​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាននិងកំពុង​តែ​ធ្វើការ​បង្កើត ជួសជុល​ស្តារឡើងវិញ និង​ពង្រីក​អាងទឹក​ជាច្រើន​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ដោយសារតែ​នាពេលនេះ​ខេត្ត​ជាយដែន​មួយ​នេះ​គឺជា​កន្លែង​ទេសចរណ៍​មួយ​ដ៏​សំខាន់ និង​ជា​ភូមិសាស្ត្រ​សេដ្ឋកិច្ច​នយោបាយ​ដ៏​ល្អប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែធ្នូ​នេះ​។​

​ការគូសបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេលដែល​ក្រុមការងារ​របស់​ក្រសួង​ទាំង​ពីរបាន​ចុះទៅ​ធ្វើការ​ពិនិត្យមើល​លើ​វឌ្ឍនភាព​នៃ​បណ្តា​ការដ្ឋាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូ​រាំង របស់​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

​ការដ្ឋាន​ទាំងនោះ​មានដូចជា​ការដ្ឋាន​ជួសជុល​ស្តារឡើងវិញ​នៃ​ទំនប់​អាង​លើ និង​ទំនប់​អាង​ក្រោម និង​ការដ្ឋាន​សាងសង់​ទំនប់​អូរ​តេ​ដ៏​មាន​សារៈសំខាន់ និង​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យសេដ្ឋកិច្ច ដែល​អាងទឹក​នេះ​នឹង​ប្រែក្លាយ​ខេត្ត​នៅ​ភូមិភាគ​ឦសាន​មួយ​នេះ​ឱ្យ​កាន់តែ​នៅ​កៀក​នឹង​អ្នកទេសចរ​ទាំងអស់​ក្នុង និង​ក្រៅប្រទេស​។​

​វឌ្ឍនភាព​ការងារ​ស្ដារ និង​សាងសង់​ទំនប់​លើ និង​ទំនប់​ក្រោម​នាពេល​បច្ចុប្បន្ននេះ​សម្រេចបាន​ប្រមាណ​ជា​៣០%​ហើយ​។​ទំ​បន់​នេះ​គឺ​សម្រាប់​ជា​ប្រភពទឹក​ដ៏​សំខាន់​មួយ សម្រាប់​ផលិត​ទឹកស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សែន​មនោ​រម្យ និង​ជា​កន្លែង​លំហែ​កម្សាន្ត​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ នេះ​បើ​យោងតាម​រដ្ឋបាល​ខេត្តមណ្ឌលគិរី​។​

​ក្រសួង​ធនធានទឹក​បានឱ្យដឹង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានសម្រេច​បង្កើតឡើង​នូវ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដ៏​មាន​សារៈសំខាន់ និង​នយោបាយ​ទឹក​ដ៏​រឹងមាំ​ដែល​ពេញ​ទៅដោយ​សក្តានុពល​ខ្ពស់​ក្នុងការ​បម្រើឱ្យ​ផលប្រយោជន៍​ជាតិ និង​មាតុភូមិ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ មាន​ស័ក្តិ​សិទ្ធ​ភាព និង​ធានាបាន​នូវ​និរន្តរភាព​។​

​ព្រម​ពេល​ជាមួយគ្នានេះ​ដើម្បី​គោរព​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ​រាជរដ្ឋាភិបាល និង​ស័ក្តិ​សមជា​សសរទ្រូង​ដ៏​រឹងមាំ​ក្នុង​វិស័យ​ទឹក​របស់​កម្ពុជា ក្រសួង​ធនធានទឹក​បាននិងកំពុង​តែ​ដឹកនាំ​ធ្វើការ​សហការ​ជាប្រចាំ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ក្នុង​ពិភពលោក​។ ដឹកនាំ​ធ្វើការ​សហការ​ទាំ​នោះ​គឺ​ដើម្បី​ធ្វើការ​កសាងបាន​នូវ​ផែនការ​វិនិយោគ​រយៈពេល​វែង​ក្នុងការ​គ្រប់គ្រង​វិស័យ​ធនធានទឹក និង​ឧតុនិយម ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​កម្ពុជា ក្នុង​និយាម​ឈាន​ជា​បណ្តើរៗ​ធ្វើ​ទំនើបកម្ម​វិស្វកម្ម​លើ​ការគ្រប់គ្រង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ធនធានទឹក និង​ឌីជីថល​វិស័យ​ឧតុនិយម ជម្នះ​បាន​លើ​បម្រែបម្រួល​អាកាសធាតុ និង​ម្ចាស់ការ​បាន​លើ​ការគ្រប់គ្រង​គ្រប់​គ្រោះមហន្តរាយ​ធានា​បានជា​បន្តបន្ទាប់​លើ​សុវត្ថិភាព​ទឹក​សម្រាប់​ផ្ទៃ​ប្រទេស​៕​