ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប» នៅ​ថ្ងៃទី​ ២៧ ​ធ្នូ មន្ត្រី​មួយចំនួន​បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ខ្វះ​ថវិកា និង​ឧបករណ៍​ត្រួតពិនិត្យ​ទំនិញ នៅពេល​ចុះ​បំពេញ​ការងារ​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​ ២០២១ និង​ដើម្បី​ស្ដាប់​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតមានឡើង​ក្នុងពេល​អនុវត្ត​ការងារ​កន្លងមក និង​លើក​ទិសដៅ​ដើម្បី​ដោះស្រាយ​។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ថ្លែងថា តាមរយៈ​កិច្ចប្រជុំ​នេះ មាន​មន្ត្រី សាខា ក.ប.ប មួយចំនួន​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ខ្វះ​ថវិកា និង​ឧបករណ៍ នៅពេល​ចុះ​អនុវត្ត​ការងារ​។

លោក​ថា​៖ «​ការពិត​យើង​មាន​សន្និបាត​រួចហើយ ប៉ុន្តែ​ខ្ញុំ​មាន​យន្តការ​មួយ​ពិនិត្យឡើងវិញ នៅក្នុង​សភាពការណ៍​នៅ​ចុងខែ​ធ្នូ ថា​ការអនុវត្ត​ច្បាប់​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ដូចជា​កង្វះខាត​នៃ​ថវិកា​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន ថា​យើង​ត្រូវ​ដោះស្រាយ​យ៉ាងម៉េច ខ្វះខាត​សម្ភារ ជា​ឧបករណ៍​ក្នុង​ការអនុវត្ត ដូចជា ឧបករណ៍​រង្វាស់រង្វាល់​នៅតាម​បណ្តា​ស្ថានីយ និង​បញ្ហា​ផ្សេងៗ​ទៀត ទាំង​ការយល់ដឹង​»​។

លោក​ឱ្យដឹងថា បើ​ផ្អែក​តាម​ការរាយការណ៍​ពី​មន្ត្រី​សាខា ក.ប.ប តាម​បណ្តា​ខេត្ត ការរកស៊ី​អំពើ​មិន​សុចរិត ការអនុវត្ត​ទុច្ចរិត ឃើញ​មាន​ការកាត់បន្ថយ​បាន​ច្រើន បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ផ្សព្វផ្សាយ និង​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​។

លោក​ថា​៖ «​គាត់​ (​អ្នក​ប្រកបរបរ​រកស៊ី​) មាន​ការចូលរួម​ច្រើន ទាំង​ផ្នែក​សុវត្ថិភាព​ម្ហូបអាហារ ទាំង​ផ្នែក​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់​»​។

មន្ត្រី​ជំនាញ ក.ប.ប សាខា​ខេត្តព្រៃវែង​លោក អ៊ុត សុភាព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុខព្រួញ​ត្រូវ​ទៅ​ត្រួតពិនិត្យ​នៅតាម​ស្ថានីយ​ប្រេង​គឺពាក់ព័ន្ធ​តម្លៃ គុណភាព​ប្រេង ហើយ​និង​បរិមាណ​។

លោក​បញ្ជាក់ថា​៖ «​យើង​បង្ក្រាបបាន ១៤៥ ស្ថានីយ​ក្នុង​រយៈពេល​ ២ ​ខែ​ចុងក្រោយ​នេះ ក្នុង​នោះ​ផាកពិន័យ​អន្តរកាល​បាន​ជាង ១១០ ​ករណី​ដែល​រកស៊ី​មិន​សុចរិត​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​យើង​ធ្វើ​ដើម្បី​ដាស់តឿន​គាត់ ឱ្យ​ទៅរក​ផ្លូវ​ល្អ​ជាមួយ​ពលរដ្ឋ កុំឱ្យ​កិបកេង​លីត្រ​ប្រេង​»​។

លោក​ថា បញ្ហា​ប្រឈម​របស់​មន្ត្រី​ជំនាញ​នាពេល​បច្ចុប្បន្ន​គឺ​កង្វះ​ឧបករណ៍ និង​ថវិកា នៅពេល​ចុះ​អនុវត្ត​ការងារ​ម្តងៗ​។ «​ឧបករណ៍​ខ្វះ​ស្រាប់​ហើយ​សំខាន់​ថវិកា​ខ្វះ​ដែរ​ព្រោះ​អី​យើង​ចុះ​បេសកកម្ម​យើង​ស្រាក់​គ្នា​ហូបបាយ ពេលខ្លះ​កន្លែង​គេង​អត់​មាន ត្រូវ​ជួល​អូតែល វា​មាន​ផលវិបាក​ដែរ​»៕