ភ្នំពេញៈ ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ថ្ងៃទី​ ១ នៅ​ថ្ងៃទី​ ២៧ ​ធ្នូ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិនប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ បើទោះបី​ជាមាន​បេក្ខជន​ ២ ​រូប ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ត្រូវបាន​ដាក់ឱ្យ​ប្រឡង​ដាច់ដោយឡែក និង​បេក្ខជន​ចំនួន ​៤ ១៩៨ ​នាក់​បាន​អវត្តមាន​ពី​ការប្រឡង​ក៏ដោយ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​អប់រំ​បញ្ជាក់ថា ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​ ១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​ ២៧ ធ្នូ ឆ្នាំ​ ២០២១ ដែលមាន ២ ​មុខវិជ្ជា​គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​ (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ផែនដី​ និង​បរិស្ថានវិទ្យា​ និង​ប្រវត្តិវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​) បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ​មិនមាន​បាតុភាព​មិនប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់​ឡើយ​។

ក្រសួង​បញ្ជាក់ថា​៖ «​បេក្ខជន​ប្រឡង​ឆ្នាំនេះ​មាន​ចំនួន ១១៤ ១៨៣ ​នាក់​ស្រី ៦០ ៣៩៧ ​នាក់ មាន ២០៤ ​មណ្ឌល និង​ ៤ ៦១៦ បន្ទប់​។ ចំនួន​បេក្ខជន​អវត្តមាន​ពេលព្រឹក​ចំនួន ៤ ១៩៨ នាក់ (​ស្រី ១ ៧៩២ ​នាក់​) ត្រូវជា​ភាគរយ ៣,៦៨ %»​។

បើតាម​ក្រសួង​អប់រំ​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ មាន​ដំណើរការ​ល្អ​ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ អនុវត្តតាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ ស្ដីពី​វិធានការ​សុខភាព និង​សុវត្ថិភាព ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់ ពី​គណៈមេប្រយោគ គណៈអប្បមាទ ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយមាន​ការចូលរួម​សហការ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

ក្រសួង​បញ្ជាក់ថា ពុំមាន​បេក្ខជន​ណា​រំលោភ​បទប្បញ្ញត្តិ​នៃ​ការប្រឡង គ្មាន​ការយក​សំណៅ​ឯកសារ​ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង​ឡើយ​។ បេក្ខជន​ទាំងអស់​បាន​អនុវត្ត​យ៉ាង​ល្អ​ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។

ដោយឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ចំនួន ២៥ ករណី​ក្នុងនោះ​បេក្ខជន​មាន​ជំងឺ​កូវីដ​ ១៩ ដែលជា​កីឡាការិនី​ចំនួន​ ២ នាក់ បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា​ដែល​ត្រូវ​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់​ដោយឡែក​ចំនួន ៧ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដទៃទៀត​ចំនួន ១៦ នាក់​។ បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ទាំងអស់ និង​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​អាច​បន្ត​ការប្រឡង​ក្រោម​ការសហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

រដ្ឋមន្ដ្រីក្រសួង​អប់រំ លោក​ ហង់ជួន ណារ៉ុន ក្នុងពេល​ធ្វើជា​អធិបតី បើក​ហឹប​វិញ្ញាសា​នៅតាម​បន្ទប់​ប្រឡង​សម្រាប់​ព្រឹក​ថ្ងៃទី​ ១ នៃ​ដំណើរការ​សំណេរ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ២៧ ​ធ្នូ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ថ្លែងថា ដោយសារ​តែ​ការគ្រប់គ្រង​ជំងឺ​កូវីដ-១៩​បានល្អ​ក្រោម​ការដឹកនាំ​របស់លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​បាន​ផ្ដល់​អាទិភាព​ដល់​គ្រូបង្រៀន​បាន​ចាក់​វ៉ាក់សាំង​ស្ទើរតែ​ ១០០ ភាគរយ និង​សិស្សានុសិស្ស​មាន​អាយុ​ចន្លោះ​ពី​ ៥ ​ឆ្នាំ រហូតដល់​ ១៨ ឆ្នាំ ក៏បាន​ចាក់​វ៉ាក់សាំង​ ១០០ ​ភាគរយ​ដែរ លើកលែង​អ្នកមាន​ជំងឺ​ប្រចាំកាយ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​ជាការ​ព្រួយបារម្ភ​ដំបូង​របស់​ក្រសួង គឺ​ជំងឺ​កូវីដ​ ១៩ ក៏ប៉ុន្ដែ​យើង​ឃើញថា នាពេល​បច្ចុប្បន្ននេះ​គឺ​ដោយសារ​យើង​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បាន ដូច្នេះ​ការដំណើរការ​ការប្រឡង​នេះ គឺ​ដំណើរការ​ដូច​ប្រក្រតី ស្ទើរតែ​ដូច​កាលពី​ពេលមុន​មាន​ជំងឺ​កូវីដ​ ១៩»​។ ក៏ប៉ុន្ដែ​ក្រសួង​នៅតែ​តម្រូវឱ្យ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ត្រូវគោរព​តាម​បទដ្ឋាន​របស់​ក្រសួង​សុខាភិបាល​ និង​បទប្បញ្ញត្ដិ​ដែល​ក្រសួង​អប់រំ​បានដាក់​ចេញ​ពិសេស​គឺ​វិធានការ ដែល​លោកនាយក​រដ្ឋមន្ត្រី​ដាក់ចេញ​គឺ​ ៣ ​កុំ​ ៣ ​ការពារ​។

