ភ្នំពេញៈ មេដំរី​ស្រុក ១ ​ក្បាល ដែល​ស្ថិតក្រោម​ការមើល​ថែ​របស់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា​បាន​កើត​កូនដំរី​ញី ១ ​ក្បាល​នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​នេះ ខណៈ​សត្វ​ដំរី​កំពុង​រស់នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចន្លោះ​ពី ៤០០-៦០០ ​ក្បាល​ក្នុងនោះ​មាន​ដំរី​ស្រុក​ប្រមាណ​ជិត ១០០ ​ក្បាល​។

លោកស្រី ក្លេខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា (Airavata Khmer Elephant Foundation) បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ទី​ ២៧ ធ្នូ​ថា ក្នុងចំណោម​ដំរី​ស្រុក​ដែល​សមាគម​កំពុង​អភិរក្ស ចំនួន ៤ ​ក្បាល ក្នុងនោះ​មាន​ញី​ ១ ​ក្បាល​។ ហើយ​កាលពី​វេលា​ម៉ោង ៥ ​ព្រឹក ថ្ងៃទី​ ២៦ ខែធ្នូ ឆ្នាំ​ ២០២១ ដំរី​ញី​នេះ​បានកើត​កូនដំរី​ញី ១ ​ក្បាល ក្រោយ​ពពោះ​រយៈ ២១ ​ខែ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បានដាក់​ឈ្មោះ​កូនដំរី​ញី​នេះ​ថា ណូអែល ព្រោះ​វា​នេះ​បានកើត ក្រោយពេល​ថ្ងៃបុណ្យ​ណូអែល ១ ​ថ្ងៃ​។ មេ​របស់​ណូអែល បាន​ពពោះ ២១ ​ខែ ទើប​បានកើត​ណូអែល​មក​»​។

បើតាម​លោកស្រី ចិន្តា ដំរី​ទាំង​ ៤ ​ក្បាល ដែល​សមាគម​កំពុង​ធ្វើការ​អភិរក្ស​នេះ គឺ​បាន​ប្រមូលយក​មកពី​ស្រុក​លំផាត់ និង​បកែវ នៃ​ខេត្ដ​រតនគិរី​។

លោកស្រី​បានឱ្យដឹងថា សមាគម​បានធ្វើការ​អភិរក្ស​ដំរី​នេះ ជាមួយ​ដៃគូ​មួយចំនួន រួមមាន​វិស័យ​ឯកជន សមាគម អង្គការ និង​ស្ថាប័ន​រាជរដ្ឋាភិបាល ដូចជា​ក្រសួង​បរិស្ថាន ក្រសួង​ព័ត៌មាន ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាដើម​។

លោកស្រី​ថា​៖ «​សមាគម​យើង​មាន​តម្រូវការ​ចាំបាច់​បន្ថែម​ទៅលើ​ការអភិរក្ស​ដំរី​នៅ​កម្ពុជា​នេះ​គឺ​ត្រូវការ​ដំរី​ញី​វ័យក្មេង​ដើម្បី​បង្កាត់​ពូជ​ដើម្បី​ឱ្យ​ចំនួន​កូនដំរី​ស្រុក​កើតឡើង​បាន​ចំនួន​ច្រើន​បន្ថែមទៀត​។ យើង​ក៏​ត្រូវការ​បន្ទាន់​បន្ថែម​ចាំបាច់​បំផុត គឺ​ថវិកា​ដើម្បី​យកមក​ធ្វើ​សកម្មភាព​អភិរក្ស​ដំរី​នៅក្នុង​ប្រទេស​កម្ពុជា​យើង ពីព្រោះ​ការអភិរក្ស​ដំរី​គឺ​ត្រូវការ​ថវិកា​​ច្រើន​»​។

លោក ​នេត្រ ​ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា កូនដំរី​ ១ ​ក្បាល​ទើបនឹង​កើត​នៅក្នុង​ខេត្ដ​រតនគិរី គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រសួង​ដែលជា​អ្នកការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ហើយក៏​ជា​ផ្នែក​មួយ​សំខាន់​ផងដែរ​សម្រាប់​ជា​ក្ដីសង្ឃឹម លើ​ការអភិរក្ស​សត្វ​ដំរី​នេះ​។

លោក​ថ្លែងថា ដំរី​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មាន​ចន្លោះ​ពី ៤០០-៦០០ ​ក្បាល នៅក្នុង​នោះ​ក៏មាន​ដំរី​ស្រុក​ប្រមាណ​ជិត ១០០ ​ក្បាល​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលជា​ប្រភេទ​ដំរី​ដែល​បន្សាំ​ទៅនឹង​ការរស់នៅ​ក្នុងស្រុក នៅក្នុង​នោះ​ដំរី​ដែល​ទើប​កើត​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ដំរី​ស្រុក​ដែរ​។ ដំរី​ទាំងនេះ​កំពុង​រស់នៅក្នុង​តំបន់​ការពារធម្មជាតិ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ និង​នៅ​តំបន់​ទេសភាព​ភាគ​ខាងកើត​ដូចជា​ខេត្ដ​មណ្ឌលគិរី និង​រតនគិរី​។

លោក​បន្តថា​៖ «​ចំពោះ​ការកើតកូន​ដំរី​នេះ ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែរ​ដែល​ក្រសួងបរិស្ថាន​បាន​គាំទ្រ​ផ្ដល់​ជា​មូលនិធិ​ទៅដល់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា​ដែល​ថវិកា​ទាំងអស់​នេះ គឺ​យើង​បានមកពី​ការលក់​ឥណទាន​កាបោន ដោយបាន​ប្រើប្រាស់​ទៅលើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុងនោះ​ក៏មាន​ការអភិរក្ស​ប្រភេទ​សត្វ​ដំរី​ដែរ​»​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ចំណុច​មួយ​ដែលមាន​សារៈសំខាន់​ដោយសារ​ថវិកា​ដែល​យើង​បានមកពី​ការការពារ និង​អភិរក្ស​ព្រៃឈើ ការលក់​ឥណទាន​កាបោន​នេះ បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការការពារ និង​អភិរក្ស ធនធាន​ធម្មជាតិ តាមរយៈ​ការបំពាក់​នូវ​សម្ភារ ឧបករណ៍​ផ្សេងៗ ទៅដល់​មន្ដ្រី​ឧទ្យានុរក្ស ការឧបត្ថម្ភ​បន្ថែម​ទៅលើ​មន្ដ្រី​ឧទ្យានុរក្ស ក៏ដូចជា​ការពង្រឹង និង​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន សហគមន៍​តំបន់​ការពារ​ធម្មជាតិ​»​។

លោក ​ភក្ត្រា បានឱ្យដឹងថា ការអភិរក្ស​ដំរី​នេះ គឺជា​ផ្នែក​មួយ​សំខាន់ ហើយ​ក្រសួង​ក៏​បន្ត​គាំទ្រ​ទៅលើ​ការងារ​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ផ្សេងៗ​ទៀតផង​ដែរ​៕