ភ្នំពេញៈ តំណាង​អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ទៅលើ​ឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ជាច្រើន​បទលើ្មស​ពាក់ព័ន្ធ​ករណី​ប្លន់​ដោយ​ប្រដាប់អាវុធ​ទៅលើ​អ្នក​លក់​ឡេ​តាម​អនឡាញ​ឈ្មោះ អ៊ាន សៀវម៉ី​។

លោក William Guang និង​បក្ខពួក​មួយចំនួន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់​កាលពី​ថ្ងៃទី ២៥ ធ្នូ ឆ្នាំ​ ២០២១​។

ក្រោយ​ការសាកសួរ​ជាច្រើន​ម៉ោង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ថ្លែងថា ក្នុង​សំណុំរឿង​លោក William ត្រូវបាន​តំណាង​អយ្យការ បើក​ការស៊ើបសួរ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​សមគំនិត​ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បទកាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទក្លែង​ឯកសារ​សាធារណៈ​តាម​មាត្រា​ ២៩ មាត្រា​ ៣៥៣ មាត្រា ៣៥៧ មាត្រា​៤៩០ និង​មាត្រា​ ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក William បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច មុនពេល​បញ្ជូន​ទៅ​តុលាការ ដោយ​រៀបរាប់​ថា​៖ «​ក្នុង​អំពើ​ប្លន់​ប្រដាប់​ដោយ​អាវុធ​នោះ លោក​ជា​អ្នកដឹកនាំ​ដោយផ្ទាល់ និង​បាន​ចាត់តាំង​ក្រុម​ការងារ​ផ្សេងៗ​គ្នា​ឱ្យ​យល់​ពី​តួនាទី​របស់ខ្លួន​។ លោក​ថា​៖ «​យើង​ក្តាប់​ចិត្តសាស្ត្រ​មនុស្ស​ដែល​ពូកែ​និយាយ​តែ​មាត់​អួតអាង សម្ញែង បើសិន​ជា​មនុស្ស​នោះ​ជួប​ឧបសគ្គ​គិត​ច្របូកច្របល់​»​។

ក្នុង​អំឡុងពេល​សាកសួរ​នោះដែរ សមត្ថកិច្ច​បាន​ចោទសួរ លោក William ថា មាន​ការព្រួយបារម្ភ​សមត្ថកិច្ច​មក​ទាន់ ឬ​អ្នកជិតខាង​ឃើញ​ដែរឬទេ​? លោក William ឆ្លើយថា​៖ «​តាម​ចិត្តសាស្ត្រ​ខ្ញុំ​ដឹងថា ខ្មែរ​កម្រ​ជួយ​គ្នា ភាគច្រើន គឺ​យកតែ​រួចខ្លួន​។ នេះ​ជា​មេរៀន​មួយ ថ្ងៃក្រោយ​ខ្មែរ​ឱ្យ​ចេះ​ជួយ​គ្នា​»​។

ទាក់ទង​ឯកសណ្ឋាន​ប៉ូលិស​វិញ លោក​ថា ទិញ​មកពីផ្សារ​ទឹកថ្លា ក្រៅពីនោះ​សុទ្ធតែ​ឯកសណ្ឋាន​ដែល​គ្នា​លោក​ពាក់​សម្រាប់​ហាត់ប្រាណ និង​ដើរចូល​ព្រៃ​។

ក្នុង​អំពើ​ប្លន់​នោះ លោក​បាន​ចេញ​ពី​ផ្ទះ​នៅវេលា​ម៉ោង​ ៧ និង​ ៥៤ ​ព្រឹក ហើយ​ចាប់​ផ្តើមធ្វើ​សកម្មភាព​ប្លន់​នៅ​វេលាម៉ោង​ជាង​ ១០ ​ព្រឹក​នៅ​ថ្ងៃកើតហេតុ​កាលពី​ថ្ងៃទី​ ១៩ ធ្នូ ឆ្នាំ​ ២០២១​។