លោក​ថា​៖ «​យើង​ឃើញថា ដំណើរការ​ប្រឡង​មាន​ដំណើរការ​ល្អ​ដូច​ប្រក្រតី ដោយ​សិស្ស​មុន​ចូល​បន្ទប់​ប្រឡង​មាន​ការវាស់​កម្ដៅ ហើយ​មើលទៅ​មិនមាន​សញ្ញា​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ ក៏ប៉ុន្ដែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន មានន័យថា ក្រសួង​បាន​ចាត់ចែង​ឱ្យ​ចែក​ម៉ាស់​នៅតាម​មណ្ឌល​ឱ្យ​សិស្ស​ក៏ដូចជា​បុគ្គលិក​អប់រំ​ត្រូវតែ​ពាក់​ម៉ាស់​»​។

បើតាម​លោក​ ហង់ជួន ណារ៉ុន ដោយ​អនុវត្ដ​តាម​អនុសាសន៍​របស់លោក ហ៊ុន សែន ក្រសួង​អប់រំ​បាន​អនុញ្ញាតឱ្យ​កីឡាករ ២ រូប ដែលមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ប្រឡង​បាក់ឌុប​ថ្ងៃ ២៧-២៨ ធ្នូ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ហើយ​បើ​មាន​បេក្ខជន​ផ្សេងទៀត​មាន​វិជ្ជមាន​កូវីដ​ ១៩ ​ដែរនោះ ក្រសួង​នឹង​រៀបចំ​លក្ខខណ្ឌ​ពិសេស​សម្រាប់​ឱ្យ​បេក្ខជន​ប្រឡង​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ថ្លឹងថ្លែង​រវាង​ការការពារ​ និង​អនាគត​របស់​សិស្ស​។ អ៊ីចឹង​បើសិន​ឱ្យ​អ្នកមាន​ជំងឺ​កូវីដ​ ១៩ ចូលមក​ប្រឡង​នឹង​គេឯង​ដែរ អាច​ធ្វើឱ្យ​មាន​ការភ័យខ្លាច​។ ឧទាហរណ៍​ថា​យើង​កំពុងតែ​ធ្វើ​លំហាត់​ស្រាប់តែ​ភ័យ​ភ្លេច​មេរៀន​អស់​។ អ៊ីចឹង​ការ​ភ័យខ្លាច​នេះ រឿង​ឈឺ​នេះ​ធ្វើឱ្យ​យើង​ភ្លេច​ហើយ ក៏​ធ្វើឱ្យ​គ្រូ​ និង​អនុរក្ស​គាត់​ភ័យខ្លាច​ដែរ មិនអាច​ធ្វើការ​បាន​ពេញដៃពេញជើង​ទេ​»​។

