ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ផ្ដាំផ្ញើ​ដល់​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​ឱកាស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ២៧-២៨ ធ្នូ​នេះ គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​បទប្បញ្ញត្តិ​ក្រសួង​ដាក់ចេញ ខណៈ​ដំណើរការ​ពិនិត្យ​ឈ្មោះ​លេខ​បន្ទប់ លេខ​តុ និង​វាស់​កម្ដៅ​សិស្ស​ប្រព្រឹត្ត​ទៅដោយ​រលូន​។

តាមរយៈ​សារ​ជា​វីដេអូ​ផ្ញើ​ដល់​បុគ្គលិក​អប់រំ លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​ថ្ងៃទី ២៦ ខែធ្នូ​នេះ លោក ហង់ជួន ណារ៉ុន ថ្លែងថា នៅក្នុង​ឱកាស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) សម័យ​ប្រឡង​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ​ដោយបាន​ជូនពរ​ឱ្យ​បេក្ខជន​ទាំងអស់​មាន​សុខភាព​មាំមួន ហើយនឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រឡង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​សូមឱ្យ​បេក្ខជន​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​បទប្បញ្ញត្តិ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​។ ជាពិសេស​សូម​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ សម្រាក និង​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ ក៏ដូចជា​ត្រៀមខ្លួន​ឱ្យ​បានល្អ​សម្រាប់​ការប្រឡង ហើយ​គោរព​ទៅតាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ ជាពិសេស​គឺ​អនុវត្ដ ៣ ​កុំ និង​​ ៣ ​ការពារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩»​។

លោក ហង់ជួន ណារ៉ុន ក៏បាន​ជូនពរ​ដល់​លោកគ្រូ-អ្នកគ្រូ​ទាំងអស់​ដែល​នឹងចូលរួម​នៅក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​​ ២៧ ខែធ្នូ ឆ្នាំ​ ២០២១ ​នេះ សូមឱ្យ​មាន​សុខភាព​ល្អ ជោគជ័យ និង​គោរព​តាម​បទប្បញ្ញត្តិ​ដែល​ក្រសួង​បានដាក់​ចេញ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​ដែរ​ថា ជាទូទៅ ដំណើរការ​ពិនិត្យ​ឈ្មោះ លេខ​បន្ទប់ លេខ​តុ និង​វាស់កម្ដៅ នៅ​ថ្ងៃ​ ២៦ ធ្នូ ២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​ការគ្រោង​ទុក​សម្រាប់​ការប្រឡង​បាក់ឌុប​នា​ថ្ងៃទី​ ២៧-២៨ ធ្នូ ២០២១​។ បេក្ខជន​ប្រឡង​បាក់ឌុប​បាន​ទៅកាន់​មណ្ឌល​ប្រឡង​រៀងៗ​ខ្លួន​កាលពី​ថ្ងៃ​ទី ​២៦ ធ្នូ ២០២១ ចាប់ពី​ម៉ោង ៩ ​ព្រឹក ដើម្បី​ពិនិត្យមើល​ឈ្មោះ លេខ​បន្ទប់ លេខ​តុ ស្ទង់កម្ដៅ និង​ទទួល​ស្ទីកឃ័រ​សុខភាព​បញ្ជាក់ថា មាន​កម្ដៅ​ធម្មតា​។

លោក​បន្ត​ណែនាំ​ដល់​បេក្ខជន​ត្រូវ​រៀបចំ​ទឹក ម៉ាស់ អាល់កុល​លាងដៃ យកទៅ​មណ្ឌល​ប្រឡង​។ កុំ​យកដៃ​សើម ដោយសារ​អាល់កុល​លាងដៃ​ជាដើម ប៉ះពាល់​សន្លឹក​កិច្ចការ​ប្រឡង​ដែល​អាច​បណ្ដាល​ឱ្យ​មាន​ស្លាកស្នាម​លើ​សន្លឹក​កិច្ចការ​ក្នុង​ដំណើរការ​សំណេរ​។ បន្ត​អនុវត្ត​ផែនការ​បុគ្គល​ត្រៀមប្រឡង​បាក់ឌុប​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​លទ្ធផល​សម​តាម​ការខិតខំ​ប្រឹងប្រែង​។ តាំងចិត្ត​ឱ្យ​ស្ងប់​តាម​វិធី​ដែល​ខ្លួន​ចូលចិត្ត ដូចជា​តាម​ការតាំង​សមាធិ​ជាដើម​។ ញ៉ាំ​ឱ្យ​គ្រប់ គេង​ឱ្យ​គ្រាន់ ទឹក​ឱ្យ​ក្រែល​។

