ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាន​អះអាងថា ក្រសួង​កំពុង​បំពាក់​ឧបករណ៍​ចល័ត​វាស់​ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ​នៅ​រាជធានី​ភ្នំពេញ​​ពិសេស​តាម​បុរី​ ដើម្បី​លើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ប្រសើរ ខណៈ​នៅ​​តាម​តំបន់​ខ្លះ​កំពុង​មាន​ភាពរអាក់រអួល​។

ការអះអាង​ដូចនេះ​ធ្វើឡើង​​ក្នុងពេល​លោក​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​រស់នៅក្នុង​បុរី​ប៉េងហួត​បឹងស្នោ​ និង​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ និង​អ៊ីនធឺណិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ ដោយមាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ និង​ក្រុមការងារ​ពង្រឹងគុណភាព​នៅតាម​បុរី​ទាំង​ ៨ ​ក្រុម​របស់​ក្រសួង​ផងដែរ​។

ក្នុងឱកាស​នោះ លោក ជា វ៉ាន់ដេត បាន​ថ្លែងថា ការជួប​ប្រទះ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​សេវា​ទូរស័ព្ទ​ចល័ត​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការធ្វើការ ប្រកប​អាជីវកម្ម ក៏ដូចជា ការសិក្សា​ក្នុងអំឡុងពេល​កូវីដ​ ១៩​។ លោក​ថា​៖ «​បញ្ហា​គុណភាព​សេវា​នេះ​មាន​ជាច្រើន​ឆ្នាំ​មកហើយ​ ជាពិសេស​នៅពេល​មាន​កំណើន​លំនៅឋាន​ និង​ប្រជាពលរដ្ឋ​»​។

លោក​បន្តថា ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន និង​កំពុង​បំពាក់​ឧបករណ៍​ចល័ត​វាស់​ស្ទង់​គុណភាព​សេវា ដោយ​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ផ្ទាល់​នៅតាម​បុរី និង​សហការ​ជាមួយ​ម្ចាស់​បុរី ព្រមទាំង​ប្រតិបត្តិករ​ទូរគមនាគមន៍ ដោយ​ចុះ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​នីមួយៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឱ្យ​ប្រសើរ​។ ​ក្នុងនោះ​ក្រុមការងារ នឹង​សាងសង់​បង្គោល​អង់តែន​បន្ថែម ហើយ​ត្រូវមាន​ប្រតិបត្តិករ​ចំនួន​ ៣ ប្រើប្រាស់​រួមគ្នា​លើ​បង្គោល​មួយ​ដែលមាន​ទម្រង់​ជាដើម​ឈើ​ប្រកប​ដោយ​សោភណភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សន្យាថា​នឹង​ត្រឡប់មក​ទីតាំង​ដដែល​នេះ​វិញ​ក្នុង​រយៈពេល​ ៣ ​ខែក្រោយ​ ដើម្បី​ពិនិត្យមើល​គុណភាព​សេវា​អ៊ីនធឺណិត​ និង​សេវា​ទូរស័ព្ទ​ទាំងអស់​ហើយ​ប្រសិនបើ​ពុំមាន​ការកែលម្អ​គុណភាព​សេវា​ទាំងអស់នេះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។

ពលរដ្ឋ​ម្នាក់​នៅក្នុង​បុរី​ប៉េងហួត បឹងស្នោ លោក សុធារ៉ា អាយុ ៣៥ ​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​បានមក​រស់នៅ​ទីនោះ​តាំងពី​ឆ្នាំ​ ២០១៨ ​មក បានឱ្យដឹងថា បច្ចុប្បន្ន​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ ២ ​ខ្សែ cellcard និង smart ក៏ប៉ុន្តែ​សេវា​បច្ចុប្បន្ន​មាន​​ភាពរអាក់រអួល​។

លោក​បន្តថា​៖ «​សេវា​ និង​អ៊ីនធឺណិត​​ទូរស័ព្ទ​នៅ​តំបន់​នេះ កាលពីមុន​ដំណើរការ​បាន​គួរសម តែ​ក្រោយមក​បែរជា​រអាក់រអួល និង​មិន​ដំណើរការ​ក្រោយ​ពលរដ្ឋ​កាន់តែច្រើន​ផ្លាស់​មក​រស់នៅ​តំបន់​នេះ​»​។

លោក​បន្តទៀតថា ដោយសារ​បញ្ហា​សេវា​ទូរស័ព្ទ​មិនសូវ​ល្អ មាន​ម្ចាស់ផ្ទះ​មួយចំនួន ប្រើប្រាស់​ប្រព័ន្ធ​ស្រូប​ទាញ​​សេវា​ទូរស័ព្ទ​ដែល​ធ្វើឱ្យ​អ្នក​មិនមាន​ប្រើ​ឧបករណ៍​នេះ​ប្រើ រឹតតែ​ជួប​ការលំបាក​ហើយ​តម្រូវឱ្យ​ភ្ជាប់​សេវា wifi​។