លោក​បន្តថា​៖ «​ដូច្នេះហើយ​បានជា​យើង​ត្រូវ​ប្រយ័ត្ន​។ ក៏ប៉ុន្ដែ​កត្ដា​មួយ​ទៀតថា គាត់​ឈឺ​ហើយ មិនមែន​គាត់​ចង់​ឈឺ​ទេ អ៊ីចឹង​បើ​យើង​ដាក់បន្ទុក​មួយទៀត​ឈឺ​ហើយ​ធ្លាក់​ទៀត អ៊ីចឹង​បន្ទុក​វា ២ ដង​ហើយ​។ ដូច្នេះ​បានជា​សម្ដេចនាយក​រដ្ឋមន្ដ្រី​លោក​ក៏បាន​ដាក់​បន្ថែម​ជា​បញ្ជា​មួយ​ទៀតថា អនុញ្ញាត​ឱ្យ​ប្រឡង ប៉ុន្ដែ​ត្រូវ​រក​កន្លែង​សមស្រប​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បញ្ជាក់​ថា បេក្ខជន​ប្រឡង​បាក់ឌុប​ចំនួន ២ ​រូប ជា​កីឡាករ​ការ៉ាត់តេដូ ដែល​រដ្ឋាភិបាល​បាន​បញ្ជូនទៅ​ប្រកួត​នៅ​ប្រទេស​កាហ្សាក់ស្តង់ ហើយ​ទើប​ត្រឡប់​មកដល់​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩​។ «​យោងតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្រសួង​អប់រំ អនុញ្ញាត​ឱ្យ​កីឡាករ​ ២ ​រូបនេះ ប្រឡង​បាក់ឌុប​ថ្ងៃ ២៧-២៨ ធ្នូ នៅ​មណ្ឌល​ព្យាបាល​កូវីដ​ ១៩ មួយកន្លែង​ក្រោម​ការរៀបចំ​ដោយ​ក្រសួង​អប់រំ​ក្រសួង​សុខាភិបាល និង​គ្រប់ភាគី​ពាក់ព័ន្ធ​»​។ ចំពោះ​អវត្ដមាន​របស់​បេក្ខជន ជាង ៤ ​ពាន់​នាក់ លោក​ សុវាចា ថ្លែងថា គឺ​ដោយសារ​មូលហេតុ​បុគ្គល ដែល​តាម​យន្តការ​បច្ចេកទេស​កន្លង​មក ចំពោះ​បេក្ខជន​អវត្តមាន​ដោយ​មូលហេតុ​បុគ្គល ចាប់ពី​ ១ ​វិញ្ញាសា​ឡើងទៅ គឺ​ត្រូវ​កំណត់​ឱ្យ​ធ្លាក់ ជា​ស្វ័យប្រវត្តិ​។

យុវជន ហេង ភារម្យ បេក្ខជន​ដែល​កំពុង​ប្រឡង​បាក់ឌុប​នៅ​មណ្ឌល​ប្រឡង វិទ្យាល័យ​បាក់ទូក​ឱ្យដឹងថា ដំណើរការ​ប្រឡង​នា​ព្រឹក​ថ្ងៃ​ដំបូង​គឺ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ និង​ជីវវិទ្យា​ (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ដែល​មុខវិជ្ជា​នេះ​រូបគេ​ធ្វើ​សំណេរ​រួច​បាន​ច្រើន​។ បេក្ខជន​រូបនេះ​ថា​៖ «​ស្ថានភាព​នៅក្នុង​បន្ទប់​ប្រឡង​មិនមាន​សិស្ស​មាន​បញ្ហា​អ្វី​ទេ​។ មុខវិជ្ជា​ប្រវត្តិវិទ្យា​ខ្ញុំ​សរសេរ​បាន​ច្រើន​ដោយ​សំណួរ​លើ​វិញ្ញាសា​នេះ សួរ​ទាក់ទង​នឹង​ការរំដោះ​កម្ពុជា​ចេញ​ពី​របប​ខ្មែរក្រហម ប៉ុល ពត និង​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេចបាន​នាពេល​កន្លងមកនេះ​»​។

យុវជន ១ ​រូប​ទៀត ឈ្មោះ ផា បញ្ញាស័ក្ត បេក្ខជន​សិស្ស​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម ប្រឡង​នៅ​មណ្ឌល​ប្រឡង​អនុវិទ្យាល័យ​ ហ៊ុន សែន ​ខ្ពបវែង ក្នុង​ក្រុង​តាខ្មៅ បានឱ្យដឹងថា រូបគេ​ពេញចិត្ដ​លើ​វិញ្ញាសា​ប្រឡង​នា​ព្រឹក​ថ្ងៃ​ដំបូង​នេះ ដោយ​ដំណើរការ ប្រឡង​លើ​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា​។

បេក្ខជន​រូបនេះ​ថា​៖ «​សម្រាប់​ការប្រឡង​មាន​ភាព​ពិបាក​ផង និង​ងាយស្រួល​ផង​សិស្ស​អាចមាន​សមត្ថភាព​រៀងៗ​ខ្លួន​។ ចំពោះ​មុខវិជ្ជា​ប្រវត្តិវិទ្យា គ្រប់​សំណួរ​ទាំងអស់​គឺ​សុទ្ធតែ ១៥ ​ពិន្ទុ​ទាំងអស់ មិន​ថា​សំណួរ​ទី​ ១ ឬ​សំណួរ​ទី​ ៥ គឺ​ ១៥ ពិន្ទុ​ស្មើគ្នា​»៕