កំពតៈ ប្រជាពលរដ្ឋ​ក្រុម​សាមគ្គី​ផលិត​អំបិល​នៅ​មណ្ឌល​បឹងទូក ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹងទូក ស្រុក​ទឹកឈូ ខេត្តកំពត​ចំនួន​ ៦ ​ក្រុម បានដាក់​លិខិត​ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ខេត្តកំពត​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដល់​ក្រុម​ខ្លួន​ចំនួន​ ២៤ ​ហិកតា​។

តាម​លិខិត​របស់​ប្រជាពលរដ្ឋ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ ២១ ​នាក់ ផ្តិតមេដៃ​ធ្វើលិខិត​ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ខេត្តកំពត​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ឱ្យ​ក្រុមសាមគ្គី​ផលិត​អំបិល​នៅ​មណ្ឌល​បឹងទូក​ក្នុង​ឃុំ​បឹងទូក ស្រុក​ទឹកឈូ ខេត្តកំពត​ចំនួន​ ៦ ​ក្រុម មាន​ផ្ទៃដី​ ២៤ ​ហិកតា ស្របតាម សជណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

ក្នុង​លិខិត​សរសេរថា​ «​មាន​​តែ​សម្តេច​ទេ ដែល​អាច​រក​យុត្តិធម៌ សម្រាប់​ក្រុមសាមគ្គី​ផលិត​អំបិល​បាន​និង​ធានា​ឱ្យបាន​នូវ​​ការគោរព​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​លិខិត​លេ​ខៈ ១៤៣២ ស.ជ.ណ ចុះ​ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០០៦ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លិខិត​បទដ្ឋាន​ផ្សេងៗ​របស់​ក្រសួង​ពាក់ព័ន្ធ​ និង​មិនឱ្យ​ជនខិលខូច​មានអំណាច​ហ៊ាន​ប្រើ​ឥទ្ធិពល​រំលោភ​​បំពាន​យក​ដី ស.ជ.ណ ដោយ​មិន​ខ្លាចញញើត​ច្បាប់​បាន​»​។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​លេខ ១៤៣២ សជណ ចុះ​ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០០៦ សម្រេច​ប្រគល់​សិទ្ធិ​ជូន​ប្រជាជន​ក្រុមសាមគ្គី​ផលិត​អំបិល​ចំនួន​ ៧១ ​ក្រុម ក្នុងនោះ​មណ្ឌល​បឹងទូក​ចំនួន​ ៦ ​ក្រុម​ទទួលបាន​មួយក្រុម​ ៤ ​ហិកតា សរុប​ទាំងអស់ ២៤ ​ហិកតា​។

នៅ​ឆ្នាំ ២០០៧ មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​កំពត បាន​ចុះ​វាស់វែង និង​ចេញ​ប្លង់​បង្ហាញ​ទីតាំង និង​ទំហំ​ដី​ឱ្យ​ក្រុមសាមគ្គី​ផលិត​អំបិល​មណ្ឌល​បឹងទូក ប៉ុន្តែ​ពេល​ក្រុមការងារ​របស់​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ចុះ​វាស់វែង​នោះ ស្របពេល​ដែលមាន​ទឹកជោរ​ឡើង​ខ្លាំង​ធ្វើឱ្យ​ក្រុមការងារ​ពិបាក​ដើរ​លុយ​ទឹក និង​មិនអាច​ចុះ​​ទៅ​វាស់​ដល់​ព្រំ​ខាងចុង​ដី​ជាប់​សមុទ្រ ដូច្នេះ​ទំហំ​ដី​ក្នុង​ប្លង់​បង្ហាញ​ទីតាំង​ដី​បាន​ត្រឹម​ ២២,០៩ ​ហិកតា ដែល​ផ្ទៃដី​នេះ​ខុសពី​ផ្ទៃដី​តាម សជណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បានប្រគល់​មកឱ្យ​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​បញ្ជាក់ថា​៖ «​ពេល​​នោះ​ក្រុមការងារ​បានបញ្ជាក់​ថា មិនបាច់​វាស់​ដល់​ចំណុច​ព្រំ​ខាងចុង​ជាប់​សមុទ្រ​ទេ ព្រោះ​ដី​នោះ​ជា​ដី​ដែល​ក្រុមសាមគ្គី​បាន​កាន់កាប់​ និង​ជា​ផ្លូវទឹក​សម្រាប់​បង្ហូរ​​ទឹកសមុទ្រ​ចូល​ស្រែអំបិល ម្យ៉ាង​ដី​នេះ រដ្ឋាភិបាល​បានប្រគល់​ឱ្យ​​ក្រុមសាមគ្គី​ហើយ មិនមាន​អ្នក​​ណា​មាន​សិទ្ធិ​យក​នោះទេ​»​។

