កោះកុងៈ ​អាជ្ញា​ធរ​ខេត្ត​កោះកុង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ស្ថានីយ៍​ស្រាវជ្រាវ​ព្រៃឈើ​ជីខ​លើ​ស្ថិតនៅ​ឃុំ​ជីខ​លើ ​ស្រុក​ស្រែ​អំបិល ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​២៧ ​ខែធ្នូ​ ដែល​ការ​សាងសង់​អគារ​នេះ​ស្ថិតក្រោម​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​របស់​ធនាគា​អភិវឌ្ឍន៍​អាស៊ី តាម​រយៈ​គម្រោង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​កម្ពុជា​។​​

លោក​ អ៊ុក ​ភ័​ក្ត្រា ​អភិបាល​រង​ខេត្ត​កោះកុង​ថ្លែង​នៅ​ថ្ងៃទី ២៧​ ខែធ្នូ​នេះ​ថា ​ការសាង​សង់​ អគារ​ស្ថានីយ៍​ស្រាវជ្រាវ​ព្រៃឈើ​ជីខ គឺ​ក្នុង​គោល​បំណង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ ​អេកូឡូ​ស៊ី​ព្រៃឈើ​មួយ​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ប្រកប​ដោយ​និរន្តរភាព​។​លោក​ថា ​តាម​រយៈ ​គម្រោង​ជំនួយ​របស់​ ADB​ នេះ​ទៀត​សោត​ក៏​អាច​ផ្តល់​ការងារ ​និង​ប្រាក់​ចំណូល​ដល់​ប្រជា​សហគមន៍​នៃ​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ផង​ដែរ​។​

លោក​ថ្លែង​ថា​៖​«​គម្រោង​នេះ​បាន​អនុវត្ត​ការដាំ​ស្តារ​ឡើង​វិញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ ​និង​ដីព្រៃ​រិច​រិល​តាមរយៈ​ការដាំ​កូនឈើ ​និង​ការ​ថែរក្សា​ដំណាំ​ធម្មជាតិ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ជីវភាព​រស់នៅ ​និង​បង្កើន​ប្រាក់​ចំណូល​តាម​រយៈ​ការ​ផ្តល់​ មូល​និធិ​អភិ​វឌ្ឍន៍​ភូមិ​ និង​ការ​ផ្តល់​ហេដ្ឋារ​ច​នា​សម្ព័ន្ធ​ខ្នាត​តូច​ និង ​បង្កើត​ការងារ​រយៈពេល​ខ្លី​ដល់​គ្រួសារ​ក្នុង​សហ​គមន៍​តាមរយៈ​ការ​អនុវត្ត​សកម្ម​ភាព​គម្រោង​»។ ​

លោក​អភិបាល​រង​ខេត្ត​រូបនេះ ​បញ្ជាក់​ថា​ គម្រោង​នេះ​បាន​ផ្ដោត​ជា​សំខាន់​ទៅលើ​ ការ​ផ្ដល់​សិទ្ធ​អំណាច​ដល់​សហគមន៍​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​ព្រៃ​ឈើ ​តាម​រយៈ​ការ​ កំណត់​ព្រំប្រទល់ ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃឈើ ​និង​ការ​ទទួល​ស្គាល់​ស្រប​ច្បាប់​អំពី​ដំណើរ​ការ​បង្កើត​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​ និង​សហ​គមន៍​ព្រៃ​ឈើ​ផង​ដែរ​។​

លោក​ ស៊ុន ​ឃាង​ មេឃុំ​ជីខ​លើ ​ថ្លែង​នៅ​ថ្ងៃទី ​២៧​ ខែធ្នូ​ថា ​ស្ថាន​នី​យ៍​ស្រាវជ្រាវ​ព្រៃឈើ​នេះ​បង្កើត​ឡើង​សម្រាប់​សិស្ស​និស្សិត​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ព្រៃឈើ ​ហើយ​អាជ្ញាធរ​បាន​ត្រៀម​ដី​ចំនួន​ប្រមាណ​ជាង​ ២​ហិកតា​សម្រាប់​ជា​កន្លែង​ដក​ពិសោធន៍​ក្នុង​ការ​ដាំ​ដុះ​កូន​ឈើ​។ ​