លោក​ថ្លែងថា​៖ «​សូម​បេក្ខជន​ប្រឡង​បាក់ឌុប​ថ្ងៃ​ ២៧-២៨ ធ្នូ​នេះ បន្ត​ចូលរួម​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។ ចូលរួម​ប្រតិបត្តិ​វិធានការ​សុវត្ថិភាព​សុខភាព​ជាពិសេស​អនុវត្ត ៣ ​ការពារ​ ៣ ​កុំ ក្នុង​ការរក្សាសុខ​សុវត្ថិភាព​បុគ្គល និង​គ្រួសារ​។ បង្កើន​ការប្រុងប្រយ័ត្ន​ពេលធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដោយ​ត្រូវ​បន្ត​គោរព​ច្បាប់​ចរាចរណ៍​»​។

លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃទី​ ២៥ ​ធ្នូ បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​ដល់​គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស និង​ប្រធាន អនុប្រធាន​មណ្ឌល​ទាំងអស់ សម្រាប់​ត្រៀម​ដំណើរការ​សំណេរ​នៃ​ការប្រឡង​បាក់ឌុប​នៅ​ថ្ងៃទី​ ២៧ ធ្នូ ដើម្បី​ណែនាំ​បច្ចេកទេស​ក្នុង​ដំណើរការ​ប្រឡង​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលបាន ព្រមទាំង​បង្ហាញ​ពី​វិធានការ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា គណៈមេប្រយោគ​ប្រចាំការ​មាន​តួនាទី​ទំនាក់ទំនង​ជាមួយ​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល រាជធានី-ខេត្ត ដើម្បី​ប្រមូល​ព័ត៌មាន ឆ្លើយតប​សំណួរ និង​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​អំពី​ដំណើរការ​ប្រឡង​ឱ្យទាន់​ពេលវេលា​តាមរយៈ​គេហទំព័រ និង​បណ្ដាញ​សង្គម​ផ្លូវការ​ក្រសួង​អប់រំ​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (​អ.ប.ព.) បានឱ្យដឹងថា ក្រុមការងារ​ចំហ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ បាន​ចូលរួម​សង្កេតការណ៍ ដំណើរ​ការដឹក​ប្រធាន​វិញ្ញាសា​ទៅកាន់​រាជធានី ខេត្ត​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ​នេះ​។

ក្រុម​ការងារ​បាន​ចូលរួម​តាំងពី​ដំណាក់កាល​រៀបចំ​ដឹកជញ្ជូន​ចេញពី​ក្រសួង​អប់រំ យុវជន និង​កីឡា (​វិទ្យាស្ថាន​ជាតិ​អប់រំ​) រហូតដល់​សាលា​រាជធានី ខេត្ត ដែលជា​ទីតាំង​រក្សាទុក​ប្រធាន​វិញ្ញាសា​ប្រឡង​។

អង្គភាព​នេះ​បាន​បន្តថា ក្នុង​ដំណើរការ​នៃ​ការដឹកជញ្ជូន​ប្រធាន​វិញ្ញាសា​សរុប ៨៧៣ ហឹប អ.ប.ព. កត់សម្គាល់​ឃើញថា គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំរាជធានី​ខេត្ត គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស​ប្រចាំរាជធានី​ខេត្ត អាជ្ញាធរ​ដែនដី (​អភិបាល​នៃ​គណៈអភិបាល​រាជធានី ខេត្ត​, កងកម្លាំង​នគរបាល​, កងរាជ​អាវុធហត្ថ​) បាន​យកចិត្ត​ទុកដាក់​ខ្ពស់ អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​លើ​កិច្ចការ​នេះ ស្រប​ទៅ​តាម​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​។

អ.ប.ព ថា​៖ «​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​ប្រគល់​ទទួល និង​ដឹកជញ្ជូន​ហឹប​វិញ្ញាសា​ចេញពី​វិទ្យាស្ថាន​ជាតិ​អប់រំ គឺមាន​ការចូលរួម​ពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​ស្រោម​វិញ្ញាសា​ដែល​បាន​បិទ​ជិត​យ៉ាង​គត់មត់​មិនមាន​ការរហែក ផ្ទៀងផ្ទាត់​ចំនួន​យ៉ាង​ត្រឹមត្រូវ រួច​ទើប​បញ្ចូល​ទៅក្នុង​ហឹប​ប្រធាន​វិញ្ញាសា និង​ចាក់សោ​ដោយ​បិទ​ភ្ជិត​ក្រដាស (Sceller) លើ​រន្ធ​សោ​ទើប​ដាក់បញ្ចូល​ទៅក្នុង​រថយន្ត ដឹកជញ្ជូន​ទៅកាន់​គោលដៅ​»​។

បើតាម​ក្រសួង​អប់រំ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២១ នេះ​មាន​មណ្ឌល​ប្រឡង​សរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ ​បន្ទប់ បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១១៤ ១៨៣ ​នាក់ ស្រី ៦០ ៣៩៧ ​នាក់ គណៈមេប្រយោគ និង​គណៈកម្មការ​នានា​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​មាន​ចំនួន ៣១ ៤៣២ ​នាក់​៕