យ៉ាងណាក្ដី ស្រាប់តែ​នៅ​ឆ្នាំ​ ២០២០ មាន​បុគ្គល​ឈ្មោះ គង់ សំណាង និង​បក្ខពួក​ដែលមាន​អំណាច​ និង​ឥទ្ធិពល​បាន​យក​​សាឡង់​មក​បូមខ្សាច់​លុប​អាង​ស្តុក​ទឹក​សម្រាប់​ផលិត​អំបិល​របស់​ក្រុមសាមគ្គី​ដែល​កំពុង​ធ្វើ​រាល់ថ្ងៃ ក្នុង​គោលបំណង​បំពាន​យក​ដែល​ធ្វើឱ្យមាន​ការរាំងស្ទះ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការផលិត​អំបិល​យ៉ាងខ្លាំង ព្រោះ​គ្មាន​ទឹកសមុទ្រ​យកមក​ផលិត​អំបិល​។ ការ​បូម​នោះបាន​បិទ​ និង​លុប​អាង​ស្តុក​ទឹក ទោះបីជា​ក្រុមសាមគ្គី​បាន​ទៅ​ឃាត់ និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ក៏​ឈ្មោះ គង់ សំណាង និង​បក្ខពួក​មិន​ព្រម​ឈប់​។

ក្រុម​ពលរដ្ឋ​បានឱ្យដឹង​ទៀត​​ថា ក្រោយពី​បានស្នើ​សុំ​អន្តរាគមន៍​ជា​បន្តបន្ទាប់ តាំងពី​មន្ទីរ រហូតដល់​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ទីបំផុត​ក្រសួង​បាន​វាស់វែង​បំពេញបន្ថែម​ទំហំ​ដី​គ្រប់​ចំនួន​ ២៤ ​ហិកតា ស្របតាម សជណ ចុះ​ថ្ងៃទី​ ៨ ខែកញ្ញា ឆ្នាំ​ ២០០៦ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ បន្ទាប់ពី​ទទួលបាន​ប្លង់​បង្ហាញ​ទីតាំង​ទំហំ​ដី​ ២៤ ​ហិកតា ក្រុមសាមគ្គី បានស្នើ​សុំ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ស្របតាម​នីតិវិធី ប៉ុន្តែ​ត្រូវបាន​ឈ្មោះ គង់ ម៉ាល័យ ដែលជា​កូនស្រី គង់ សំណាង និង​បក្ខពួក​ប្តឹង​ជំទាស់​ចំពោះ​ការស្នើសុំ​នេះ​ដោយ​ប្រឆាំង​នឹងមិន​គោរព សជណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

ក្រុម​ពលរដ្ឋ​បញ្ជាក់ទៀត​ថា​៖ «​ចំពោះ​រឿងនេះ ក្រសួង​ឧស្សាហកម្ម​បាន​ចេញ​លិខិត​ចុះ​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ​ទៅ​​សាលាខេត្ត​កំពត សំណើសុំ​ផ្តល់​​បណ្ណ​កម្មសិទ្ធិ​ម្ចាស់​អចលនវត្ថុ​ជូន​ក្រុមសាមគ្គី​ផលិត​អំបិល​យើងខ្ញុំ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ចំណាត់ការ​ពី​ខេត្តកំពត​នៅឡើយ​»​។

ជា​ការឆ្លើយតប​ក្នុង​រឿងនេះ លោក អ៊ឹង ឆាយ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពត​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ​ថា យន្តការ​ក្នុង​រដ្ឋបាលខេត្ត​លោក​មិនទាន់​ដឹង​ព័ត៌មាន​ថា ដំណើរការ​យ៉ាងណាទេ ប៉ុន្តែ​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​លោក​នឹង​ស្នើសុំ​គោលការណ៍​ពី​អភិបាល​ខេត្ត​ក្នុង​ការជំរុញ​កិច្ចការងារ​នេះ​ធ្វើយ៉ាងណា​ឱ្យស្រប​តាម​នីតិវិធី​ច្បាប់​។

លោកស្រី មូល សុខុម មេឃុំ​បឹងទូក ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ​ថា ពលរដ្ឋ​ពិតជា​បាន​ផលិត​អំបិល​នៅ​ទីតាំង​នោះ​មែន ហើយ​​កន្លងមក​ពិតជា​មាន​អ្នក​ទៅ​​បូម​ខ្សាច់​បិទ​មិនឱ្យ​ពលរដ្ឋ​យក​ទឹកសមុទ្រ​ទៅ​ផលិត​អំបិល​បាន​ពិតមែន ប៉ុន្តែ​ករណីនេះ​បាន​ដោះស្រាយ​រួចហើយ ពោលគឺ​អ្នក​បូម​ខ្សាច់​ចាក់​លុប​បិទផ្លូវ​ទឹក​នោះបាន​បញ្ឈប់​សកម្មភាព​ហើយ ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី​នៅមាន​ការប្តឹង​គ្នា​ទៀត​៕