ក្រុង ស្រុក​និង​មូលដ្ឋាន​ផ្ទាល់ និង​ត្រូវអនុវត្ត​នីតិវិធី ដោយ​ប្រាប់​ឱ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ ត្រូវសុំ​ច្បាប់​អនុញ្ញាត ដោយ​មាន​ការធ្វើ​លិខិត​ស្នាម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​អាច​បន្តធ្វើ​អាជីវកម្ម​។

លោក ចេង ប៊ុណ្ណារ៉ា ដែលជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ថ្លែង​នៅ​ថ្ងៃទី​ ២២ ធ្នូ ថា ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការគ្រប់គ្រង​ការកែច្នៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត និង​សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ ត្រូវ​អនុវត្ត​នីតិវិធី​ឱ្យ​មាន​ការសុំច្បាប់​អនុញ្ញាត ដោយ​ធ្វើ​លិខិតស្នាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បន្តធ្វើ​អាជីវកម្ម ហើយ​គណៈកម្មការ​ត្រួតពិនិត្យ​ត្រូវ​ចុះ​ពិនិត្យ​ដល់​​ទីកន្លែង​ឱ្យបាន​ច្បាស់លាស់​។

លោក ប៊ុណ្ណារ៉ា បញ្ជាក់ថា​៖ «​ត្រូវ​ពិនិត្យ​ទីតាំង​រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនោះ មាន​ខ្លះ​លួច​ពួន​ធ្វើ​ក្នុងព្រៃ ខ្លះ​នៅ​កន្លៃង​ស្ងាត់ ដើម្បី​បិទបាំង​ភ្នែក​សមត្ថកិច្ច ដែល​សិប្បកម្ម​ទាំងនោះ កែច្នៃ​ជា​ទ្វារ បង្អួច តុ កៅអី និង​គ្រែ​ជាដើម តាម​ការកុម្ម៉ង់​បញ្ជា​ទិញ​ពី​ក្រុម​ឈ្មួញ​»​។

ក្នុង​នាម​ប្រធាន​គណ:កម្មាការ​ចំពោះ​កិច្ចការងារ​នេះ លោក​នឹង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ តាម​រោងសិប្បកម្ម​នានា ដែល​សង្ស័យថា មិនមាន​ច្បាប់​អនុញ្ញាត រួមទាំង​ការចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ផលអនុផល​ព្រៃឈើ​នៅក្នុង និង​ក្បែរ​តំបន់​ការពារ​ធម្មជាតិ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

លោក​បញ្ជាក់ថា កិច្ចការងារ​នេះ​ត្រូវ​រួមគ្នា​ទាំង​កម្លាំង​អធិការនគរបាល​ក្រុង​ស្រុក កម្លាំង​បរិស្ថាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ត្រួតពិនិត្យ​តាម​រោង​សិប្បកម្ម​នានា​ព្រមទាំង​ស្វែងរក​នូវ​ប្រភព​ឈើ​អារ និង​កន្លែង​ស្តុក​ឈើ សម្រាប់​នាំចេញ​យកមក​លក់ ឱ្យ​រោង​សិប្បកម្ម​ផ្សេងៗ​នៅក្នុង​ខេត្ត​ធ្វើយ៉ាងណា​ឱ្យ​កិច្ចការងារ​នេះ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី​ ២២ ​ធ្នូ​ថា អាជ្ញាធរ​គួរតែ​ផ្តោត​សំខាន់​លើ​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ទើប​អាច​ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​បាន បើ​មិន​ដូច្នោះ​ទេ ការចុះអនុវត្ត​ការងារ​ស្រាវជ្រាវ​រក​ទីតាំង​សិប្បកម្ម រោង​ម៉ាស៊ីន រោង​សន្និធិ ផ្សេងៗ​ទាំងនោះ​ទោះ​បន្តធ្វើ​រហូត​រាប់សិប​ឆ្នាំ​ទៀត​ក៏​មិនមាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នោះដែរ​។

លោក​បន្តថា ការកាប់​ឈើ​ដើម្បី​ធ្វើ​អាជីវកម្ម​សិប្បកម្ម ឬ​រោង​ម៉ាស៊ីន​អារឈើ​ផ្សេងៗ​នោះ គឺជា​បទល្មើស​រួច​ទៅ​ហើយ​ដែល​ក្នុងនោះ​អាចមាន​ទោសឧក្រិដ្ឋ ឬ​ទោស​មជ្ឈិម ប៉ុន្តែ​តាម​ការសង្កេត​ជាក់ស្តែង រោង​សិប្បកម្ម រោង​ម៉ាស៊ីន​រោង​សន្និធិ​ទាំងនោះ​មិនមែន​ទើបតែ​កើតឡើង​នោះទេ ហេតុនេះ​ប្រាកដជា​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​តែ​មន្ត្រី​នគរបាល​យុត្តិធម៌​មិនបាន​ដឹង ខណៈ​ផ្លូវច្បាប់​ត្រូវតែ​ធ្វើការ​បង្ក្រាប​តាំងពី​ដើមទី​មកម្ល៉េះ​។ លោក​ថ្លែងថា​៖ «​ការអនុវត្ត​របៀប​ហ្នឹង​គឺ​មិនមាន​ប្រសិទ្ធភាព​ទេ នៅពេល​ដែល​ស្ងាត់​គឺធ្វើឡើង​វិញ​ហើយ ព្រោះ​និទ្ទណ្ឌភាព​ធ្វើឱ្យ​អ្នក​ដែលជា​ជនល្មើស​ធ្វើអំពើ​នោះ​បន្តទៀត​។ អ៊ីចឹង​វា​អត់​មានអី​ជា​ដុំកំភួន​ធ្វើឱ្យ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ឈ្មួញ ឬមួយ​អ្នក​ដែល​ធ្វើ​សិប្បកម្ម​ខ្លាច ឬ​គោរព​ច្បាប់​ទេ គ្រាន់តែ​ធ្វើឱ្យ​ដោះខ្លួន​មួយរយៈ នៅពេល​ស្ងាត់​ហើយ​គេ​ចាប់ផ្តើម​ធ្វើ​ទៀត​»​។

លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា អ្វីដែល​សំខាន់ បើ​អាជ្ញាធរ​ចង់​លុបបំបាត់​បទល្មើស​ព្រៃឈើ ឬ​រោង​សិប្បកម្ម​ខុសច្បាប់​ផ្សេងៗ​នោះ គឺ​ត្រូវតែ​ស្វែងរក​ជនល្មើស​ដែល​ធ្វើ​ផ្ទាល់ និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​ធ្វើឱ្យ​បទល្មើស​ទាំងនោះ​កើតឡើង យក​ទៅ​ផ្តន្ទាទោស​ជា​គំរូ ទើប​មាន​ប្រសិទ្ធភាព​យូរអង្វែង​៕