ភ្នំពេញៈ ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Andreas Zurbrugg បាន​លើកឡើង​ថា អូស្ត្រាលី​មាន​មោទនភាព​ក្នុង​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ដោយ​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ Pfizer-BioNTech ជាង​ ២,៣ ​លាន​ដូស ហើយក៏​បាន​អបអរសាទរ ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ ​នេះ​។

លោក​បាន​ថ្លែង​ដូចនេះ ក្នុង​ពិធី​ប្រគល់ វ៉ាក់សាំង Pfizer ដំណាក់កាល​ទី​ ១ ចំនួន ៧៨-៣ ០០០ ​ដូស​ដល់​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី​ ២៦ ធ្នូ ឆ្នាំ​ ២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​លោក​បាន​បញ្ជាក់ថា វ៉ាក់សាំង​ទាំងនេះ ផ្តល់​ដល់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ទ្វេភាគី និង​ជា​ជំនួយ​ឥតសំណង​ទាំងស្រុង​។

លោក Andreas Zurbrugg ថ្លែងថា​៖ «​វា​មិនមែន​ជា​ការងាយស្រួល​នោះទេ ការផលិត​វ៉ាក់សាំង​ក៏​ដូចជា​ការចែកចាយ​វ៉ាក់សាំង​នៅលើ​ពិភពលោក មាន​ការកើនឡើង ចោទ​ជា​បញ្ហា ដូច្នេះ​ដំណើរការ​នៃ​ការផ្តល់​វ៉ាក់សាំង​មក​ដល់​ប្រទេស​កម្ពុជា​បាន​ចំណាយពេល​យូរ​ជាង​ការរំពឹងទុក ប៉ុន្តែ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​វ៉ាក់សាំង​បាន​មកដល់​កម្ពុជា​នៅថ្ងៃនេះ​»​។

អូស្ត្រាលី​យល់ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រកប​ដោយ​ជោគជ័យ គឺ​ទាមទារ​ឱ្យមាន​ការធ្វើ​ផែនការ ការគ្រប់គ្រង​សម្ភារ​បរិក្ខារ ការចែកចាយ និង​ការបណ្តុះបណ្តាល​ ដើម្បី​ធានា​ថា គ្រប់គ្នា​ត្រូវបាន​ការពារ រួមទាំង​អ្នក​ដែល​ងាយ​រងគ្រោះ និង​ប្រជាជន​ដែល​នៅ​ឆ្ងាយ​ពិបាក​ទៅដល់​ផងដែរ​។

លោក Andreas Zurbrugg ថ្លែងថា​៖ «​នេះ​មូលហេតុ​ដែល​យើង​បានផ្តល់​កញ្ចប់​ជំនួយ​ដ៏ទូលំទូលាយ​ ដើម្បី​គាំទ្រ​ដល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​តាមរយៈ​ជំនួយ​ឥតសំណង​ដែលមាន​ថវិកា​ចំនួន​ ២៨ ​លាន​ដុល្លារ​អាមេរិក​»​។ លោក​ថា អូស្ត្រាលី​នឹង​បន្ត​នៅ​ជាមួយ​កម្ពុជា ធ្វើការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។

ជាមួយ​គ្នា​នោះដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​ដែរ​ថា ចាប់តាំងពី​មាន​ការផ្ទុះ និង​ការរាលដាល​នៃ​ជំងឺ​កូវីដ-១៩ រាជរដ្ឋាភិបាល​យល់ និង​កំណត់​បាន​ច្បាស់​ថា មានតែ​វ៉ាក់សាំង​ទេ ដែលជា​អាវុធ​យុទ្ធសាស្ត្រ​គន្លឹះ​សម្រាប់​គ្រប់គ្រង និង​យក​ឈ្នះ​ជំងឺ​ដ៏កាចសាហាវ​នេះ​។

លោក​ថា​៖ «​រាជរដ្ឋាភិបាល​នឹង​បន្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ដូស​ជំរុញ​ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការបង្កើត​រនាំង​ការពារ​សុខភាព​សាធារណៈ​ដ៏រឹងមាំ​។ ទោះបីជា​ពិភពលោក​កំពុងមាន​វត្តមាន​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី​អូមីក្រុង ក៏​កម្ពុជា​មិនមាន​ការបារម្ភ​ដែរ​»​។

លោក​ ហ៊ុន សែន បន្តថា ជា​ទិសដៅ​ទៅមុខ ទោះបីជា​ពិភពលោក​ទាំងមូល កំពុង​ព្រួយបារម្ភ​ពី​មេរោគ​កូវីដ-១៩​ប្រភេទ​បំប្លែង​ថ្មី​អូមីក្រុង​ក៏ដោយ​កម្ពុជា​នៅតែ​បន្ត​ដំណើរការ​សកម្មភាព​សង្គម សេដ្ឋកិច្ច​ជាធម្មតា​ដោយ​មិន​ភ័យខ្លាច​ប៉ុន្តែ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​។ ទន្ទឹមនឹង​នោះដែរ លោក ហ៊ុន សែន ​ក៏បាន​លើកឡើង​ពី​ការឆ្លង​ចូល​នូវ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ដែល​កម្ពុជា​បាន​រកឃើញ​រហូតដល់​ ៣១ ​ករណី​ហើយ ដែល​សុទ្ធតែជា​ករណី​នាំចូល​ទាំងអស់ ដោយ​ក្នុងនោះ​ត្រឹមតែ​ ១ ​ថ្ងៃ នៃ​ថ្ងៃទី​ ២៦ ខែធ្នូ កម្ពុជា​រកឃើញ​មាន​រហូតដល់​ ១៥ ​ករណី ជា​វីរុស​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សុំឱ្យ​ប្រជាពលរដ្ឋ​យើង មាន​ការប្រុងប្រយ័ត្ន ប៉ុន្តែ​មិនត្រូវ​ភ័យ​ស្លន់ស្លោ​នោះទេ តែ​ត្រូវ​នាំគ្នា​ទប់ស្កាត់​ជាមួយនឹង​ការឆ្លង​នូវ​មេរោគ​នេះ​ចូលក្នុង​សហគមន៍​។ សុំ​បងប្អូន​ប្រុងប្រយ័ត្ន​ពី​ការឆ្លង​អូមីក្រុង​ចូលក្នុង​សហគមន៍ ដោយសារ​កម្រិត​នៃ​ការឆ្លង​វីរុស​នេះ ឆាប់រហ័ស​លឿន​ជាង​វីរុស​ប្រភេទ​ដែលតា និង​អាល់ហ្វា ហើយ​ខ្ញុំ​សង្ឃឹមថា វីរុស​នេះ​នឹងមិន​ហៀរ​ចូលក្នុង​សហគមន៍​ឡើយ​»​។

លោក​បន្ថែមថា ភាពជោគជ័យ​នៃ​ការប្រយុទ្ធ​ជាមួយនឹង​កូវីដ​ ១៩ ​នៅ​កម្ពុជា មិនអាច​សម្រេច​បានឡើយ​ប្រសិនបើ​មិនមាន​ការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ប្រជាជន​កម្ពុជា ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​នានា​ទេនោះ​។

លោក បន្តថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​ដល់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ជាមួយនឹង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ការកសាង​សមត្ថភាព​ផ្នែក​សន្តិសុខ​សុខភាព​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ និង​ការចូលរួម​របស់​សហគមន៍​ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព ក៏ដូចជា​ការស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ប្រកបដោយ​ស្ថិរភាព​»៕