លោក​បានឱ្យដឹង​ដែរ​ថា ម្យ៉ាងទៀត​ទីតាំង​ដែល​លោក​រស់នៅ​មាន​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ ដែល​កំពុងផ្តល់​សេវា​ផ្តាច់មុខ ហើយ​មានតម្លៃ​ថ្លៃ បើ​ធៀប​នឹង​ក្រុមហ៊ុន​អ៊ីនធឺណិត​ដទៃទៀត ដែល​ធ្វើឱ្យ​ការចំណាយ​កាន់តែច្រើន​។

ក៏ប៉ុន្តែ​លោក​ថា ក្រោយ​ទទួលបាន​ដំណឹង​ពី​ការដំឡើង​អង់តែន​សេវាទូរស័ព្ទ​បន្ថែម​ ឬ​ការពង្រឹង​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​ក្នុង​បុរី លោក​ពិតជា​សប្បាយចិត្ត ប៉ុន្តែ​ក៏​មិនមាន​ជឿថា​វា​នឹង​ប្រសើរឡើង​ ១០០% ​នោះទេ​។

មិន​ខុសពី​អ្នករស់នៅ​បុរី​ប៉េងហួត​បឹងស្នោ​ប៉ុន្មាន​ទេ លោក ខេមរិន ដែល​រស់នៅ​បុរី​ពិភពថ្មី​កួរស្រូវ​២ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ ទាក់ទង​សេវា​ទូរស័ព្ទ​ក្នុង​​បុរី​។ លោក​ថា​៖ «​ស្ទើរ​គ្រប់​សេវា​ទូរស័ព្ទ​គឺ​ខ្សោយ​ទាំងអស់ បើ​តេ​ចូល​បាន ចេញ​បាន ប៉ុន្តែ​ថ្ងៃ​ខ្លះ​អត់​មាន​សេវា​ទេ រីឯ​​អ៊ីនធឺណិត​វិញ ប្រើ​អត់​បានទេ នៅ​នេះ​បើ​អ្នកមាន​លុយ​គេ​ភ្ជាប់ Wifi ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ភ្ជាប់​ទេ អ៊ីចឹង​ជួប​ការលំបាក​ខ្លះ ហើយ​អ្វីដែល​កាន់តែ​លំបាក​ទៀត​នោះ​នៅពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ខ្លាំង ខាង​ក្រុមហ៊ុន​គេ​តម្រូវឱ្យ​ធ្វើការ​​ពី​ផ្ទះ ដូច្នេះ​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ហាង​កាហ្វេ​​ក្បែរ​ផ្ទះ​ក្នុង​បុរី​ទើប​មាន wifi ប្រើ​»​។

អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​លោក លីវ សុផាណារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា មូលហេតុ​ដែល​ក្នុង​បុរី​ពុំ​សូវ​មាន​សេវា ដោយសារ​មាន​កត្តា​មួយចំនួន និង​​ផ្អែក​តាម​ទីតាំង​បុរី​នីមួយៗ​។

លោក​ថា​៖ ​«​ដោយសារ​បុរី​មួយចំនួន​ឱ្យ​សិទ្ធិផ្តាច់មុខ​ទៅ​ក្រុមហ៊ុន​អ៊ីនធឺណិត​ណាមួយ​ផ្គត់ផ្គង់​ក្នុង​បុរី​នោះ អ៊ីចឹង​​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​ពុំ​សូវ​​មាន​ជម្រើស​ច្រើន​ក៏​ដូចគ្នានេះដែរ ក្រុមហ៊ុន​ទូរស័ព្ទ​ខ្លះ​មិនអាច​រៀបចំ​ឱ្យមាន​បង្គោល​អង់តែន​នៅក្នុង​ទីតាំង​បុរី​បានទេ​មានតែ​ដំឡើង​នៅ​ជិតៗ​នោះ​ដែល​ធ្វើឱ្យ​គាត់​មិនអាច​ផ្តល់​សេវា​ទូរស័ព្ទ មិន​​មាន​គុណភាព​»​។

យ៉ាងណា​ក៏ដោយ លោក​ថា ដើម្បី​​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​បុរី បច្ចុប្បន្ន​ក្រុមការងារ​​ជំនាញ​នៃ​ក្រសួង​ប្រៃសណីយ៍​កំពុង​​រៀបចំ​ និង​បំពាក់​ឧបករណ៍​វាស់​ស្ទង់​គុណភាព​សេវា នៅតាម​បុរី​ក្នុង​រាជធានីភ្នំពេញ​តាម​ដំណាក់កាល​ ដើម្បី​លើកកម្ពស់​គុណភាព​សេវា​ទូរគមនាគមន៍​៕

វីដេអូ៖