ភ្នំពេញៈ យ៉ាងហោចណាស់​មាន​សប្បុរសជន​ប្រមាណ​ជាង​ ១ ​ពាន់​នាក់​បាន​ចូលរួម​បរិច្ចាគ​សាច់ប្រាក់​សរុប​ជាង​ ៣ ​ពាន់​ដុល្លារ ទៅក្នុង​យុទ្ធនាការ​ «១ ​ដុល្លារ​ដើម្បី​ស្នាមញញឹម​ដំរី​» ដែល​បង្កើតឡើង​កាលពីដើម​ខែធ្នូ ដោយ​ក្រុមនិស្សិត​មួយក្រុម​ក្នុង​គោលបំណង​ប្រមូល​ថវិកា​សម្រាប់​ជួយ​ជីវភាព​ខ្វះខាត​របស់​អ្នកភូមិ និង​សត្វដំរី​នៅ​តំបន់ភ្នំ​គូលែន ក្រោយពី​បាត់​ចំណូល​ដោយ​គ្មាន​ភ្ញៀវទេសចរ​ទៅដល់​តំបន់​នោះ ព្រោះ​ស្ថានភាព​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

កាលពីដើម​ខែធ្នូ មាន​និស្សិត ១ ក្រុម​បាន​បង្កើត​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះថា​៖ «១ ​ដុល្លារ ដើម្បី​ស្នាម​ញញឹម​ដំរី​» ជា​យុទ្ធនាការ​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ក្នុង​រយៈពេល ១ ខែ ដើម្បី​ជួយ​អភិរក្ស​សត្វ​ដំរី​នៅ​តំបន់​ជើងភ្នំ​គូលែន និង​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​អ្នកភូមិ​ក្នុង​តំបន់​នោះ បន្ទាប់ពី​ពួកគេ​រង​ផលប៉ះពាល់​ដោយសារ​គ្មាន​ភ្ញៀវទេសចរ​ចូល​ទស្សនា​។

តំបន់​អភិរក្ស​សត្វ​ដំរី​នៅ​ជើងភ្នំ​គូលែន មាន​ទីតាំងនៅ​ភូមិ​បុស្សធំ ឃុំ​ខ្នារពោធិ៍ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ត្រូវបាន​បង្កើតឡើង​កាលពី​ចុងឆ្នាំ ២០១៩ ដោយ​ប្រមូល​សត្វ​ដំរី​ចំនួន ១៣ ​ក្បាល​ពី​ប្រជាសហគមន៍​ដែល​ប្រកបរបរ​ដឹក​ភ្ញៀវ​ទស្សនា​កម្សាន្ត​តាម​តំបន់​អង្គរ​យកមក​រក្សាទុក​ក្នុង​តំបន់​នេះ​។

យុវជន សាមរ៉ុង ហុកស្រ៊ុន ប្រធាន​ក្រុម​អ្នក​ផ្តួចផ្តើម​ក្នុង​ចំណោម​និស្សិត​ចំនួន ៧ ​នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៧ ធ្នូ​ថា យុទ្ធនាការ ១ ​ដុល្លារ​ ដើម្បី​ស្នាមញញឹម​ដំរី​នឹងត្រូវ​បញ្ចប់​នៅ​ដើមខែ​មករា ហើយ​ថវិកា​ដែល​ប្រមូលបាន​ទាំងអស់​នឹង​ប្រមូល​យកទៅ​ប្រគល់ជូន​ដល់​អ្នក​អភិរក្ស​សត្វ​ដំរី​នៅ​ជើងភ្នំ​គូលែន​ដោយផ្ទាល់ នៅ​ថ្ងៃទី​ ១៩ មករា​។

