បាត់ដំបងៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្តបាត់ដំបង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​បុរសសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត ក្រោយពី​មានការ​ចោទប្រកាន់​រឿង​រួមភេទ​ជាមួយ​ក្មេងស្រី​ម្នាក់​អាយុ​ ១០ ​ឆ្នាំ ប្រព្រឹត្ត នៅ​ឃុំ​តាម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង អំឡុង​ខែធ្នូ ឆ្នាំ ២០២១​។

លោក ប៊ន់ វណ្ណារ៉ា នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី​ ២៧ ធ្នូ ថា ជនសង្ស័យ​ឈ្មោះ ធឿត ធូ អាយុ ២២ ​ឆ្នាំ​។ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ​ ១០ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ក្នុង​ភូមិ ឃុំ ជាមួយគ្នា​។

លោក​បញ្ជាក់ថា​៖ «​ករណីនេះ ខ្ញុំ​កំពុងតែ​ពិនិត្យមើល​លើ​របាយការណ៍​ពី​ស្រុក​ផ្ញើមក មុន​បញ្ជូន​ជនសង្ស័យ​បន្តទៅ​តុលាការ​។ សមត្ថកិច្ច​របស់ខ្ញុំ​បាន​ចោទ​ជនសង្ស័យ​បឋម​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​តាម​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

លោក​ប្រាប់ថា តាម​របាយការណ៍​ដែល​នគរបាល​ស្រុក​ថ្មគោល​បញ្ជូនមក​បានឱ្យ​ដឹងថា​បុរស​សង្ស័យ​បាន​ស្គាល់គ្នា​ជាមួយ​ក្មេងរងគ្រោះ​តាមរយៈ​ការលេង​ហ្វេសប៊ុក​ជាមួយគ្នា ហើយ​ជនល្មើស​ក៏មាន​ផ្ទះ​បងប្អូន​នៅក្បែរ​ផ្ទះ​ក្មេងរងគ្រោះ​ដែរ​។ ជា​រៀងរាល់ថ្ងៃ​ក្មេងស្រី​រងគ្រោះ​តែងតែ​ទៅលេង​ផ្ទះ​បងប្អូន​របស់​ជនសង្ស័យ​ព្រោះថា​ជនសង្ស័យ​តែង​ទៅផ្ទះ​នោះដែរ​។ ដោយសារ​ថា​ក្មេងរងគ្រោះ​ទៅលេង​ផ្ទះ​ញឹកញាប់​បែបនេះ​ក៏​ធ្វើឱ្យ​មានឱកាស​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ក្រោយ​មាន​ពាក្យបណ្ដឹង​។

លោក សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ២៧ ធ្នូ​ថា ករណីនេះ​ពិតជា​កើតមាន​ទៅលើ​ក្មេងស្រី​រងគ្រោះ​មែនហើយ​សមត្ថកិច្ច​របស់​លោក​បាន​ចាត់​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ហើយ ដើម្បី​មាន​ចំណាត់​ការបន្ត​៕