កំពតៈ​ នគរ​​បាល​ខេត្ត​កំពត​កំពុងរៀ​បចំ​បញ្ជូន​សំណុំរឿ​ង​ទៅ​តុលាកា​​រពាក់​ព័ន្ធនឹ​ង​ករណីជន​ម្នាក់​បើក​រថយន្ត​បុក​សិស្ស​សាលា​ស្លាប់​៤​នាក់​នៅ​ក្រុង-ខេត្ត​កំពត​កាល​ពី​ដើម​ខែ​ធ្នូ ​ឆ្នាំ២០២១ ​បន្ទាប់​ពីមាន​ការជំរុ​ញពីអ​ភិបាល​ខេត្តនេះ ខណៈ​ភាគី​រថ​យន្ត​បង្ក​នៅតែ​​គេច​វេះ​មិន​ចូល​ខ្លួន​ដោះ​ស្រាយ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុ​រិទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត ប្រាប់​នៅ​ថ្ងៃទី​២៦ ធ្នូ ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ស្លាប់​យុវជន​ជា​សិស្ស​សាលា៤នាក់​ កាល​ពី​ថ្ងៃទី១ធ្នូ ឆ្នាំ​២០២១គឺ​សមត្ថ​កិច្ច​របស់​លោក​កំពុង​តែបន្ត​នីតិវិធី​គ្រោង​បញ្ជូន​សំណុំ​រឿង​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​ចាត់​ការ​តាម​ច្បាប់​។

លោក​បន្ត​ថា៖«​យើង​កំពុង​តែ​រៀបចំ​ឯក​សារ ​សំណុំ​រឿងនេះ​ ដោយ​ត្រូវ​ចុះ​ពិ​និត្យនៅ​កន្លែង​កើត​ហេតុ​បន្ថែម​ឱ្យបាន​ច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ​សិន មុន​បញ្ជូន​សំណុំ​រឿង​បន្តទៅ​តុលា​ការ។ផ្នែក​ព្រហ្ម​ទណ្ឌ​គឺ​យើង​ត្រូវតែ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលា​ការ​ហើយ​»​។

បើតាម​លោក​ស្នង​ការ​ ចំពោះ​សំណង​ជំងឺ​ចិត្ត​ដែល​ច្បាប់​ហៅ​ថា​ជា​សំណង​រដ្ឋប្បវេណី​នោះ​គឺ​នគរបាល​គ្មាន​សមត្ថកិច្ច​លូកលាន់​ទេ​ ហើយ​ទុកឱ្យ​ភាគី​ជនរងគ្រោះនិង​ភាគី​ម្ចាស់​រថយន្ត​ជា​អ្នក​ច​រចា​គ្នា។សំណង​រដ្ឋប្បវេណី​គឺជា​សិទ្ធិ​របស់​បុគ្គល​ដែល​ពួក​គាត់​ព្រម​ព្រៀង​គ្នា។

ពាក់​ព័ន្ធ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង សុំ​ការ​បញ្ជាក់​ពី​លោក ម៉ៅ ធនិន ​អភិបាល​ខេត្តកំពត បានទេ​ នៅ​រសៀល​ថ្ងៃទី២៦ ធ្នូ ។ប៉ុន្តែ​បើតាម​លោក ​រ័ត្ន ប៊ុន ដែលត្រូវជា​ឪពុក​របស់​យុវជន​រងគ្រោះម្នាក់​ឈ្មោះ ឈាង

បរិ​ញ្ញា អាយុ១៦ឆ្នាំ និងជាតំណាង​ឱ្យ​ឪពុកម្តាយ​សព​សិស្ស៣នាក់​ទៀតនោះ បាន​ប្រាប់​នៅ​ថ្ងៃទី២៦ ធ្នូ​ថា រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​អូស​បន្លាយ​ជិត១ខែ​មកហើយ។ការអូស​បន្លាយ​ពេលវេ​លានេះ​ដោយ​សារ​ភាគី​រថ​យន្ត​សុំ​ចរ​ចា​គ្នា​ពាក់ព័ន្ធ​នឹង​សំណង​រដ្ឋ​ប្បវេណី​។