លោក​គូសបញ្ជាក់ថា មូលហេតុ​ដែល​លោក​ធ្វើ​សកម្មភាព​ប្លន់ ទៅដោយ​រលូន​នាពេលនោះ ដោយសារ​ការធ្វេសប្រហែស​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ទោះបី​លោក​ជិះឡាន​អត់​ស្លាក​លេខ​ក៏ដោយ រីឯ​សន្តិសុខ​នៅ​បុរី​នៅ​មាន​កម្រិត​នៅឡើយ​។ សមត្ថកិច្ច​បាន​សួរ​ទៀតថា លោក​ជិះឡាន​អត់​ស្លាក​លេខ​អ៊ីចឹង អត់​ខ្លាច​គេ​ឆែក​ទេ​? William ឆ្លើយថា​៖ «​ថ្ងៃ​នឹង​ខ្ញុំ​ដឹងថា ថ្ងៃអាទិត្យ ប៉ូលិស​យើង​ខ្ជិល (​សន្តិសុខ​ក្នុង​បុរី​) ខ្ញុំ​គិតថា នៅ​ខ្សោយ​នៅឡើយ ទៅ​ប្លន់​រំភើយ មកវិញ​រំភើយ គ្រាន់តែ​ថា ៣ ឬ​ ៤ ​ម៉ោង​ក្រោយ មាន​អាវុធហត្ថ​មក​ឃ្លាំមើល ខ្ញុំ​ដឹងថា តម្រុយ​គេ​ចាប់បាន​តាម​កាមេរ៉ា​»​។ ទាក់ទង​ភាព​ឡូយឆាយ ហ៊ឺហា ផ្ទះ​វីឡា និង​ឡាន​ទំនើប​វិញ William បាន​ឆ្លើយថា អ្វីៗ​ដែលមាន​ទាំងអស់នេះ លោក​ជួល​គេ​។ លោក​ថា​៖«​ផ្ទះជួល​គេ ឡាន​បង់​រំលស់​គេ មុខរបរ​ផ្សេងៗ​គ្មាន​ចំណូល ក្ស័យធន បុគ្គលិក​គ្មាន​បាយ​ឱ្យ​ស៊ី​ទេ​»​។

ជា​ចុងក្រោយ លោក William គូសបញ្ជាក់​ថា ការប្លន់​នេះ​ជា​ការព្រមាន​ទៅ​កាន់​អ្នកមាន​មួយចំនួន​កុំឱ្យ​អួត និង​សម្ញែង​មាស​ពេជ្រ​ទៅ​ថ្ងៃក្រោយ​។

បើតាម​ការរៀបរាប់​របស់​ប្រធាន​បក្ស​ខ្មែរ​ក្រោក​រូបនេះ លោក​ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​ពី​មុន​ដែរ ប៉ុន្តែ​បរាជ័យ គឺ​ប្លន់​អ្នកមាន​ល្បីឈ្មោះ​ម្ចាស់​គម្រោង​សាងសង់​លំនៅឋាន ឈ្មោះ​ ម៉ន ដានី ដោយ​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្ត​កំពង់ស្ពឺ​។

ជុំវិញ​ករណីនេះ ម្ចាស់​បុរី KP ម៉ន ដានី កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ បាន​ចេញមុខ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ប្លន់​នេះ ដោយ​សម្តែង​ការហួសចិត្ត និង​នឹកស្មាន​មិន​ដល់​ថា ជា​លោក William​។ អ្នកស្រី​ថា​៖ «​គ្រាន់តែ​ឮ​ចម្លើយ​សារភាព​លោក William មាន​បងប្អូន​ខ្លះ ខល​មក​សួរសុខទុក្ខ​ខ្ញុំ​ច្រើន​។ ជា​ការពិត​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៣ ហើយ​ខ្ញុំ​មិន​នឹកស្មានថា ជា​គាត់ William​។ ខ្ញុំ​ស្គាល់​គាត់​ដែរ​ថា ជា​មនុស្ស​ល្បីល្បាញ​នៅ​ស្រុក​យើង ខ្ញុំ​មិន​នឹកស្មាន​ថា​ជា​គាត់​»​។ អ្នកស្រី​បាន​រៀបរាប់​ថា​៖ «​ហេតុការណ៍​នោះ កើតឡើង​គួរឱ្យ​រន្ធត់​ដែរ ដោយសារ​ឡាន​ខ្ញុំ បើក​មុខ​ក្រោយ​គ្នា​ពេលយប់ ឡាន​ខ្ញុំ​ជិះ​គ្នា​ ៤ ​នាក់ ខ្ញុំ និង​ប្តី និង​ជនជាតិ​ថៃ​ ២ ​នាក់ និង​ ១ ​ឡាន​ទៀត​មាន​ជនជាតិ​ថៃ ៥ ​នាក់​។ លុះដល់​កន្លែង​ឆ្លងផ្លូវ​មាន​ឡាន​មួយ មាន​ចេតនា​បុក​ឡាន​ពួក​ខ្ញុំ ធ្វើឱ្យ​ធ្លាក់​កាង​ខាងមុខ និង​កង់ឡាន​រួញ​ចូលគ្នា​»​។

