ភ្នំពេញៈ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ Pfizer ចំនួន ៧៨៣ ០០០ ​ដូស​ក្នុងចំណោម​ជាង ២,៣ លាន​ដូស ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ដឹក​មកដល់​កម្ពុជា នា​យប់​ថ្ងៃទី​ ២៦ ខែធ្នូ​ដែលមាន​ការទទួល​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដោយផ្ទាល់ ខណៈ​វ៉ាក់សាំង​ជាង​ ១,៥ ​លាន​ដូស​ផ្សេងទៀត​នឹង​ដឹក​មកដល់​នៅ​ថ្ងៃទី​ ២៨ ធ្នូ​។

វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​អូស្ត្រាលី​នេះ លោក ហ៊ុន សែន បានប្រកាស​ថា នឹង​ផ្តល់​សម្រាប់​ចាក់​ទៅដល់​ក្រុម​ខ្សែ​ជួរមុខ​ដូស​ទី​ ៤ ដែលមាន​ប្រមាណ​ជា​ ៥០ ​ម៉ឺន​នាក់ ដើម្បី​បង្កើន​នូវ​ភាពសុំា​សហគមន៍ ពិសេស​ការពារ​ពី​ការឆ្លង​នៃ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​។ លោកនាយក​រដ្ឋមន្ត្រី ធ្លាប់បាន​លើកឡើង​ថា ក្នុង​ការប្រយុទ្ធ​ជាមួយនឹង​ជំងឺ​នេះ លោក​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ហើយ​វ៉ាក់សាំង​បាន​ជួយ​ជីវិត​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ផងដែរ​។

លោក​ថា​៖ «​យើង​មាន​អត្រា​ភាពស៊ាំ នៅក្នុង​សហគមន៍​បាន​ច្រើន​ដែល​នេះ​ក៏​បណ្តាលមកពី​ប្រជាពលរដ្ឋ​របស់​យើង បាន​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ចំពោះ​គោលនយោបាយ​វ៉ាក់សាំង​សម្រាប់​ការពារ​»​។

គួរបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ​កម្ពុជា ទទួល​បាន​វ៉ាក់សាំង​ទាំង​ការបញ្ជាទិញ និង​ជា​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន មជ្ឈមណ្ឌល​កូវ៉ាក់ និង​ដៃគូ​នានា សរុប​ជាង ៤១ ​លានដូស​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ ថា អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ធ្វើការ​ជំរុញ​ផងដែរ នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​ប្រទេស​មួយចំនួន​ក៏​កំពុងតែ​បង្កើនល្បឿន​នៃ​ការចាក់​ដូស​ទី​ ៣ ឬក៏​ដូស​ជំរុញ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​តាម​ខ្ញុំ​ចាំ សម្តេច​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឱ្យមាន​ការចាក់​ដូស​ជំរុញ​នេះ ទៅដល់​មន្ត្រី​ជួរមុខ​នៅតាម​ខេត្ត​ទាំង​ ៧ នៅជាប់​ព្រំដែន​កម្ពុជា-ថៃ​តាំងពី​ខែសីហា ហើយ​ក្រោយមក​លោក​ក៏បាន​ឱ្យ​ចាក់​ដូស​ជំរុញ​ទៅដល់​ក្រុមគ្រូពេទ្យ​ជួរមុខ មន្ត្រី និង​អាជ្ញាធរ ដែល​បាន​ធ្វើការ​ប៉ះពាល់​ជាមួយនឹង​ប្រជាពលរដ្ឋ​ច្រើន នៅ​ទូទាំងប្រទេស​តែម្តង​»​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា សម្រាប់​ពលរដ្ឋ​ទូទៅ ក៏ត្រូវ​បានប្រកាស​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​នេះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ផងដែរ​។ ទន្ទឹមនឹងនេះ​លោកស្រី ក៏បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ Jhonson&Jhonson ត្រូវ​ប្រញាប់​មក​ទទួល​យក​ដូស​ជំរុញ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដល់ពេល​វេលា​ដែល​ត្រូវ​ចាក់​។

លោកស្រី​ថា៖ «​សូម​បងប្អូន​មក​ទទួល​វ៉ាក់សាំង​ទាំង​អ្នក​ដែល​មិនទាន់​បាន​ចាក់​ដូស​ទី​ ១ អ្នក​ដែល​មិនទាន់​បាន​ចាក់​គ្រប់​ដូស​មូលដ្ឋាន ឬ​ដូស​ទី​ ២ ហើយនឹង​អ្នក​ដែល​ត្រូវ​ចាក់​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​ត្រូវ​មកចាក់​ឱ្យបាន​គ្រប់គ្នា​ ដើម្បី​បង្កើន​នូវ​កងការពារ​ទប់ទល់ មុននឹង​វីរុស​អូមីក្រុង​មក​ចរាចរ​ក្នុង​សហគមន៍​របស់​យើង​»​។​

បើតាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២១ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​បាន​ចំនួន ៨៩,០៣ ​ភាគរយ ធៀប​នឹង​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៦ ​លាន​នាក់​៕