កំពង់ស្ពឺៈ នគរបាល​ស្រុក​ឧដុង្គ​នៅ​ថ្ងៃទី​ ២៦ ធ្នូ កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់​ បន្ទាប់ពី​បើករថយន្ត​បុក​បុរស​ជិះ​ម៉ូតូ​ ២ ​នាក់​ស្លាប់​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២៥ ​ធ្នូ នៅតាម​ផ្លូវជាតិ​លេខ​ ៥១ ស្ថិតក្នុង​ភូមិ​ស្តុកស្លាត ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​​ឧដុង្គ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ធ្នូ​ថា ជនបង្ក​ឈ្មោះ ហង់ ចាន់ អាយុ​ ៤៨ ​ឆ្នាំ​។ ​សមត្ថកិច្ច​លោក​បាន​កំណត់​អត្តសញ្ញាណ​របស់​​ជនសង្ស័យ​រួចហើយ​។ ​ប៉ុន្តែ​ជន​ម្នាក់នេះ​មិនមែន​ជា​អ្នករស់នៅ​ខេត្តកំពង់ស្ពឺ​ទេ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ខ្ញុំ​មិនអាច​ប្រាប់​ពី​ភូមិ-ឃុំ​ដែល​ជនសង្ស័យ​រស់នៅ​ជូន​បានទេ​​ព្រោះ​វា​ជា​កិច្ចការ​ដែល​សមត្ថកិច្ច​របស់ខ្ញុំ​កំពុងធ្វើការ​។ ​អ៊ីចឹង​យើង​កំពុង​មមាញឹក​ក្នុង​ការងារ​នេះហើយ​»​។

លោក​បញ្ជាក់ថា ចំពោះ​ជនរងគ្រោះ​វិញ​មាន​ឈ្មោះ ធឿន ចុន ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ និង​ឈ្មោះ ឈឺន សុខហួត ភេទ ប្រុស អាយុ​ ២៨ ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ​ពួកគេ​ជា​កសិករ​រស់នៅ​ក្នុងភូមិ​ចម្ការ​ដូង ឃុំ​ចាន់សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

លោក សាម៉ុន រំឭក​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃទី​ ២៥ ធ្នូ ឆ្នាំ​ ២០២១​។ ​លោក​ថា​មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​ ១ ​គ្រឿង ម៉ាក​ស្តារិក ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ​ 2A.5943 បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅតាម​បណ្តោយ​ផ្លូវ​លេខ​ ៥១ ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឧដុង្គ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ​ចំណែកឯ​ភាគី​ម៉ូតូ​ជិះ​ឌុប​គ្នា​ ២ ​នាក់​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។ ​លុះ​មកដល់​ចំណុច​កើតហេតុ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥-២៦ ស្ថិតក្នុង​ភូមិ​ស្តុកស្លាត ឃុំ​ភ្នំតូច ស្រុក​ឧដុង្គ ស្រាប់តែ​បុក​គ្នា​ពេញទំហឹង​តែម្តង​។

លោក​បាន​បន្តថា ភ្លាមៗ បន្ទាប់ពី​កើតហេតុ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះបាន​ទូរស័ព្ទ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​​ភ្នំ​តូច ហើយ​នគរបាល​ប៉ុស្តិ៍​ក៏​​បាន​រាយការណ៍​បន្ត​មក​លោក​។

ក្រោយ​ទទួលបាន​សេចក្តី​រាយការណ៍​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​ទីតាំង​កើតហេតុ​។

ប៉ុន្តែ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​តែ​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​។

លោក​បាន​ឱ្យដឹង​ទៀត​ថា​​គ្រោះថ្នាក់​នេះ បណ្ដាល​ឱ្យ​ផ្នែក​ខាងមុខ​រថយន្ត​ស្តារិក​បាន​បាក់​ខ្ទេច​ខ្លះ​។ ​ចំណែក​ម៉ូតូ​ម៉ាក​សង់​ ១២៥ មួយគ្រឿង​របស់​ភាគី​រងគ្រោះ​ត្រូវបាន​រថយន្តបុក​បាក់​ខ្ទេច​នៅ​ផ្នែក​ខាងមុខ​ទាំងស្រុង​។ ប៉ុន្តែ​ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​របស់​លោក​បាន​យក​ទាំង​រថយន្ត និង​ម៉ូតូ​​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ឧដុង្គ ដើម្បី​រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​ដោះស្រាយ​គ្នា​តាមច្បាប់​។

លោក សាម៉ុន បញ្ជាក់ថា​៖ «​សាកសព​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ខ្ញុំ​បានប្រគល់​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ ប៉ុន្តែ​ជនរងគ្រោះ​​ក៏​ផឹក​គ្រឿង​ស្រវឹង​ដែរ​»៕