លោក​បាន​បន្ត​ថា​ ដំបូង​ឡើយ ​ក្រុម​គ្រួសារ​សព​សិស្ស​ទាំង​៤នាក់​បាន​ឯកភាព​គ្នា​ទាម​ទារ​សំណង​ក្នុង​សព​ម្នាក់​ចំនួន២​ម៉ឺន​ដុល្លារ​អាមេរិក។បន្ទាប់​មក​ចុះមក​នៅត្រឹមម្នាក់៧ពាន់​ដុល្លារ​ក្នុងសព​ម្នាក់​តែ​ខាង​ភាគី​រថយន្ត​នៅតែ​មិន​ព្រម​ ហើយដោយ​សារ​មិន​ចង់ឱ្យ​ចំណាយពេល​យូរ​ ភាគី​សព​សិស្ស​ក៏​ឯកភាពគ្នា​សុខចិត្ត​យក​សំណង​តែ​សព​ម្នាក់៥ពាន់​ដុល្លារ ​ប៉ុន្តែ​ភាគី​រថយន្ត​បង្ក​នៅតែ​មិន​ព្រម​ទៀត​ថែមទាំង​លើក​ពេល​ជួប​ច​រចា​គ្នា​ជាច្រើន​ដង​ទៀត​ផង។

លោក​បញ្ជាក់ថា ​ដោយ​សារតែ​គ្មាន​ដំណោះ​ស្រាយ​ទើប​នៅ​ពីថ្ងៃ​ទី២៥ធ្នូ រូបលោក​រួមជាមួយ​ឪពុក​ម្តាយ​សព​សិស្ស៣នាក់​ទៀត​បាន​ទៅសុំ​ជួប​លោក ម៉ៅ ធនិន អភិបាល​ខេត្តកំ​ពត។ក្នុងជំ​នួប​នោះ​លោក​អភិបាលខេត្ត​បាន​ប្រាប់​ពួកគាត់​ថា​រឿងនេះ​បើ​ភាគី​រថយន្ត​នៅតែ​គ្មាន​ដំណោះ​ស្រាយ​ទេ​គឺ​លោក​នឹងធ្វើ​ការងារ​នេះ​ដោយ​ផ្ទាល់​តែម្តង។

លោក រ័ត្ន ​ប៊ុន​ បាន​ដក​ស្រង់​សម្តី​លោក​អភិបាល​ខេត្ត​ថា៖«គាត់​មិន​សុខចិត្ត​ទេ​ហើយ​គាត់​ថា​មិនឱ្យ​កូន ក្មួយ ឬ​ចៅ​របស់គាត់​ស្លាប់​ដោយ​អយុត្តិ​ធម៌​ដែរ។ខ្ញុំ​ឃើញ​គាត់​ទូរស័ព្ទ​នៅមុខ​ខ្ញុំ​ទៅ​លោក​ស្នង​ការ​នគរបាល​ដើម្បីឱ្យ​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលា​ការ​ឱ្យបាន​ឆាប់ៗដើម្បី​ចេញ​ដីកា​តាម​ចាប់​អ្នក​បើករ​ថយន្ត​»។

ជុំវិញ​បញ្ហា​នេះដែរ​នៅ​ថ្ងៃទី២៦ធ្នូ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​បុរស​ម្នាក់​ដែលជា​​តំណាងភាគីរថយន្ត​បង្ក​ដើម្បី​សុំ​ការបក​ស្រាយ​​ពាក់​ព័ន្ធ​នឹង​ការចេញ​សំណង​នេះ។ប៉ុន្តែ​លោក​បានបង្វែរ​ឱ្យ​សួរ​ទៅខាង​ភាគី​ជនរង​គ្រោះ​វិញ៕​

វីដេអូ៖