កោះកុងៈ អភិបាលខេត្តកោះកុងស្តីទី លោក សំ ឃិតវៀនប្រកាសបើកដំណើរការ «ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង» និងការតាំងស្តង់បង្ហាញផលិតផលចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៥-២៦ ខែធ្នូ នេះតទៅដើម្បីបង្កើតបង្កើនផលិតផល និងផលិតកម្មក្នុងខេត្ត។

«ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង» នេះមានទីតាំងស្ថិតនៅផ្សារកោះកុងថ្មី ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

យោងតាមគេហទំព័រសាលាខេត្តកោះកុងបានឱ្យដឹងនាថ្ងៃទី២៥ ធ្នូ ថា៖ «ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយ ក៏ដូចជាបង្កើតឱកាសឱ្យក្រុមផលិតករ អ្នកប្រមូល និងអ្នកលក់សហការគ្នាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនផលិតផល និងផលិតកម្មក្នុងខេត្ត»។

ប្រភពដដែលបញ្ជាក់ថា ផលិតផលសក្តានុពលរបស់ខេត្តកោះកុង ដែលផលិតដោយក្រុមកសិករ សមាគមនិងសហគមន៍កសិកម្ម និងសហគ្រាសនានា មានដូចជាបន្លែសុវត្ថិភាព មាន់ស្រែ ផ្លែឈើ ត្រី បង្គារក្រៀម កាពិ ទឹកត្រីបុកកោះកុង ទឹកឃ្មុំតំបន់ឆ្នេរ នំអន្សម នំចាក ជាដើម៕