លោក​បន្តថា ​ស្ថាន​នី​យ៍​ស្រាវជ្រាវ​ព្រៃឈើ​ជីខ​លើ ​បូក​រួម​ជា​មួយ​នឹង​គ​ម្រោ​ង​របៀង​អភិរក្ស​ជីវៈចម្រុះ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​គាំទ្រ​សហ​គមន៍​គោល​ដៅ​ចំនួន​ពី​នៅ​ក្នុង​ឃុំ​ជីខ​លើ​ គឺ​សហ​គមន​តំបន់​ការពារ​ធម្មជាតិ​ និង​សហគមន៍​ព្រៃឈើ​សាមគ្គី​ព្រែក​ជីក​។ ​ប្រជា​សហ​គមន៍​ប្រមាណ​ជាង ​៥០០​គ្រួសារ​ក្នុង​ឃុំ​ជីខ​លើ ​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន​តាមរយៈ​គម្រោងរ​បៀ​ង​អភិរក្ស​ជីវៈ​ចម្រុះ​នេះ ​។ ​

លោក​ថ្លែង​ថា ​៖«​​​ផ្ទៃដី​ជាង​២​ហិកតា​ហ្នឹង​ពេល​គាត់​ទៅ​ថែទាំ​កូនឈើ​ហ្នឹង​គឺ​យើង​ជួល​គាត់​គិត​កម្រៃ​ជា​ថ្ងៃ ឬ​ម៉ោង​ឲ្យ​គាត់​អ៊ីចឹង​ទៅ​។ តាម​រយៈ​គម្រោង​ហ្នឹង​ឥឡូវ​យើង​ដំណើរ​ការ​បាន​ច្រើន​ យើង​ទទួល​បាន​ស្នាក់​ការ​សហគមន៍​ចំនួន​២ ​ទទួល​បាន​បង្គន់​អនាម័យ អណ្តូង​ស្នប់​ អណ្តូង​លូ បាន​ប្រព័ន្ធ​សម្រាប់​ស្រោចស្រប់​ដំណាំ​ជាដើម​គឺមាន​ច្រើន​តាមរយៈ​គម្រោង​ហ្នឹង ​ហើយ​ស្ថានីយ៍​មួយ​ហ្នឹង​គឺ​ផ្តល់​ប្រ​យោជន៍​ច្រើន​មែន​ទែន​»​ ​។​ ​

លោក​ ស៊ុន​ ឃាង ​បន្ត​ទៀត​ថា ​គម្រោង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​នេះ​បាន​អនុវត្ត​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សមិទ្ធិ​ផល​ច្រើន​ក្នុង​នោះ​ក៏មាន​ផ្ទៃដី​សហ​គមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ ​៥៥០​ហិកតា ​និង​សហគមន៍​សាមគ្គី​ព្រែក​ជីក​ជាង​៣០០​ហិកតា​ទៀត ​ដែល​ក្រុម​បណ្តាញ​ប្រជា​សហគមន៍​អាច​ដាំ​ទទួល​កូនឈើ​ប្រណិត ឬ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​ទៅ​ដាំ​បាន​។

លោក​មេឃុំ​ប្រាប់​ថា​ គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​៣០​ ខែធ្នូ​ ឆ្នាំ ២០២១​នេះ​ ហេតុនេះ​លោក​មានការ​ព្រួយ​បារម្ភ​ខ្លាច​មិនអាច​គ្រប់គ្រង​ការងារ​បានល្អ​ព្រោះ កន្លង​មក​តាមរយៈ​គ​ម្រោ​ងរ​បស់​ ADB​ គឺ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ទាំង​លក្ខណៈ​បច្ចេក​ទេស ទាំង​ការ​គ្រប់​គ្រង ​និង​មាន​អង្គការ​ផ្សេងៗ​ចូលរួម​សម្រប​សម្រួល​ក្នុង​កិច្ច​ការងារ​បាន​រលូន​ល្អ​។​

លោក​ថ្លែង​ថា ៖​«​អ្វីដែល​ខ្ញុំ​បារម្ភ​ហ្នឹង​ដោយ​សារតែ​គម្រោង​របៀង​ហ្នឹង​គាត់​បញ្ចប់ ​បើ​បញ្ចប់​គម្រោង​អ៊ីចឹង​ទៅ​ការងារ​ហ្នឹង​វា​នៅលើ​ឃុំ​ទាំង​ស្រុង​ ខ្ញុំ​ចេះតែ​បារម្ភ​ខ្លាច​គ្រប់គ្រង​ការងារ​ហ្នឹង​អត់​បានល្អ ​ចង់​ស្វែងរក​ដៃគូរ​ទៀត​ដើម្បី​ជួយ​បច្ចេក​ទេស​ក្នុង​ការងារ​ហ្នឹង​»​ ​៕​