ភ្នំពេញៈ ក្រសួងបរិស្ថាន​បានផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ជាង​ ៦០ ក្នុង​រាជធានី​-​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន​ក៏ដូចជា​ការលើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងបរិស្ថាន បញ្ជាក់​នៅ​ថ្ងៃទី​ ២៥ ធ្នូ​ថា​៖ «​ក្រសួងបរិស្ថាន​ផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ចំនួន​ជាង​ ៦០ ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​គម្រោង​ធុងសំរាម ដែល​បាន​អនុវត្ត​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សសយក) រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់ ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន​ក៏ដូចជា​ការលើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន ដកស្រង់​សម្ដី លោក ខ្វៃ អាទិត្យា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ក្រសួងបរិស្ថាន ថ្លែង​ខណៈ​ចុះ​ផ្តល់​ធុង​ញែក​សំរាម​នេះ​ដល់​សាលារៀន​ចំនួន​ ៥ ​នៅក្នុង​ខណ្ឌ​បឹងកេងកង នា​ថ្ងៃទី ២៤ ធ្នូ ថា ការគ្រប់គ្រង​សំរាម​មិនបាន​ត្រឹមត្រូវ​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ ប្រព័ន្ធ​អេកូឡូស៊ី ការបំពុល​បរិយាកាស ទឹក ដី ខ្យល់ ការគំរាមកំហែង​ដល់​និរន្តរភាព​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ លោក​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ សំរាម​ថង់​ប្លាស្ទិក បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព​មនុស្ស​សត្វ និង​ជីវចម្រុះ​ផ្សេងៗ ដូច្នេះ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ជា​ជម្រើស​ដ៏ល្អ​»​។

ប្រភព​ដដែល​បាន​ដកស្រង់​សម្ដី​លោក សន ប៊ុនមាន អនុប្រធាន​លេខាធិការដ្ឋាន សសយក រាជធានី​ភ្នំពេញ ថា ការច្នៃ​ប្រឌិត​ធុងសំរាម​ជា​ក្អម ជា​អង្រុត​ជាដើម​នេះ គឺ​ចង់​បង្ហាញថា របស់​ទាំងអស់​នេះ គឺជា​អត្តសញ្ញាណ​របស់​ខ្មែរ និង​ចូលរួម​ថែរក្សា​នូវ​មរតក​ខ្មែរ ទុក​ឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់ និង​បាន​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ការទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ការចូលរួម​កាត់បន្ថយ​ការបញ្ចេញ​សំរាម​ដែល​ដាក់បន្ទុក​ទៅលើ​ទីលាន​ចាក់សំរាម​។

ធុងញែក​សំរាម​ត្រូវបាន​ផ្តល់ឱ្យ​តាម​សាលារៀន​។ រូបថត ក្រសួង​បរិស្ថាន

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពីថ្ងៃ​ទី​ ២៦ ធ្នូ ថា​ក្រសួងបរិស្ថាន​បានផ្តល់​នូវ​សម្ភារ​មួយចំនួន​ ដើម្បី​ពង្រឹង​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង​សំណល់រឹង​សំរាម​ដូចជា​រថយន្ត​ដឹក​សំរាម រថយន្ត​ប្រមូល​សំរាម ឡ​ដុត​សំរាម ម៉ូតូ​ដឹក​សំរាម និង​ធុងសំរាម​។ លោក ថ្លែងថា​៖ «​ក្រសួងបរិស្ថាន​បានផ្តល់​ធុងសំរាម​ដល់​សាលារៀន វត្ត​អារាម និង​រដ្ឋបាល​ក្រុង​ស្រុក​មួយចំនួន ដើម្បី​ងាយស្រួល ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ ក្រសួងបរិស្ថាន បាននិង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការបង្កើន​សមត្ថភាព​គ្រប់គ្រង​សំណល់រឹង​សំរាម​»​។

សសយក រាជធានី​ភ្នំពេញ​បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៤ ធ្នូ ថា ក្រសួងបរិស្ថាន​បាន​គាំទ្រ​ដល់​គម្រោង​បំពាក់​ធុងសំរាម​តាម​សាលារៀន ស្ថិតក្នុង​រាជធានី​ភ្នំពេញ តាមរយៈ សសយក រាជធានី-ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន សោភណភាព​ស្អាត និង​សុខភាព​សិក្សា​។

សសយក បញ្ជាក់ថា​៖ «​ធុងសំរាម​ច្នៃប្រឌិត​ឡើងជា​រូបរាង​ក្អម និង​អង្រុត គឺ​ចង់​បណ្តុះ​ស្មារតី​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឫស្សី មាន​ផ្នត់គំនិត​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ការយល់ដឹង​ពី​អនាម័យ​បរិស្ថាន និង​ការចូលរួម​លើកកម្ពស់​សោភណភាព​ស្អាត​តាម​សាលារៀន​ផងដែរ​»៕