អ្នកស្រី​បាន​រៀបរាប់​ពី​របៀប​ប្លន់​នោះ​ថា ស្រដៀង​គ្នា​ទៅនឹង​ហេតុការណ៍​ដែល​កើត​ឡើងលើ​ករណី​ប្លន់​នៅផ្ទះ​អ្នកលក់​ផលិតផល​ឡេ​តាម Online ឈ្មោះ អ៊ាន សៀវម៉ី ដែរ​។

អ្នកស្រី​ថ្លែងថា​៖ «​កម្លាំង​គេ ៥ ​នាក់ មាន​កាំភ្លើង​គ្រប់​ដៃ ភ្ជង់​មកលើ​សន្តិសុខ​ខ្ញុំ​។ គាត់​បុក​ឡាន​ខ្ញុំ​ជ្រុះ​កាង​ហើយ​យក​ក្រដាស​ ១ ​សន្លឹក​មក​បង្ហាញ​ទៅ​សន្តិសុខ​ថា មិនឱ្យ​ចូល​ទេ​បើ​អ្នកណា​ចូល​គាត់​បាញ់​។ អ្នកនោះ គាត់​ថា គាត់​មាន​ដីកា សំបុត្រ​បេសកកម្ម​»​។

ក្នុងនាម​ជា​អ្នកវិនិយោគ​ក្នុង​ស្រុក និង​មាន​ស្វាមី​ជា​អាណិកជន​ជាតិ​ថៃ និង​មាន​សញ្ជាតិ​ខ្មែរ អ្នកស្រី ម៉ន ដានី បាន​សម្តែង​អារម្មណ៍​ទាំង​ក្តុកក្តួល​ថា ទង្វើ​នោះ​ពិតជា​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកវិនិយោគ​បរទេស​ណាស់​។ អ្នកស្រី​ថា​៖ «​អ្វីដែល​ខ្ញុំ​និយាយ​ជាមួយ​អ្នកវិនិយោគ​ជនជាតិ​ថៃ ព្យាយាម​ឱ្យ​ត្រជាក់ចិត្ត កុំឱ្យ​ភ័យខ្លាច ឱ្យ​គាត់​គិតថា ស្រុក​យើង មាន​សន្តិភាព​ទេ អ៊ីចឹង​មក​វិនិយោគ​នៅ​ស្រុក​ខ្ញុំ​បាន ប៉ុន្តែ​ផ្ទុយ​មកវិញ​គេ​មិន​គិត​អ៊ីចឹង​ទេ​»​។

សូមជម្រាបថា លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និង​មនុស្ស ១៤ ​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ តាម​គោលដៅ​ដោយឡែក​ពីគ្នា​។

នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចោរប្លន់​ប្រដាប់អាវុធ​នេះ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ផ្ទាល់​ដោយ​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី-ភ្នំពេញ ដែល​បាន​ដឹកនាំ​កងកម្លាំង​ក្នុង​ការស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​ទីតាំង​សម្បុក​ចោរ​ប្រដាប់អាវុធ​ដែលជា​ភូមិគ្រឹះ​ដ៏ធំ​មួយ ស្ថិតក្នុង​បុរី​ប៉េងហួត​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ក្បែរផ្លូវ​ ៦០ ​ម៉ែត្រ ព្រមទាំង​រឹបអូស​វត្ថុតាង​គ្រឿងអលង្ការ​មួយចំនួន និង​រឹបអូស​អាវុធខ្លី ៤ ​ដើម និង វែង​ ១ ​ដើម​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​៕

វីដេអូ៖