លោក​បាន​បញ្ជាក់ថា ចាប់តាំងពី​យុទ្ធនាការ​នេះ​ត្រូវបាន​ប្រកាសឡើង​រហូត​មកដល់​បច្ចុប្បន្ន​គឺមាន​អ្នកចូលរួម​ឧបត្ថម្ភ​ថវិកា​ជាង ១ ០០០ ​នាក់ ដែល​ប្រមូលបាន​ប្រមាណ​ជាង ៣ ០០០ ដុល្លារ ហើយ​យុវជន​រូបនេះ​រំពឹងថា​ក្នុង​ពេល​ខាងមុខ​នឹងមាន​អ្នកចូលរួម​បន្ថែមទៀត​ ដើម្បី​ជួយ​ដល់​សត្វ​ដំរី​នៅ​កម្ពុជា​។

លោក ហុកស្រ៊ុន បាន​បញ្ជាក់ថា​៖ «​យុទ្ធនាការ ១ ​ដុល្លារ ដើម្បី​ស្នាមញញឹម​ដំរី គឺជា​យុទ្ធនាការ​មួយ​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមនិស្សិត​បន្ទាប់​មើលឃើញ​ពី​ផលប៉ះពាល់ និង​ការខ្វះខាត​របស់​ក្រុម​អ្នក​អភិរក្ស​សត្វដំរី​ក្នុង​ខេត្តសៀមរាប​ ជាពិសេស​បញ្ហា​ប្រឈម​នឹង​ការខ្វះខាត​ស្បៀង​សម្រាប់​សត្វ​ដំរី​។ យើង​គិតថា​ថវិកា​ដែល​ប្រមូលបាន​នេះ​គឺជា​ចំណែក​មួយ​ជួយ​ដល់​សត្វ​ដំរី​»​។

លោក ពីយ៉ូត ដាវីតហ្យាយ៉ា សហស្ថាបនិក​តំបន់​អភិរក្ស​សត្វ​ដំរី​នៅ​ជើងភ្នំ​គូលែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលដៅ​នៃ​ការប្រមូល​សត្វ​ដំរី​ទាំងនោះ​ក្នុង​គោលបំណង​ ដើម្បី​កាត់បន្ថយ​ការធ្វើ​អំពើ​ឃោរឃៅ​លើ​សត្វ​ដំរី និង​ផ្តល់ឱ្យ​ពួកគេ​មាន​សេរីភាព និង​ការរស់នៅ​ជាមួយនឹង​ធម្មជាតិ​វិញ​។

លោក​អះអាងថា ក្រោយ​គម្រោង​ដំណើរការ ស្ថានភាព​នៃ​ការផ្ទុះ​កូវីដ ១៩ ក៏បាន​ផ្ទុះឡើង ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ស្ថិរភាព និង​ការរស់នៅ​របស់​ប្រជាសហគមន៍ និង​ការរស់នៅ​របស់​សត្វ​ដំរី ព្រោះតែ​ចំណូល​ដែល​រំពឹង​ពី​ភ្ញៀវទេសចរ​ចូល​មើល​កម្សាន្ត​ក្នុង​តំបន់​អភិរក្ស ត្រូវបាន​បាត់បង់​ជា​បណ្តើរៗ​។

លោក​បញ្ជាក់ថា សត្វ​ដំរី​ក្នុង​តំបន់​អភិរក្ស​ត្រូវ​ស៊ី​ចំណី យ៉ាងហោចណាស់​ប្រមាណ​ជា ២០០ ទៅ ៣០០ ​គីឡូ ក្នុង ១ ​ថ្ងៃៗ ដោយ​ត្រូវ​ចំណាយ​ថវិកា​ផ្គត់ផ្គង់​ដំរី​ចំនួន ១៣ ​ក្បាល​។

លោក​ ពីយ៉ូត ដាវីតហ្យាយ៉ា បាន​ថ្លែង​ដោយ បង្ហាញ​ក្តីសង្ឃឹម​ថា ការបង្កើត​ជា​យុទ្ធនាការ​របស់​ក្រុមនិស្សិត​ក្នុង​ពេលនេះ គឺជា​ផ្នែក​មួយ ដើម្បី​ចូលរួម​ជួយ​ដល់​សត្វ​ដំរី​ក្នុង​ប្រទេស​កម្ពុជា​៕