សៀមរាបៈ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅកាលពីថ្ងៃទី២៣ និង២៤ ខែធ្នូនេះបានជួបពិភាក្សាការងារ និងស្តាប់នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ដៃគូអន្តរជាតិចំនួន៥ ដែលកំពុងអនុវត្តគម្រោងសហការ អភិរក្ស និងជួសជុលប្រាសាទនានា នៅតំបន់រមណីយដ្ឋានអង្គរ។
យោងតាអាជ្ញាធរជាតិអប្សរានៅថ្ងៃសៅរ៍ទី២៥ខែធ្នូនេះបានឱ្យដឹងថា ជំនួបរវាងលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ហង់ ពៅ និងស្ថាប័នដៃគូអន្តរជាតិទាំងនោះគឺដើម្បីពិភាក្សាការងារ និងស្តាប់នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ក្រុមការងារ ដៃគូអន្តរជាតិទាំងនោះ ជាពិសេសក្នុងអំឡុងពេលនៃវបត្តិនៃជំងឺឆ្លងកូវីដ១៩។
ជំនួបនេះ ក៏មានគោលបំណងដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរបស់ក្រុមការងារដៃគូអន្តរជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការអភិរក្ស និងជួសជុលក្នុងគម្រោងរបស់ខ្លួន ព្រមទាំងទទួលបានលទ្ធផលដ៏ល្អប្រសើរ បើទោះបីជាគម្រោងស្ថិតក្នុងស្ថានភាពលំបាក និងប្រឈមនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងបន្តថា ស្ថាប័នដៃគូអន្តរជាតិដែលបានទទួលជួបសំណេះសំណាលនោះរួមមាន មជ្ឈមណ្ឌលសិក្សាអាស៊ី ស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា តំណាងដោយលោក MIWA Satoru អ្នកប្រចាំការនៅក្នុងខេត្តសៀមរាប សម្រាប់គម្រោងអភិរក្ស និងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត, មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ តំណាងដោយលោក EO Jinkyu ប្រធានគម្រោងស្តីទី សម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរ និងព្រះលានជល់ដំរី, ស្ថាប័នអាល្លីម៉ង់ GIZ តំណាងដោយលោក Christoph BUECKER ទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងអភិរក្សថ្មក្នុងតំបន់អង្គរ, ស្ថាប័នឥណ្ឌា Archaeology Survey of India (ASI) ដែលតំណាងដោយលោក Devendra Singh Sood អ្នកជំនាញការរបស់ស្ថាប័ន ASI សម្រាប់គម្រោងជួសជុល និងអភិរក្សប្រាសាទតាព្រហ្ម និងចុងក្រោយគម្រោងសហការអភិរក្សអង្គរជប៉ុន-អាជ្ញាធរជាតិអប្សរា (JASA) តំណាងដោយលោក Mitsumasa Ishizuka អ្នកបច្ចេកទេស សម្រាប់គម្រោងជួសជុល និងអភិរក្សប្រាសាទបាយ័ន។
ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានផ្តល់ជូនសៀវភៅស្តីអំពី “សកម្មភាពសម្រាប់ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌពិភពលោកអង្គរ ២០២០-២០២១” ដល់ដៃគូអន្តរជាតិទាំងនោះផងដែរ៕