
ក្រសួងសាធារណការស្នើឱ្យអាជ្ញាធរចាត់វិធានការលើរថយន្តប្រភេទ Lexus NX 200t ដែលប្រើស្លាកលេខក្លែងក្លាយ។ រូបថត ក្រសួង
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើរថយន្តប្រភេទ Lexus NX 200t ដែលបំពាក់ស្លាកលេខ “ភ្នំពេញ2AQ-1333” ក្លែងក្លាយ ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈ។
ក្រោយពីមានការផ្សព្វផ្សាយរូបភាពលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះអំពីរថយន្ត ២ គ្រឿងដែលប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្តម៉ាក Hyundai Venue និងរថយន្តម៉ាក Lexus NX 200t ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្រាវជ្រាវរកឃើញថា រថយន្តម៉ាក Lexus ប្រើស្លាកលេខក្លែងក្លាយ។
ក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ២៤ ខែធ្នូថា ក្រោយពីបានស្រាវជ្រាវតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធក្រសួងសូមបំភ្លឺថា រថយន្ត Hyundai Venue បានចុះបញ្ជីប្រើប្រាស់ស្លាកលេខស្របច្បាប់ក្នុងឆ្នាំ ២០២១។
ក្រសួងបានបញ្ជាក់ថា៖ «រថយន្ត Lexus NX 200t ប្រើប្រាស់ស្លាកលេខក្លែងក្លាយ ផ្ទុយពីខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ។ ករណីរថយន្ត Lexus NX 200t បំពាក់ស្លាកលេខក្លែងក្លាយខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
ក្រសួងក៏បានជម្រាបជូនសាធារណជនផងដែរថា ការចុះបញ្ជីយានយន្តគឺត្រូវបានធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយស្វ័យប្រវត្តិធានាមិនឱ្យមានការចុះបញ្ជីចេញស្លាកលេខស្ទួន ឬយានយន្តចុះបញ្ជីដោយគ្មានការបង់ពន្ធនាំចូលព្រមទាំងមាន QR Code សម្រាប់ស្កេនផ្ទៀងផ្ទាត់គល់បញ្ជីជាសាធារណៈនៅលើស្លាកលេខ និងបណ្ណសម្គាល់យានយន្តថែមទៀតផង។
ក្រសួងបានបញ្ជាក់ថា ខ្លួន និងអាជ្ញាធរពាក់ព័ន្ធនឹងបន្តជំរុញការផ្សព្វផ្សាយដល់សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងសាធារណជនពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃរាល់ឯកសារពាក់ព័ន្ធនឹងយានយន្ត និងបណ្ណបើកបរឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ ការក្លែងបន្លំ ឯកសារសាធារណៈ និងធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមពិសេសការពារពលរដ្ឋពីភាពងាយរងគ្រោះដោយសារក្រុម ឬបុគ្គលទុច្ចរិត។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ បាននៅឡើយទេ នៅថ្ងៃទី ២៦ ខែធ្នូ។
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មី មិនអនុញ្ញាតឱ្យរថយន្តអត់ពន្ធបើកចរាចរណ៍លើដងផ្លូវតទៅទៀតទេ។ លោកថា៖ «យើងមិនអនុញ្ញាតឱ្យមានឡាននៅលើដងផ្លូវដោយមិនបានបង់ពន្ធនោះទេ ព្រោះម្តងហើយម្តងទៀត ភាពច្រំដែលរបស់យើងនៅតែបន្ត។ ឡានចង្កូតស្តាំ ឡានអត់ពន្ធជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឱ្យមានទេ ហើយអស់លោកគយត្រូវធ្វើការងារនេះ»។
ដោយឡែក កាលពីថ្ងៃទី ២៤ ខែធ្នូនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ បន្ទាប់ពីបានលួចស្លាកលេខរថយន្តជាច្រើនគ្រឿងកាលពីយប់ថ្ងៃទី ២៣ ខែធ្នូ នៅក្នុងខណ្ឌនេះ។
យោងតាមនគរបាលជាតិបានឱ្យដឹងថា «សមត្ថកិច្ចបានហកហូតសម្ភាររួមមានម៉ូទ័រដោះស្លាកលេខរថយន្ដចំនួន ១ គ្រឿង និងស្លាកលេខរថយន្ដចំនួន ៧ គ្រឿងហើយបច្ចុប្បន្នជនសង្ស័យទាំងនោះសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
ពាក់ព័ន្ធស្លាកនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាធ្លាប់បានថ្លែងថា នេះគឺជាចំណាត់ការប្រមូលពន្ធ ហើយក៏បង្ហាញឱ្យឃើញថា នៅមានជនខិលខូចមួយចំនួនឆ្លៀតឱកាសនាំចូលរថយន្តគេចពន្ធធ្វើឱ្យប៉ះពាល់ចំណូលជាតិ។ ក្នុងន័យនេះ លោកជំរុញឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងស្មើភាពគ្នានៅចំពោះមុខច្បាប់។
លោកថា៖ «យើងត្រូវអនុវត្តដោយស្មើភាពគ្នា និងមិនមានការលើកលែង ឬយោគយល់ទេ បើពុំនោះទេនៅតែមានករណីនេះកើតឡើងទៀត ខ្ញុំគិតថាបើយើងអនុវត្តច្បាប់តឹងរ៉ឹង គ្មានអ្នកណាហ៊ានធ្វើខុសទេ»។
ក្រសួងសាធារណការក៏បានណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវយករថយន្តរបស់ខ្លួនទៅចុះបញ្ជីបំពាក់ស្លាកលេខឱ្យបានស្របច្បាប់ មុននឹងយកទៅប្រើប្រាស់ និងសូមចៀសវាងការប្រើប្រាស់យានយន្តដោយមិនបានចុះបញ្ជីបំពាក់ស្លាកលេខសម្គាល់ស្របច្បាប់ ឬបំពាក់ស្លាកលេខសម្គាល់ក្លែងក្លាយ ដូចករណីខាងលើ៕
វីដេអូ៖