សៀមរាបៈ អភិបាលរង​ខេត្ត​សៀមរាប លោក ង៉ាន់ ភិរុណ ប្រាប់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់​នូវ​ទីតាំង​កែច្នៃ​ឈើ ជាង ១៤០ ​ទីតាំង ដែល​មិនមាន​ច្បាប់​អនុញ្ញាត​នៅក្នុង ឬ​នៅក្បែរ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការបាត់បង់​ព្រៃឈើ​បន្តទៀត​។

លោក​លើកឡើង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​នៃ​ក្រុមប្រឹក្សា​ខេត្តសៀមរាប នា​ថ្ងៃទី​ ២៣ ខែធ្នូ​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន សាលាខេត្ត​សៀមរាប​នា​ថ្ងៃទី​ ២៣ ​ធ្នូ លោក​អភិបាលរង​ខេត្ត​រូបនេះ​បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​លិខិត​របស់​រដ្ឋបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ៨ ខែធ្នូ ស្តីពី​ការចាត់​វិធានការ​បញ្ឈប់​ទីតាំង​រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោងសិប្បកម្ម​កែច្នៃ​ឈើ​នៅក្នុង និង​នៅ​ជិត​តំបន់​ការពារ​ធម្មជាតិ​។

ប្រភព​ដដែល​ដកស្រង់​សម្ដី​លោក ង៉ាន់ ភិរុណ ថា​៖ «​បើ​យោងតាម​តារាងបញ្ជី​ទិន្នន័យ​ទីតាំង​កែច្នៃ​ឈើ​ទាំងនោះ នៅក្នុង ឬ​នៅក្បែរ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២១ រកឃើញ​មាន​ចំនួន​ ១៤៦ ទីតាំង ក្នុងនោះ​មាន​ចំនួន​តែ ៣ ​ទីតាំង​ប៉ុណ្ណោះ ដែលមាន​ច្បាប់​។ ជាមួយ​គ្នា​នេះ ត្រូវ​ចាត់​វិធានការ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​»​។

ជាមួយ​គ្នា​នេះ លោក​ប្រាប់​ឱ្យ​អាជ្ញាធរ​មោឃភាព​នូវ​រាល់​ការចុះហត្ថលេខា ឬ​ការបញ្ជាក់​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ដែល​ធ្វើឡើង​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ដែល​ក្រសួងបរិស្ថាន​ក៏បាន​ព្រមាន​ផងដែរ​។ បើតាម​អភិបាលរង​ខេត្ត​រូបនេះ រដ្ឋបាល​ឃុំ សង្កាត់​ណា​ដែល​នៅតែ​បន្ត​បំពាន​ចុះហត្ថលេខា​ផ្តល់​ជា​កម្មសិទ្ធិឯកជន​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន នឹងត្រូវ​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​តាមផ្លូវ​ច្បាប់​។

លោក ង៉ាន់ ភិរុណ លើកឡើង​ថា បញ្ហា​ធ្វើ​ឡធ្យូង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​ជីក្រែង មិន​ត្រឹមតែ​ជា​តម្រូវការ​ក្នុង​សហគមន៍​នោះទេ តែ​ក៏​ស្ថិត​ក្នុង​រូបភាព​ធ្វើ​អាជីវកម្ម​នាំ​ចេញទៅ​ខេត្ត​កំពង់ធំ​ផងដែរ ដែល​ត្រូវ​ចាត់​វិធានការ​កាត់បន្ថយ​តាមរយៈ​ការប្រើ​វិធានការ​អប់រំ មុននឹង​មាន​ការបង្ក្រាប​លុបបំបាត់​នោះ​។

លោក លី សំរិទ្ធ ​អភិបាលរង​ខេត្ត​សៀមរាប​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២៦ ធ្នូ​ថា លោក​មិនទាន់​អាច​ជូនដំណឹង​បាន​នៅឡើយ​ទេ អំពី​ចំណាត់​ការបញ្ឈប់​ជាបន្ទាន់ នូវ​ទីតាំង​កែច្នៃ​ឈើ​ទាំងនេះ ដោយ​បង្វែរ​សំណួរ​ទៅកាន់​លោក សុខ ថុល នាយក​រដ្ឋបាល សាលា​ខេត្ត​សៀមរាប ខណៈ​លោក​ សុខ ថុល ថ្លែងថា លោក​មិន​បានដឹង​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​ទេ​៕