ប៉ៃលិនៈ ក្រសួង​មុខងារសាធារណៈ បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ស៊ើបអង្កេត​ករណី​បណ្តេញ​មន្ត្រី​សុខាភិបាល​ខេត្ត​ប៉ៃលិន​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​ការងារ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​សាមីខ្លួន ដែល​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​សម្រុះសម្រួល​ថ្នាក់​ខេត្ត​។

សេចក្តី​សម្រេច​ចុះហត្ថលេខា​ដោយ​លោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ចុះ​ថ្ងៃទី​ ២៣ ​ធ្នូ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដោយមាន​សមាសភាព ១៧ រូប មកពី​ក្រសួង​ ៣ គឺ​ក្រសួង​សុខាភិបាល ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​មុខងារ​សាធារណៈ​។ ក្រុមការងារ​អន្តរក្រសួង​នេះ​នឹងមាន​ភារកិច្ច​ស្រាវជ្រាវ និង​លើក​យោបល់​ករណី​បណ្តឹងតវ៉ា​របស់លោក​ ខឹម មុនីកុសល អតីតមន្ត្រី​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​ប៉ៃលិន និង​ភារកិច្ច​ក្នុង​ការចុះ​អង្កេត​ស្រាវជ្រាវ​នៅ​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត​ប៉ៃលិន និង​អង្គភាព​ពាក់ព័ន្ធ​។

សេចក្តី​សម្រេច​បញ្ជាក់ថា​៖ «​ក្រៅពីនេះ​ក្រុមការងារ អន្តរក្រសួង ក៏មាន​សិទ្ធិ​អាច​អញ្ជើញ​រដ្ឋបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល ចូលរួម​កិច្ចប្រជុំ​មក​បំភ្លឺ​តាម​ការចាំបាច់ ដោយ​ធ្វើ​របាយការណ៍​លទ្ធផល និង​លើក​យោបល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ពិនិត្យ​សម្រេច​ផងដែរ​»​។

បន្ថែម​ពីនេះ សេចក្តី​សម្រេច​ក៏​បាន​តម្រូវឱ្យ​សមាជិក​ក្រុម​ការងារ​អន្តរក្រសួង​ទាំងអស់​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​ក្រុមការងារ​។

កាលពី​ខែឧសភា លោក​ ខឹម មុនីកុសល ជា​គ្រូពេទ្យ​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល​បាន​ប្រព្រឹត្ត​កំហុស​ក្នុង​ពេល​បំពេញ​ការងារ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ដើម្បី​ស្នើឱ្យ​ស្ថាប័ន​មួយ​នេះ ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​ឱ្យ​លោក​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ឡើងវិញ​។

បើតាម​ពាក្យបណ្តឹង​នេះ លោក​ ខឹម មុនីកុសល ថ្លែងថា លោក​នៅតែ​មិន​សុខចិត្ត នឹង​ការសម្រេច​របស់​គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មុខងារ​សាធារណៈ​ខេត្ត​ប៉ៃលិន ដែល​បាន​រក្សា​សេចក្តី​សម្រេច​បញ្ឈប់​រូបលោក​ចេញពី​ក្របខ័ណ្ឌ​។

លោក​ មុនី កុសល ​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្តឹង​ជំទាស់​ជាយូរ​មកហើយ តែ​ទើបតែ​ឃើញ​ពេលនេះ មាន​ការបង្កើត​ក្រុម​ការងារ​នេះ​ឡើង ដែល​វា​ជា​រឿង​ចម្លែក​ដែរ​។ តែ​ទោះយ៉ាងណា​ក៏ដំណឹង​នេះ ជា​រឿង​ល្អ​មួយ​ចំពោះ​ខ្ញុំ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​មួយ​។ ខ្ញុំ​មិនដឹង​ការដោះស្រាយ​ទៅមុខ​រលូន​កម្រិតណា​នោះទេ ប៉ុន្តែ​ខ្ញុំ ចង់បាន​ឱ្យមាន​ការដោះស្រាយ​មួយ​ដែល​យើង​គោរព​ទៅតាម​លក្ខខណ្ឌ​ច្បាប់​ត្រឹមត្រូវ​»​។ លោក មុនីកុសល នៅតែ​ចាត់ទុក​ការដកតំណែង​រូបលោក​នេះ គឺ​បានធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ទឹកចិត្ត​មន្ត្រីរាជការ​ដទៃទៀត ដែល​កំពុង​បំពេញភារកិច្ច មិន​ឱ្យ​ហ៊ាន​និយាយ​ពីអ្វី​ដែលជា​ការពិត និង​ធ្វើការ​បញ្ចេញមតិ​ដើម្បី​ការរីកចម្រើន​របស់​ស្ថាប័ន​។

លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល សាលាខេត្ត​ប៉ៃលិន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ទី​ ២៦ ធ្នូ​ថា រដ្ឋបាលខេត្ត​មិនមាន​អ្វី​បកស្រាយ​ច្រើន​នោះទេ ព្រោះតែ​ថ្នាក់ខេត្ត បានធ្វើ​ទៅតាម​នីតិវិធី និង​បែបបទ​រួច​អស់ហើយ​។ ជាមួយ​នឹង​ការប្តឹង​ជំទាស់ និង​ចំណាត់​ការបន្ត​របស់​ក្រសួង​គឺជា​តួនាទី​របស់​ថ្នាក់ជាតិ​។

លោក​បញ្ជាក់ថា​៖ «​យើង​បើក​សិទ្ធិ​ឱ្យ​គាត់​ប្តឹងទៅ​ក្រសួង​មុខងារ​សាធារណៈ បើ​មិន​ពេញ​ចិត្តនឹង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​។ ជារួម កំហុស​របស់គាត់ គឺ​មិនមែន​មាន​ទើបតែ​លើក​ហ្នឹង​ទេ គឺមាន​កំហុស​ជាយូរ​មកហើយ ដែល​រដ្ឋបាលខេត្ត មាន​អំណះអំណាង​ពិតប្រាកដ​ចំពោះ​កំហុសឆ្គង​របស់គាត់​។ ដូច្នេះ ខ្ញុំ គ្មានអ្វី​និយាយ​ច្រើន​ទៀត​ទេ​»​។

កាលពី​ថ្ងៃទី​ ១៩ ​មីនា លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​ចេញ​លិខិត​បណ្ដេញ​លោក ខឹម មុនីកុសល ចេញពី​ក្របខ័ណ្ឌ​រដ្ឋ ដោយ​សំអាងថា លោក​បាន​ប្រព្រឹត្ត​កំហុស និង​ការឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​។ ការបណ្តេញ​នេះ​ព្រោះតែ​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក នៅ​មន្ទីរបក្ស​ខេត្ត​ប៉ៃលិន មិន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះទេ ហើយ​គិតតែ​ពី​នាំគ្នា​អង្គុយលេង​តែ Facebook ក្នុង​តង់ និង​ថតរូប​បង្ហោះ​បង្អួត​គេឯង​៕

វីដេអូ៖