ព្រះវិហារៈ ក្រុម​ស្រាវជ្រាវ​ជីវចម្រុះ​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បានចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វ​ទោចមកុដ នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ដែល​ការសិក្សា​នេះ​មាន​រយៈពេល​ ៦ ​ខែ ខណៈ​កម្ពុជា​មាន​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នេះ​ប្រមាណ ៣៥ ០០០ ​ក្បាល គឺ​ច្រើនជាងគេ​នៅលើ​ពិភពលោក​។

យោងតាម​ការលើកឡើង​របស់​គម្រោង​រេដបូក តំបន់​ការពារ​ធម្មជាតិ ភាគ​ខាងជើង NPL REDD+ Project បានឱ្យដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​អង្កេត​តាមដាន​អំពី​របាយ និង​ដង់ស៊ីតេ​ប្រភេទ​សត្វ​ទោចមកុដ និង​រៀបចំ​ធ្វើ​ផែនការ​គ្រប់គ្រង​​ការងារ​អភិរក្ស​បឋម ដើម្បី​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​នេះ​។

ការសិក្សា​ស្រាវជ្រាវ​នេះ ទទួល​បាន​ការគាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ US Fish & Wildlife Service​។ ទោច​មកុដ​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​។ វា​មាន​វត្តមាន​នៅក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ថៃ និង​ភាគ​និរតី​នៃ​ប្រទេស​ឡាវ​។ នេះ​បើតាម​ការបញ្ជាក់​ពី​គម្រោង​រេដបូក តំបន់​ការពារ​ធម្មជាតិ​ភាគ​ខាងជើង NPL REDD+ Project​។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ​ធ្នូ ដោយ​លោក​បាន​គាំទ្រ​ចំពោះ​ការសិក្សា​ស្រាវជ្រាវ​ពី​សត្វ​ទោច​មកុដ​នេះ​ដែលជា​ប្រភេទ​សត្វ​កម្រ​។ លោក​ថា៖ «​ការស្រាវជ្រាវ​នេះ​ជា​ការល្អ​មួយ ពីព្រោះ​យើង​ត្រូវ​សិក្សា​ឱ្យ​លម្អិត​ពី​ប្រភេទ​របស់​វា ការរស់នៅ ហើយនឹង​របាយការណ៍​របស់​វា​ដើម្បី​ងាយស្រួល ក្នុង​ការរៀបចំ​ផែនការ​ទៅ​លើ​ការការពារ និង​អភិរក្ស​បន្ថែមទៀត ដោយសារ​ទោចមកុដ​នេះ​ជា​ប្រភេទ​សត្វ​កម្រ​»​។

យោងតាម​អង្គការ IUCN តាម​ការប៉ាន់ស្មាន ទោច​មកុដ​ទូទាំង​ពិភពលោក​មាន​ប្រមាណ​ជាង ៦៥ ០០០ ក្បាល​ដែល​ក្នុងនោះ កម្ពុជា​ត្រូវបាន​គេ​ជឿថា មាន​វត្តមាន​ទោច​មកុដ​ច្រើនជាងគេ មាន​ចំនួន​ប្រមាណ ៣៥ ០០០ ​ក្បាល​ដែល​កំពុង​រស់នៅ ក្នុង​តំបន់​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង ក្នុង​តំបន់​ការពារ​ធម្មជាតិ ជាពិសេស​តំបន់​ជួរ​ភ្នំ​ក្រវាញ​។ នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ​មាន​ប្រមាណ ៣០ ០០០ ​ក្បាល និង​នៅ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ប្រទេស​ឡាវ មាន​វត្តមាន​ទោច​មកុដ​តិចតួច​។

ដោយឡែក កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ កន្លងមក​សត្វ​ស្លាប​ ៣ ​ប្រភេទ​ចំនួន​ ១៨ ​ក្បាល និង​មាន​ទោច​មកុដ​ចំនួន​ ១ ​គូ ដោយ​ក្នុងនោះ​សត្វ​ស្លាប ១៤ ​ក្បាល បានមកពី​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ដែល​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ត្រូវបាន​ដោះលែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​។ ការដោះលែង​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance​។

បើតាម លោក នេត្រ ភក្ត្រា យោងតាម​ក្រុម​អភិរក្ស​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ គិត​មកដល់​ខែកក្កដា ឆ្នាំ​ ២០២០ សត្វ​ទោច​មកុដ នៅក្នុង​ព្រៃអង្គរ មាន​ចំនួន ១១ ​ក្បាល​។ មូលហេតុ​ដែល​នាំយក​សត្វ​ទោច​មកុដ​មក​លែង​ឱ្យ​រស់នៅ និង​បង្កាត់​ពូជ​ក្នុង​ព្រៃអង្គរ ពីព្រោះ​ព្រៃ​នេះ​មាន​ដើមឈើ​ចម្រុះ មាន​ផ្លែផ្កា​ជា​ចំណី អមដោយ​ការថែរក្សា​ការពារ ដែល​អាចឱ្យ​សត្វ​ទោច​មកុដ​រស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯងបាន​។

លោក​ប្រាប់ថា​៖ «​ក្រសួងបរិស្ថាន សូម​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​គ្រប់ភាគី​ទាំងអស់​ក្នុង​ការការពារ​ និង​អភិរក្ស​សត្វ​ទោច​មកុដ ដែលជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ​នេះ​។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា​អភិរក្ស និង​បញ្ឈប់​ការបរបាញ់ ដាក់​អន្ទាក់​សត្វព្រៃ បញ្ឈប់​ការជួញដូរ និង​ឈប់​បរិភោគ​សាច់សត្វ​ព្រៃ​»​។

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា សត្វស្លាប​ទាំងនោះ​រួមមាន​ក្ងោក​ (Pea-fowl), សត្វ​កេងកង​ធំ​ (Great Hornbill) និង​សត្វព្វាំង​ (Wreathed Hornbill) ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វព្រៃ​នានា និង​ប្រជាពលរដ្ឋ បាន​យកមក​ផ្សាំង​ក្នុង​ទ្រុង​ពីថ្ងៃ​ទី​ ១៣ ​ខែឧសភា ឆ្នាំ​ ២០២១​។

លោក​ ជូ រ៉ាឌីណា អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ ទេសភាព និង​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ចំណែក​សត្វ​ទោច​មកុដ​ ១ ​គូ​ (Pileated Gibbon) ដែលជា​គូ​ចុងក្រោយ និង​បាន​យកមក​ផ្សាំង​ក្នុង​ទ្រុង​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២០ ក៏ត្រូវ​បាន​ដោះលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​ដែរ​។ ក្នុងពេល​ជាមួយគ្នា​នោះ អង្គការ ACCB ក្រោម​ការសម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ Wildlife Alliance ក៏បាន​នាំយក​សត្វ​ក្ងោក​ ៤ ​ក្បាល មក​ដោះលែង​ក្នុងពេល​នោះដែរ​ (Hard releasing)​។

លោក​បន្ថែមថា៖ «​ដើម្បីឱ្យ​សត្វព្រៃ​ទាំងអស់​បន្ត​វត្តមាន​នៅក្នុង​ព្រៃ​ធម្មជាតិ នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់​គ្នា ចៀសវាង​ពេល​ប្រទះឃើញ​មាន​បំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឱ្យ​សត្វ​ទាំងនោះ​»៕